កំពត៖ ពិធីបុណ្យសមុទ្រលើកទី១១ ជុំទី៣ ឆ្នាំ២០២៤ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៣ ដល់ទី១៥ ខែធ្នូ ឆ្នាំ២០២៤ នៅខេត្តកំពត នឹងនាំមកនូវទស្សនីយភាពចម្រុះនូវកម្មវិធីកម្សាន្តប្លែកៗ និងការតាំងបង្ហាញជាច្រើន ដើម្បីជំរុញការលើកតម្លៃផលិតផល និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា។
ពិធីបុណ្យសមុទ្រលើកទី១១ ជុំទី៣ ឆ្នាំ២០២៤ ក្រោមប្រធានបទ “អបអរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ” នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៣ ដល់ទី១៥ ខែធ្នូ ឆ្នាំ២០២៤ នៅខេត្តកំពត។ កម្មវិធីនេះ នឹងបង្ហាញនូវទស្សនីយភាពការសម្តែងសិល្បៈ ការប្រគំតន្ត្រីពីសិល្បករ សិល្បការិនី ជាតិនិងអន្តរជាតិ និងការអុជកាំជ្រួចអបអរសាទរពិធីបុណ្យសមុទ្រ ព្រមទាំងការបង្ហាញមហោស្រពម្ហូបអាហារ និងភេសជ្ជៈ ផលិតផលក្នុងស្រុក និងគម្រោងអភិវឌ្ឍន៍ទេសចរណ៍របស់ខេត្តតាមតំបន់ឆ្នេរ រួមទាំងសកម្មភាពកីឡាលើទឹក និងកីឡាលើឆ្នេរខ្សាច់ពីក្រុមកីឡាករ កីឡាការិនីជាតិ និងអន្តរជាតិផងដែរ។
កម្មវិធីនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងជំរុញការលើកតម្លៃផលិតផល និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ ពិសេសការអបអរបេតិកភណ្ឌ និងអេកូទេសចរណ៍ នៅតំបន់ឆ្នេរសមុទ្រកម្ពុជា ដែលជាផ្នែកមួយជួយជំរុញសេដ្ឋកិច្ចជាតិផងដែរ៕