
ភ្នំពេញ៖ ក្រសួងសាធារណការ និង ដឹកជញ្ជូនរបស់កម្ពុជា នៅថ្ងៃទី ២២ វិច្ឆិកា បានចេញនូវសេចក្តីបំភ្លឺព័ត៌មាន ពាក់ព័ន្ធនឹងការផ្សព្វផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួន ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ។ក្រសួងបានចាត់ទុកការចុះផ្សាយរបស់សារព័ត៌មានបរទេសទាំងនោះ គឺជាការផ្សព្វផ្សាយមិនពិត គ្មានមូលដ្ឋាន បំភ្លៃបំផ្លើសផ្ទុយពីការពិត។សម្រាប់ក្រសួង កម្ពុជាកំពុងអនុវត្ត«គម្រោងព្រែកជីកហ្វូណនតេជោ»យ៉ាងសកម្ម។
ប្រតិកម្មនឹងការចុះផ្សាយរបស់សារព័ត៌មានបរទេសមាន រ៉យទ័យ និង ការសែតថៃ បាងកកប៉ុស្តិ៍ ដែលថា គម្រោងព្រែកជីកហ្វូណនតេជោជាប់គាំងដោយសារលុយចិន ក្រសួងសាធារណការកម្ពុជា បានហៅការចុះផ្សាយនេះ គឺជាការចុះផ្សាយគ្មានមូលដ្ឋាន បំភាន់ បំភ្លៃ បំផ្លើស ខុសពីការពិត។
បើតាមក្រសួងសាធារណការ បច្ចុប្បន្ននេះ ការងារអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោរបស់កម្ពុជា កំពុងអនុវត្តគម្រោងយ៉ាងសកម្ម ហើយក្រុមការងារបច្ចេកទេសរបស់ក្រសួង បានបញ្ចប់ការសិក្សាលម្អិត និង កំពុងចុះធ្វើការវាយតម្លៃយ៉ាងស៊ីជម្រៅអំពីផលប៉ះពាល់ជាក់ស្តែង ចំពោះប្រជាពលរដ្ឋ តម្រាយផ្លូវទឹកមួយចំនួន និង ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដែលកំណត់ និង ដោះស្រាយ។
ក្រសួងសាធារណការ សង្កត់ធ្ងន់ថា ក្រុមការងារអនុវត្តគម្រោង បានកំពុងបន្តអនុវត្តយ៉ាងសស្រាក់សស្រាំ ដោយមានកិច្ចសហការជាមួយក្រសួងពាក់ព័ន្ធ ក្នុងក្របខណ្ឌជាតិ និង ដៃគូអន្តរជាតិ មិនដូចការចុះផ្សាយរបស់សារព័ត៌មានថៃ បាងកកប៉ុស្តិ៍ និង រ៉យទ័រ នោះទេ។
គួរបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ បានប្រកាសបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនយ៉ាងអធិកអធមក្រោមក្តីរំពឹងថា ព្រែកជីកនេះជាសរសៃឈាម និង ជាដង្ហើមសេដ្ឋកិច្ចថ្មីរបស់កម្ពុជា។ គម្រោងព្រែកជីកហ្វូណនដែលមានតម្លៃសាងសង់សរុបចំនួន ១,៧ ពាន់លានដុល្លារ មានប្រភពថវិកាវិនិយោគរបស់ក្រុមហ៊ុនខ្មែរ១០០ភាគរយសម្រាប់កំណាត់ទី១ ក្នុងចម្ងាយ ២១គីឡូម៉ែត្រ។ ចំណែកកំណាត់ទី២ដែលមានចម្ងាយដល់ទៅ ១៥៩គីឡូម៉ែត្រនឹងមានក្រុមហ៊ុនខ្មែរវិនិយោគចំនួន ៥១ភាគរយ និងក្រុមហ៊ុនសាវជីវកម្មស្ពាន និងថ្នល់ចិន CRBC ចំនួន ៤៩ភាគរយ៕
