កណ្តាល៖ តុលាការខេត្តកណ្តាល សម្រេចឃុំខ្លួនស្រ្តីហ្វីលីពីន១៣នាក់ និងស្ត្រីខ្មែរម្នាក់ ក្នុងសំណុំរឿងពពោះជំនួស។ ការសម្រេចឃុំខ្លួនស្រ្តីហ្វីលីពីន១៣នាក់ និងស្រ្តីខ្មែរម្នាក់នេះធ្វើឡើង ក្រោយតុលាការខេត្តកណ្តាល បើកសវនាការជាអសាធារណ: ចំនួន២ថ្ងៃ ពីថ្ងៃ២៨ ខែវិច្ឆិកា ដល់២៩ ខែវិច្ឆិកា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងខេត្តកណ្ដាល នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤។
អ្នកនាំពាក្យសាលាដំបូងខេត្តកណ្ដាល បានឲ្យដឹងថាក្រោយពីបញ្ចប់កិច្ចពិភាក្សាដេញដោលនាពេលសវនាការ ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូង ខេត្តកណ្តាលបានពិនិត្យ និងពិចារណាយ៉ាងល្អិតល្អន់លើអង្គហេតុ អង្គច្បាប់ និងភស្តុតាងនានាក្នុងសំណុំរឿង និងបានចេញសាលក្រមព្រហ្មទណ្ឌលេខ១៧៧/ញ ចុះថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤ ដោយសម្រេចផ្តន្ទាទោស ជនជាប់ចោទជាស្ត្រីជនជាតិហ្វីលីពីនចំនួន១៣នាក់ ដាក់ពន្ធនាគារក្នុងម្នាក់ៗកំណត់ រយៈពេល៤(បួន)ឆ្នាំ តែអនុវត្តទោសក្នុងពន្ធនាគាររយៈពេល២ឆ្នាំ ទោសដែលនៅសល់ត្រូវព្យួរធម្មតា ពីបទប៉ុនប៉ងក្នុងអំពើលក់-ដូរមនុស្សសម្រាប់នាំឆ្លងដែន។
បើតាមសេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា ស្ត្រីហ្វីលីពីនចំនួន១៣នាក់ ត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារ៤ឆ្នាំ ក្នុងម្នាក់ៗ តែអនុវត្តទោសក្នុងពន្ធនាគាររយ:ពេល២ឆ្នាំ ដោយទោសដែលនៅសល់ត្រូវព្យួរធម្មតាពីបទ «ប៉ុនប៉ងក្នុងអំពើលក់-ដូរមនុស្សសម្រាប់ឆ្លងដែន និងបទសមគំនិតក្នុងបទប៉ុនប៉ងក្នុងអំពើលក់-ដូរមនុស្សឆ្លងដែន»។
ចំណែកស្ត្រីខ្មែរម្នាក់ ត្រូវប្ដូរបទចោទពីការ សមគំនិតក្នុងបទ ប៉ុនប៉ងក្នុងអំពើលក់-ដូរមនុស្សឆ្លងដែន មកបទ «មិនប្ដឹងបរិហាបទឧក្រិដ្ឋ» ដែលជនជាប់ត្រូវជាប់ឃុំ ៦ខែ តែអនុវត្តទោស ១ខែ ១ថ្ងៃ ហើយទោសដែលនៅសល់ត្រូវព្យួរធម្មតា។ តាមតុលាការ, ការប្ដូរបទចោទលើស្ត្រីខ្មែរម្នាក់នេះ ក្រោយរកឃើញថា ស្ត្រីរូបនេះគ្រាន់ជាអ្នកសម្អាតផ្ទះ និងរៀបចំម្ហូបអាហារ ដើម្បីមើលថែស្ត្រីហ្វីលីពីន។
គួរបញ្ជាក់ថា អាជ្ញាធរមានសមត្ថកិច្ចបានបំបែកសំបុកក្រុមស្ត្រីពពោះជំនួសខាងលើ នៅចំណុចបុរីវិមានភ្នំពេញ ស្ថិតនៅលើផ្លូវ៦A ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល កាលពីខែមីនា ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ ២០២៤ និងក្នុងអំឡុងឆ្នាំ២០២៤៕