ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម ចុះហត្ថលេខាជាមួយធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម និងពាណិជ្ជកម្ម ក៏ដូចជាជំរុញការប្រើប្រាស់ផលិតផល និងសេវារបស់ធនាគារ ARDB។ ពិធីចុះហត្ថលេខានេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងលោកបណ្ឌិត កៅ ថាច អគ្គនាយកធនាគារARDB ព្រមទាំងភាគីពាក់ព័ន្ធជាច្រើននាក់ទៀត។
ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះធ្វើឡើងក្នុងគោលបំណងជំរុញភាពជាដៃគូតាមរយៈការភ្ជាប់កិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍវិស័យកសិកម្ម និងវិស័យពាណិជ្ជកម្ម, ជំរុញការប្រើប្រាស់ផលិតផល និងសេវារបស់ធនាគារ ARDB ជំរុញការអនុវត្តច្បាប់ស្តីពីប្រតិបត្តិការដែលមានកិច្ចធានា ការផ្តល់ទិន្នន័យសន្ទស្សន៍ថ្លៃទំនិញក្នុងទីផ្សារ ការគាំទ្រការកែច្នៃផលិតផលក្នុងស្រុក និងការនាំចេញ តាមរយៈការផ្តល់ហិរញ្ញប្បទានពីធនាគារដែលមានអត្រាការប្រាក់សមរម្យ។
នៅក្នុងឱកាសនោះ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានចាត់ទុកថា ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា រវាងក្រសួងពាណិជ្ជកម្ម និងធនាគារ ARDB ជាសក្ខីភាពនៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័នរដ្ឋទាំងពីរ ដែលមានតួនាទីគាំទ្រ គោលនយោបាយរបស់ រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាពខ្ពស់ក្នុងវិស័យកសិកម្ម និងវិស័យពាណិជ្ជកម្ម ។
លោកបណ្ឌិត កៅ ថាច អគ្គនាយកធនាគារ ARDB បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការនេះ នឹងក្លាយជាកម្លាំងចលករប្រកបដោយចីរភាពក្នុងការលើកកម្ពស់ការអភិវឌ្ឍវិស័យកសិកម្ម និងពាណិជ្ជកម្ម តាមរយៈការផ្តល់ហិរញ្ញប្បទានដល់គ្រប់តួអង្គក្នុងខែ្សច្រវាក់តម្លៃកសិកម្មពីធនាគារ និងការបង្កើតតម្លៃបន្ថែមលើផលិតផលកសិកម្មដោយការតភ្ជាប់ទីផ្សារក្នុងស្រុក និងជំរុញការនាំចេញ ដោយក្រសួងពាណិជ្ជកម្ម។
គួរបញ្ជាក់ថា ពិធីចុះហត្ថលេខានេះ មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ-មន្រ្តីរាជការក្រសួងពាណិជ្ជកម្ម, ថ្នាក់ដឹកនាំធនាគារ ARDB, តំណាងសហព័ន្ធស្រូវអង្ករកម្ពុជា, រោងម៉ាស៊ីនកិនស្រូវ, ក្រុមហ៊ុននាំចេញអង្ករ, សហព័ន្ធដំឡូងមីកម្ពុជា, ក្រុមហ៊ុនប្រមូលទិញ-កែច្នៃដំឡូងមី, ក្រុមហ៊ុនប្រមូលទិញ-កែច្នៃស្វាយចន្ទី, តំណាងក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធផ្សេងៗទៀត នៅទីស្តីការក្រសួងពាណិជ្ជកម្ម ដែលមានអ្នកចូលរួមប្រមាណ ១៥០នាក់៕