Cc times  web banner kh

CDCដាក់ឱ្យដំណើរការប្រព័ន្ធ«គ្រប់គ្រងគម្រោងវិនិយោគកម្ពុជា»ជួយសម្រួលដល់វិនិយោគិន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា(CDC)

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា(CDC) នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធ cdcIPM) ដែលនឹងផ្តល់លទ្ធភាពឲ្យវិនិយោគិនអាចដាក់ពាក្យបានដោយផ្ទាល់ពីគ្រប់ទីកន្លែង និង គ្រប់ពេលវេលា។

ប្រព័ន្ធ cdcIPM គឺជាប្រព័ន្ធបច្ចេកវិទ្យាឌីជីថលថ្មីមួយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រួលកិច្ចវិនិយោគ ឱ្យកាន់តែមានភាពងាយស្រួល កាត់បន្ថយពេលវេលា ធានាបាននូវតម្លាភាព សុក្រឹត្យភាព និងប្រសិទ្ធភាព ព្រមទាំងចូលរួមកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល និងរដ្ឋាភិបាលឌីជីថលនៅកម្ពុជា។ប្រព័ន្ធថ្មីនេះបានចូលរួម ពន្លឿនការផ្តល់សេវាចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP) ដោយប្តូរពីការធ្វើលើឯកសាររឹង ជាការធ្វើតាមប្រព័ន្ធឌីជីថលទាំងស្រុង កាត់បន្ថយតម្រូវការនៃការជួបផ្ទាល់រវាងវិនិយោគិន និងអ្នកផ្តល់សេវា បង្កើនភាពងាយស្រួល និងធ្វើឱ្យបរិយាកាវិនិយោគនៅកម្ពុជាកាន់តែទទួលបានទំនុកចិត្តពីអ្នកវិនិយោគមួយកម្រិតថែមទៀត។

លោក ហ៊ាង សុទ្ធាយុត្តិ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា ក្នុងរយៈពេលប្រមាណជាង១ត្រីមាស នៃការប្រើប្រាស់សាកល្បង ក្រុមការងារផ្តល់សេវារបស់គណៈកម្មាធិការវិនិយោគកម្ពុជា បានដំណើរការចុះបញ្ជីគម្រោងវិនិយោគចំនួន ៨២គម្រោង ក្រៅតំបន់សេដ្ឋកិច្ចពិសេស ដែលស្មើនឹងទំហំទុនវិនិយោគ ៧១៥លានដុល្លាសហរដ្ឋអាមេរិក ក្នុងនោះមាន ៥១ គម្រោង ត្រូវបានអនុម័តតាមប្រព័ន្ធ cdcIPM ជាស្ថាពរជាគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។

ប្រព័ន្ធ cdcIPM នេះអាចអនុវត្តចុះបញ្ជីគម្រោងវិនិយោគបាន ក៏ព្រោះតែប្រព័ន្ធនេះមាន អនុលោមភាពជាមួយនឹងច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និងអនុក្រឹត្យស្ដីពីការអនុវត្តច្បាប់វិនិយោគទាំងស្រុង៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង