ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) នាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ បានជួបពិភាក្សាការងារជាមួយក្រុមហ៊ុន Windey Energy Technology Group Co., Ltd. ដែលមានមូលដ្ឋាននៅខេត្ត Zhejiang សាធារណរដ្ឋប្រជាមានិតចិន ក្នុងគោលបំណងពិគ្រោះយោបល់លើកាលានុវត្តភាពវិនិយោគលើគម្រោងថាមពលអគ្គិសនីកកើតឡើងវិញ។
លោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានថ្លែងអំណរគុណជូនចំពោះគណៈប្រតិភូដែលបានអញ្ជើញមកកាន់ព្រះរាជាណាចក្រកម្ពុជាដោយផ្ទាល់ក្នុងគោលដៅសិក្សាស្វែងយល់ពីសក្តានុពល និងបរិយាកាសវិនិយោគកម្ពុជាឱ្យបានជាក់ច្បាស់។ លោកបានលើកទឹកចិត្តឱ្យសមភាគីបន្តពិគ្រោះយោបល់ជាមួយក្រសួងរ៉ែ និងថាមពលនៃកម្ពុជាក្នុងគោលដៅសិក្សាសមិទ្ធិលទ្ធភាព និងទទួលបានគោលការណ៍ជាលក្ខណៈបច្ចេកទេសពីក្រសួងជំនាញ ហើយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបើកទ្វារចំហស្វាគមន៍ជានិច្ចក្នុងការរង់ចាំផ្តល់កិច្ចសម្រួល និងការលើកទឹកចិត្តនានាស្របតាមច្បាប់ និងប្បញ្ញត្តិជាធរមាន។
លោក Liuhao Ran ប្រធានផ្នែកអភិវឌ្ឍន៍នៃក្រុមហ៊ុន Windey Energy Technology Group Co., Ltd. ជឿជាក់ថាការវិនិយោគផ្ទាល់ពីប្រទេសចិនពិតជាបានជះផលវិជ្ជមានលើកិច្ចសហប្រតិបត្តិការត្បូងពេជ្រប្រាកដមែន។ ជាកិច្ចបញ្ចប់ លោកបានទទួលយកអនុសាសន៍ណែនាំរបស់លោកអគ្គលេខាធិការរង និងបានបង្ហាញសុទិដ្ឋិនិយមថា Windey Energy Technology Group Co., Ltd. នឹងអាចមានឱកាសបណ្តាក់ទុនវិនិយោគនៅកម្ពុជាលើវិស័យថាមពលស្អាតនាពេលខាងមុខ៕