ភ្នំពេញ៖ លោកស្រី តិមា វិច្ឆិកាល កូនស្រីរបស់លោក កែប ជុតិមា អតីតអភិបាលរាជធានីភ្នំពេញ ត្រូវបានតែងតាំងជាអភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ជំនួសលោកស្រី កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញដែលត្រូវដល់ អាណត្តិនិងត្រូវផ្ទេរទៅកាន់អង្គភាពដើមវិញ។ មុនឡើងកាន់តំណែងជាអភិបាលរងរាជធានីភ្នំពេញ លោកស្រី វិច្ឆិកាល ធ្លាប់ជា នាយិការងរដ្ឋបាលសាលារាជធានីភ្នំពេញ។
ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ បានធ្វើឡើងនៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងលោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅសាលារាជធានីភ្នំពេញ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា គណៈអភិបាលរាជធានីភ្នំពេញ មានអភិបាលមួយរូបនិងអភិបាលរងចំនួន១០រូបជាជំនួយការ។ លោកបន្តថា នៅរាជធានីភ្នំពេញយើងរក្សាបានសន្តិសុខ សណ្តាប់ធ្នាប់បានយ៉ាងល្អប្រសើរ ជាមួយនិងការបង្ក្រាប់បទល្មើសបានទាន់ពេលវេលា។ ជាក់ស្តែងនាព្រះរាជពិធីបុណ្យអុំទូកកន្លងមកថ្មីៗនេះ អាជ្ញាធររាជធានីភ្នំពេញបានចូលរួមថែរក្សាសន្តិសុខ សុវត្ថិភាពបានយ៉ាងល្អ បង្កសប្បាយភាពដល់ភ្ញៀវជាតិ អន្តរជាតិ ដោយក្នុងរយៈពេល៣ថ្ងៃនៃព្រះរាជពិធីនេះ មានភ្ញៀវជាតិ អន្តរជាតិចូលរួមរហូតដល់ជាង៦លាន៣សែននាក់ កើនឡើងជាងឆ្នាំមុន។
លោក ឃួង ស្រេង ក្នុងឱកាសនោះ ក៏បានផ្តាំផ្ញើឲ្យ លោកស្រី តិមា វិច្ឆិកាល ដែលត្រូវទទួលភារកិច្ចថ្មី ត្រូវបង្កើនស្មារតី យកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ក្នុងការបំពេញភារកិច្ច ក៏ដូចជា ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការល្អ ជាមួយនិង បណ្តាក្រសួង-ស្ថាប័ន អង្គភាពរដ្ឋ ទីក្រុងសម្ព័ន្ធមេត្រីភាព មន្ទីរ-អង្គភាពជំនាញ រដ្ឋបាលខណ្ឌទាំង ១៤ និងអង្គការសង្គម ស៊ីវិលទាំងអស់ ជាពិសេស ត្រូវចូលរួមសហការ អនុវត្តការងារ ដោយឈរលើស្មារតីសាមគ្គីភាព មិត្តភាព ឯកភាពផ្ទៃក្នុង គណៈអភិបាល ក្រុមប្រឹក្សា និងមន្ត្រីក្រោមឱវាទរដ្ឋបាលរាជធានី ឱ្យកាន់តែល្អប្រសើរ ដើម្បីលើកកម្ពស់កិត្យានុភាពរបស់ រាជធានីភ្នំពេញ ហើយយើងទាំងអស់គ្នាត្រូវចាត់ទុកថា សាមគ្គីភាពផ្ទៃក្នុង គឺជាកត្តាជ័យជំនះគ្រប់ភារកិច្ច។
លោក ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក្នុងឱកាសនោះបានមានប្រសាសន៍ កោតសរសើរចំពោះរដ្ឋបាលរាជធានីភ្នំពេញនិងកងកម្លាំងប្រដាប់អាវុធទាំងអស់ចំណុះអោយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ដែលបានខិតខំអស់កម្លាំងកាយចិត្ត ស្មារតីក្នុងការរក្សាបានសន្តិសុខ សណ្តាប់ធ្នាប់ ពិសេសក្នុងព្រះរាជពិធីបុណ្យអុំទូកកន្លងមកថ្មីៗនេះ រដ្ឋបាលរាជធានីភ្នំពេញបានចូលរួមថែរក្សាសន្តិសុខ សុវត្ថិភាពបានយ៉ាងល្អ រហូតទទួលបានភ្ញៀវជាតិ អន្តរជាតិ ចូលរួមសប្បាយរីករាយ ច្រើនជាងឆ្នាំមុនៗ ។
ជាមួយគ្នានេះ លោក ចាន់ អ៊ាន បានណែនាំឱ្យយកចិត្តទុកដាក់បំពេញភារកិច្ច ពង្រឹងកិច្ចសហប្រតិបត្តិការល្អ ដើម្បីលើកកម្ពស់កិត្យានុភាពរបស់ រាជធានីភ្នំពេញអោយមានការអភិវឌ្ឍរីកចំរើនបន្ថែមទៀត។
ក្នុងឱកាសនោះដែរ លោកស្រី តិមា វិច្ឆិកាល បាន ប្តេជ្ញាលើកកម្ពស់សាមគ្គីភាពផ្ទៃក្នុងអោយបានល្អប្រសើរ ពង្រឹងសមត្ថភាព ដោយបន្តសិក្សារៀនសូត្រមួយជីវិតនិងពង្រឹងការផ្តល់សេវាជូនប្រជាពលរដ្ឋ អោយកាន់តែល្អថែមទៀត។
ប្តេជ្ញា អនុវត្តនិងប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន តាមបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីរួមចំណែកការអភិវឌ្ឍន៍រាជធានីភ្នំពេញ ដោយធានានូវសុខដុមនីយកម្ម និងចូលរួមទប់ស្កាត់ លុបបំបាត់រាល់បាតុភាពអសកម្មនានា ដែលអាចប៉ះពាល់ និងបង្កការថ្នាំងថ្នាក់ ដល់ប្រជាពលរដ្ឋ និងការអភិវឌ្ឍន៍ រាជធានីភ្នំពេញឲ្យកាន់តែរីកចម្រើនថែមទៀត ៕