កណ្តាល៖ គណៈប្រតិភូព្រះមន្រ្តីសង្ឃខ្មែរក្រោមចំនួន ៦ព្រះអង្គនៃខេត្តត្រាវិញ បាននិមន្តជួបសំណេះសំណាលជាមួយសម្តេច ហ៊ុន សែន និងសម្តេច ប៊ុន រ៉ានី ហ៊ុនសែន នៅភូមិគ្រឹះរបស់សម្ដេចនៅក្រុងតាខ្មៅ ខេត្តកណ្តាល នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីជួបសំណេះសំណាលអំណរគុណដោយផ្ទាល់ពីការរៀបចំអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ។
ព្រះមន្ត្រីសង្ឃខ្មែរក្រោម ចំនួន៦ព្រះអង្គ នៃខេត្តត្រាវិញ ប្រទេសវៀតណាម ដឹកនាំដោយព្រះតេជព្រះគុណ ថាច់ ញ៉ឹក ព្រះចៅអធិការវត្តពោធិគិរីវង្សារាម ហៅវត្តស្វាយសៀមថ្មី បានចូលជួបសំណេះសំណាលដើម្បីថ្លែងអំណរគុណដោយផ្ទាល់ដល់សម្តេចក្នុងការផ្តួចផ្ដើមរៀបចំអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ដែលដង្ហែឆ្ពោះទៅកាន់វត្តពោធិគិរីវង្សារាម ហៅវត្តស្វាយសៀមថ្មី ខេត្តត្រាវិញ កាលពីថ្ងៃទី៣,៤,៥ ខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅ។
ព្រះអង្គក៏បានថ្លែងអំណរព្រះគុណ និងអរគុណចំពោះសម្ដេចព្រះសង្ឃគ្រប់ព្រះអង្គ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មហាពុទ្ធបរិស័ទគ្រប់ទិសទី ដែលមានសទ្ធាជ្រះថ្លា លះបង់អស់កម្លាំងកាយ កម្លាំងចិត្ត និងកម្លាំងទ្រព្យ ក្នុងការរៀបចំអង្គកឋិនទាន និងបានប្រគេនបច្ច័យដល់វត្តទាំង១៤២វត្តទៀត ដើម្បីទំនុកបម្រុង និងប្រើប្រាស់សម្រាប់ការកសាងផ្សេងៗផងដែរ។
គួរបញ្ជាក់ថា ព្រះអង្គក៏បានស្នើសុំសម្ដេច ក្នុងការផ្ដល់នូវព្រះត្រៃបិដក សៀវភៅវចនានុក្រមភាសាខ្មែររបស់សម្ដេច ជួន ណាត និងការជួយកសាងទូកង សម្រាប់ការចូលរួមក្នុងពិធីបុណ្យអុំទូក។ សម្ដេច ក៏បានយល់ព្រមប្រគេនតាមសំណើរ នូវទូកង និងព្រះត្រៃបិដកចំនួន ១៦ចប់ សៀវភៅវចនានុក្រមភាសាខ្មែររបស់សម្ដេច ជួន ណាត សម្រាប់តម្កល់នៅតាមបណ្ដាវត្តខ្មែរក្រោមនៅក្នុងខេត្តត្រាវិញ៕