
ភ្នំពេញ៖ រយៈពេល១០ខែ ឆ្នាំ២០២៤ គិតចាប់ពីខែមករាដល់ខែតុលា ស្ថានភាពដឹកជញ្ជូនតាមផ្លូវអាកាសរវាងកម្ពុជា និងចិន មានចំនួន ៥,៤៤៨៦ ជើង កើនឡើង៦០% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍របស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា(SSCA)។
បើតាមរបាយការណ៍ រយៈពេល១០ខែឆ្នាំ២០២៤នវ ស្ថានភាពដឹកជញ្ជូនតាមផ្លូវអាកាសរវាងកម្ពុជា និងចិន ទទួលបានអ្នកដំណើរចំនួន ៧៣៣,៧២៩ នាក់ កើនឡើង ៨៣% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ ជាមួយគ្នានេះ ដឹកជញ្ជូនទំនិញបានចំនួន ៦,៣៤១តោន កើនឡើង ៣៨% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។
រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានស្នើសុំក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ជួយលើកជាសំណើដល់ភាគីចិន ដើម្បីជំរុញឱ្យក្រុមហ៊ុនអាកាសចរណ៍របស់សាធារណរដ្ឋប្រជាមានិតចិន មានការហោះហើរកាន់តែច្រើនឡើងបន្ថែមទៀត។
គួរបញ្ជាក់ថា រយៈពេល១០ខែ ឆ្នាំ២០២៤ គិតចាប់ពីខែមករាដល់ខែតុលា ស្ថានភាពដឹកជញ្ជូនតាមផ្លូវអាកាសសម្រាប់អាកាសយានដ្ឋានអន្តរជាតិទាំង៣ (ភ្នំពេញ-សៀមរាប-ព្រះសីហនុ) ទទួលបានជើងហោះហើរសរុបចំនួនជិត៥ម៉ឺនជើង កើនឡើង១៤% បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣៕