Cctimesw1140xh150cm copy

លោក ទី សុផាន់ណា៖ គ្រូបង្រៀនជានិរន្តរបស់ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា

សង្គម
/
អ្នកយកព័ត៌មាន:
អត្ថបទពាណិជ្ជកម្ម
/

លោក ទី សុផាន់ណា ដែលបុគ្គលិកនៅក្នុងក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ជាធម្មតាគេតែងតែហៅលោកថា ពូ ទី ជាបុគ្គលម្នាក់ដែលពោរពេញដោយចំណេះដឹង ការណែនាំ និងអ្នករាល់គ្នាតែងតែគោរព អស់រយៈពេលជិតបីទសវត្សរ៍មកហើយ ។ ចាប់តាំងពីការចាប់ផ្តើមរបស់លោកជាគ្រូបង្រៀននៅសាកលវិទ្យាល័យ រហូតដល់ក្លាយជាមូលដ្ឋានគ្រឹះនៃក្រុមហ៊ុន ការយកចិត្តទុកដាក់ និងប្តេជ្ញាចិត្តរបស់គាត់ចំពោះ ការបង្រៀន ភាពជាអ្នកដឹកនាំ និងការអភិវឌ្ឍធនធានមនុស្ស គឺជារឿងមួយដែលគួរចងចាំ។

លោក សុផាន់ណា បានរៀបរាប់អំពីដំណាលរឿងដ៏មានអត្ថន័យរបស់លោកនៅក្នុងវីដេអូពិសេសមួយដើម្បីរំឭកដល់ការចងចាំក្នុងដំណើរការងារនេះ។ សូមទស្សនាការចែករំលែករបស់ លោក សុផាន់ណា នៅលើទំព័រហ្វេសប៊ុក ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ទាំងអស់គ្នា។

លោក សុផាន់ណាបានដឹងពីចំណង់ចំណូលចិត្តរបស់លោកក្នុងឧស្សាហកម្មផលិតស្រាបៀរនេះ គឺពេលដែលលោកបានទៅសិក្សានៅវិទ្យាស្ថានឧត្តមសិក្សានៃឧស្សាហកម្មម្ហូប និងរសជាតិអាហារនៅប្រទេសប៊ុលហ្គារី ក្នុងមុខជំនាញបច្ចេកវិទ្យាមីក្រូជីវសាស្រ្ត និងផលិតផលភិណ្ខនកម្ម (Fermentation) ដោយផ្តោតលើការផលិតស្រាបៀរ និងភេសជ្ជៈគ្មានជាតិអាល់កុល។ នៅពេលបញ្ចប់ការសិក្សានៅឆ្នាំ ១៩៩២ លោកបានត្រឡប់មកប្រទេសកម្ពុជាវិញជាមួយនឹងការតាំងចិត្តដ៏មុតមាំមួយចំពោះការប្រើប្រាស់ជំនាញរបស់លោកដើម្បីបំផុសគំនិត និងអភិវឌ្ឍធនធានមនុស្សជំនាន់ក្រោយ និងរួមចំណែកក្នុងការអភិវឌ្ឍប្រទេសរបស់លោក។ ជាមួយនឹងការតាំងចិត្តនេះ លោកបានចាប់ផ្តើមដំបូងជាគ្រូបង្រៀន ផ្នែកកែច្នៃចំណីអាហារនៅវិទ្យាស្ថានឈានមុខគេមួយរបស់ប្រទេសកម្ពុជា នៅក្នុងមហាវិទ្យាល័យវិស្វកម្មគីមី និងចំណីអាហារ។

លោកបានរំឭកថា៖ «ខ្ញុំមិនត្រឹមតែចង់បង្រៀនជំនាញបច្ចេកទេសប៉ុណ្ណោះទេ តែខ្ញុំចង់ឲ្យសិស្សរបស់ខ្ញុំយល់ឃើញថាការផលិតស្រាបៀរជាសិល្បៈ និងជាវិទ្យាសាស្ត្រមួយដែលយើងអាចមានមោទនភាព និងភាពពេញចិត្ត ពេលដែលយើងបានផលិតនូវស្រាបៀរដែលមានគុណភាពខ្ពស់»។

នៅឆ្នាំ ១៩៩៦ លោកសុផាន់ណាបានផ្លាស់ប្តូរពីវិស័យអប់រំទៅក្នុងវិស័យឧស្សាហកម្មវិញ ដោយបានចូលរួមជាមួយក្រុមហ៊ុន Cambodia Brewery Limited (CBL) ដែលបច្ចុប្បន្នជា ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា។ ការផ្លាស់ប្តូរនេះគឺជាការបោះជំហ៊ានមួយដែលជំរុញដោយចំណាប់អារម្មណ៍របស់លោកជាមួយនឹងដំណើរការនៃផលិតកម្មស្រាបៀរ ស្របនឹងជំនាញរបស់លោក។

ប៉ុន្តែការឈានជើងចូលការងារថ្មីរបស់លោកមិនមែនជារឿងងាយស្រួលនោះទេ ព្រោះលោកសុផាន់ណាពីមុនមានការស្ទាត់ជំនាញក្នុងការប្រើប្រាស់ភាសាខ្មែរ និងរុស្ស៊ី ដោយលោកមិនធ្លាប់បានរៀនភាសាអង់គ្លេសបានស៊ីជម្រៅនោះទេ ជាហេតុធ្វើឱ្យលោកប្រឈមមុខនឹងឧបសគ្គមួយធំ ដោយសារភាសាអង់គ្លេសជាភាសាចម្បងនៅក្នុងក្រុមហ៊ុន ហើយឯកសារបច្ចេកទេស និងការប្រាស្រ័យទាក់ទងជាមួយគ្រូបណ្តុះបណ្តាល និងអ្នកផ្គត់ផ្គង់ពីបរទេសក៏ត្រូវប្រើប្រាស់ភាសាអង់គ្លេសដែរ។ ទោះយ៉ាងណាក្តី លោកមិនបានងាករេ ហើយបានដោះស្រាយឧបសគ្គនេះដោយការតាំងចិត្តយ៉ាងមុតមាំ។

លោកបានរំឭកបន្តថា៖ «ខ្ញុំបានរៀបចំមេរៀនសំខាន់ៗជាភាសាខ្មែរដើម្បីធានាថា អ្នកគ្រប់គ្នាបានយល់ពីដំណើរការផលិត និងចេះប្រើប្រាស់ម៉ាស៊ីនបានត្រឹមត្រូវ។ ប៉ុន្តែខ្ញុំក៏បានដឹងដែរថាខ្ញុំត្រូវចេះភាសាអង់គ្លេសដើម្បីចាប់យក និងបញ្ចូលស្តង់ដាអន្តរជាតិ ទៅក្នុងរោងចក្របស់យើង»។

បីឆ្នាំនៃការតស៊ូក៏ត្រូវបានផ្តល់ជាផ្លែផ្កាសម្រាប់លោក។ លោក សុផាន់ណា មិនត្រឹមតែជម្នះឧបសគ្គភាសាប៉ុណ្ណោះទេ ថែមទាំងបានក្លាយជាតំណាងរបស់ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ដោយបានទៅទស្សនកិច្ចនៅរោងចក្រស្រាបៀរ ហ៊ិននីគែន ជាង ១០ កន្លែងជុំវិញពិភពលោកដែលមានដូចជានៅប្រទេសហូឡង់ បែលហ្សិក អៀរឡង់ សិង្ហបុរី ថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ចិន អេស្បាញ និងវៀតណាម។ បទពិសោធន៍ទាំងនេះបានពង្រឹងជំនាញរបស់លោក ហើយលោកបាននាំយកមកវិញដើម្បីអភិវឌ្ឍអ្នកផលិតស្រាបៀរជំនាន់ក្រោយដោយកំណត់នូវស្តង់ដារថ្មីសម្រាប់ភាពល្អអត់ខ្ចោះ។

បទពិសោធន៍ និងស្នាដៃរបស់លោកសុផាន់ណានៅក្នុងដំណើការអាជីវកម្មរបស់ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានផ្តល់ផ្លែផ្កាជាច្រើន។ អ្នកជំនាញផ្នែកផលិតស្រាបៀរនាពេលបច្ចុប្បន្នរបស់ក្រុមហ៊ុនជាច្រើនបានចាប់ផ្តើមដំណើរការងាររបស់ពួកគេក្រោមការណែនាំរបស់លោក ខ្លះជាសិស្សរបស់លោកពីកាលដែលលោកជាគ្រូបង្រៀនទៀតផង។ លោកបានចែករំលែកដោយមោទនភាពថា៖ «ការមើលឃើញពួកគេរីកចម្រើន ជោគជ័យ និងរួមចំណែកដល់ឧស្សាហកម្មនេះ វាជាមោទនភាពបំផុតនៃអាជីពរបស់ខ្ញុំ» ។

មិត្តរួមការងារទាំងអស់ហៅលោកថា ពូទី ជាពាក្យដែលឆ្លុះបញ្ចាំងពីការគោរព ភាពរម្យទម និងការទុកចិត្តចំពោះលោក។ គុណសម្បត្តិរបស់លោកទាំងនេះមិនបានត្រូវគេមើលរំលងឡើយ។ ក្នុងឆ្នាំ ២០០៣ គណៈគ្រប់គ្រងបានអញ្ជើញលោកឱ្យចូលរួមក្នុងនាយកដ្ឋានធនធានមនុស្សដែលលោកអាចបន្តនូវចំណង់ចំណូលចិត្តរបស់លោកសម្រាប់ការអភិវឌ្ឍធនធានមនុស្ស។ បន្ទាប់ពីលោកទទួលបានតួនាទីជាន់ខ្ពស់បន្តបន្ទាប់ ទីបំផុតលោកក៏ត្រូវបានតែងតាំងជានាយកផ្នែកធនធានមនុស្សដែលជាតួនាទីដែលគាត់បានកាន់រហូតដល់ចូលនិវត្តន៍នៅឆ្នាំ ២០១៨។ ការចូលនិវត្តន៍នេះមិនបានបង្ហាញពីការបញ្ចប់នៃការរួមចំណែករបស់លោកសុផាន់ណាចំពោះ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា នោះទេ លោកបានបន្តតួនាទីជាអ្នកគ្រប់គ្រង សុវត្ថិភាព សុខភាព និងបរិស្ថាន (SHE) ដែលជាតួនាទីមួយដែលស្របតាមការប្តេជ្ញាចិត្តយូរអង្វែងរបស់លោកចំពោះបុគ្គលិកទាំងអស់គ្នា។

ដំណើរការការងារបស់លោកសុផាន់ណាឈរជាសក្ខីភាពដ៏មានតម្លៃចំពោះការផ្លាស់ប្តូរវិជ្ជមាន និងរីកចម្រើនរបស់បុគ្គលម្នាក់។ ពីការបង្ហាត់បង្រៀនសិស្សក្នុងថ្នាក់រៀន បណ្តុះបណ្តាលអ្នកដឹកនាំ និងអ្នកមានសមត្ថភាពជំនាន់ក្រោយ ស្នាដៃរបស់លោកគឺជាផ្នែកមួយនៃសេចក្តីស្រឡាញ់ ការរៀនសូត្រ និងភាពជាអ្នកដឹកនាំ។

អរគុណ ពូទី សម្រាប់ការលះបង់ជិត ៣០ ឆ្នាំ។ អ្នកនឹងក្លាយជាគ្រូបង្រៀនរបស់ ក្រុមហ៊ុន ហ៊ិននីគែន ជានិច្ច។

ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បច្ចុប្បន្នមានបុគ្គលិកជាង ៧០០ នាក់នៅទូទាំងប្រទេស ខណៈពេលដែលជួយទ្រទង់ការងារចំនួន ៦៦.០០០ បន្ថែមទៀតនៅទូទាំងប្រទេស នេះបើយោងតាមរបាយការណ៍ផលវិជ្ជមានសេដ្ឋកិច្ចសង្គមដែលធ្វើឡើងដោយក្រុមហ៊ុន Steward Redqueen ដែលជាក្រុមហ៊ុនទីប្រឹក្សាវាយតម្លៃផលវិជ្ជមានដើម្បីសិក្សាពីការរួមចំណែករបស់ក្រុមហ៊ុនចំពោះសង្គម និងសេដ្ឋកិច្ចកម្ពុជា។

របាយការណ៍នេះត្រូវបានបង្ហាញដោយប្រធានប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ ក្រុមហ៊ុន ហ៊ិននីគែន លោក Jacco van der Linden ជូនចំពោះនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងក្នុងដំណើរបំពេញទស្សនកិច្ចនាពេលថ្មីៗនេះដើម្បីរំឭកខួប ៣០ ឆ្នាំនៃការរួមចំណែករបស់ក្រុមហ៊ុនផលិតនេះក្នុងប្រទេសកម្ពុជា។

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង