ភ្នំពេញ៖ ព្រឹត្តិការណ៍ទិវា«រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង»អង្គរវត្ត ត្រូវបានបិទបញ្ចប់កាលពីម្សិលមិញ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤ ដោយមានអត្តពលិកជាតិ និង អន្តរជាតិចូលរួមប្រមាណជិត ១៤០០០នាក់ កើនជាង៣០ភាគរយ បើធៀបជាមួយនឹងព្រឹត្តិការណ៍ឆ្នាំ២០២៣ ជាពិសេសមានការចូលរួមពីប្រមុខថ្នាក់ដឹកនាំ និងថ្នាក់ដឹកនាំជាច្រើន។ អ្នកនាំពាក្យក្រសួងទេសចរណ៍ មើលឃើញថាព្រឹត្តិការណ៍នេះពិតជាបានជួយដល់សេដ្ឋកិច្ចមូលដ្ឋានបានយ៉ាងច្រើន ជាពិសេសចំពោះអាជីវកម្មសណ្ឋាគារ ម្ហូបអាហារជាដើម។
លោក តុប សុភ័ក្រ អ្នកនាំពាក្យក្រសួងទេសចរណ៍ បានលើកឡើងថា ព្រឹត្តិការណ៍រត់ប្រណាំងនៅសៀមរាប បានធ្វើឱ្យសេវាកម្មស្នាក់នៅតាមបណ្តាសណ្ឋាគារផ្សេងៗមានចំនួនច្រើន ជាពិសេសសណ្ឋាគារលំបាប់អន្តរជាតិធំៗគឺមានភ្ញៀវច្រើន ហើយសណ្ឋាគារលំដាប់ក្នុងស្រុកមានភ្ញៀវច្រើនគួរសម។ ចំពោះតម្លៃសេវា ម្ហូបអាហារ ការស្នាក់នៅ គឺមិនមានការឡើងថ្លៃអ្វីនោះទេ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ទិវា«រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង»អង្គរវត្ត បានចាប់ផ្តើមកាលពីព្រឹកព្រលឹមថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ ដោយមានអ្នកចូលរួមចំនួន ១៣,៨៧៧ នាក់ ក្នុងនោះ អត្តពលិកខ្មែរ ចំនួន ១០,៥៣២នាក់ និងអត្តពលិកអន្តរជាតិចំនួន ៣,៣៤៥នាក់ មកពី៨៧ប្រទេស កើនជាង៣០ភាគរយ បើធៀបជាមួយនឹងព្រឹត្តិការណ៍ឆ្នាំ២០២៣ ក្នុងនោះក៏មានវត្តមានរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និង ថ្នាក់ដឹកនាំជាច្រើននាក់ចូលរួមរត់អបអរទិវានេះ។
បើតាមសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កម្មវិធីរត់ពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរវត្តលើកទី២៩ រៀបចំឡើងក្នុងគោលបំណង ដើម្បីគាំទ្រទៅដល់សកម្មភាពមនុស្សធម៌ជួយដល់កុមារកម្ពុជា ប្រជាជនមានការលំបាក និង ជនពិការភាពជាពិសេសជនរងគ្រោះដោយសារគ្រាប់មីន។ក្នុងនាមប្រមុខរាជរដ្ឋាភិបាល សម្តេចនាយករដ្ឋមន្ត្រី អរគុណចំពោះគណៈកម្មការរៀបចំ សប្បុរសជន កម្លាំងសមត្ថកិច្ចនិងអ្នកពាក់ព័ន្ធទាំងអស់ដែលបានសហការគ្នារៀបចំកម្មវិធីនេះប្រព្រឹត្តទៅដោយរលូន៕