រដ្ឋធានីគូឡាឡាំពួ៖ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានអញ្ជើញចូលរួមចុះហត្ថលេខាលើពិធីសារទី៥ ស្តីពីសិទ្ធិអូនស្តុបអូវី (Own Stopover Rights) នៅរដ្ឋធានីគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដើម្បីចូលរួមអនុវត្តគោលនយោបាយសេរីភាវូបនីយកម្មនៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសនៅក្នុងតំបន់អាស៊ាន និងចូលរួមចំណែកជួយគាំទ្រដល់វិស័យផ្សេងទៀត។ នេះបើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា។
បើតាមសេចក្ដីជូនដំណឹង លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានចូលរួមចុះហត្ថលេខាលើពិធីសារទី៥ ស្តីពីសិទ្ធិអូនស្តុបអូវី (Own Stopover Rights) រវាងចំណុចនានានៅក្នុងរង្វង់ដែនដីនៃរដ្ឋសមាជិកអាស៊ានណាមួយផ្សេងទៀត (Protocol 5 on Own Stopover Rights between Points within the Territory of any other ASEAN Member State) ក្នុងអំឡុងពេលកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី៣០ និងកិច្ចប្រជុំរដ្ឋមន្ត្រីពាក់ព័ន្ធ (30th ASEAN Transport Minister Meeting" 30th ATM" and Related Minister Meetings) ពីថ្ងៃទី២១-២២ ខែ វិច្ឆិកា ឆ្នាំ២០២៤ នៅរដ្ឋធានីគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
គោលបំណងនៃការចុះហត្ថលេខាលើពិធីសារ ទី៥ ស្តីពីសិទ្ធិអូនស្តុបអូវី (Own Stopover Rights)នេះ គឺដើម្បីចូលរួមអនុវត្តគោលនយោបាយសេរីភាវូបនីយកម្មនៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសនៅក្នុងតំបន់អាស៊ាន និងចូលរួមចំណែកជួយគាំទ្រដល់វិស័ យផ្សេងទៀត ដូចជា ពាណិជ្ជកម្ម សេដ្ឋកិច្ច និងទេសចរណ៍នៅក្នុងតំបន់អាស៊ានផងដែរ៕