Cctime 6monthsfree desktop
Cc times  web banner kh (2)

គម្រោង«រំដោះទឹក និងពង្វាងទឹកជំនន់»ចេញពីរាជធានីភ្នំពេញសម្រេចបានជិត១០០%

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

កំពង់ស្ពឺ៖ ការងារសាងសង់សំណង់ស្ទាក់ទឹក និងប្រព័ន្ធរំដោះទឹកស្ទឹងតូច នៃគម្រោងរំដោះទឹក និង ពង្វាងទឹកជំនន់ស្ទឹងព្រែកត្នោតចេញពីរាជធានីភ្នំពេញ និងតំបន់ជុំវិញ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ គិតមកដល់ពេលនេះវឌ្ឍនភាពការងារសម្រេចបានប្រមាណ ៩៧%។នេះបើយោងតាមរបាយការណ៍របស់ក្រសួងធនធានទឹក និង ឧតុនិយម។

អនុគម្រោងសំណង់ស្ទាក់ទឹក និងប្រព័ន្ធរំដោះទឹកស្ទឹងតូច មានសក្តានុពលពង្វាងទឹកពីស្ទឹងព្រែកត្នោត ក្នុងភូមិស្រែកក់ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ប្រមាណ ៣០០ ម៉ែត្រគូបក្នុង១វិនាទី តាមស្ទឹងតូចក្នុងខេត្តកំពង់ស្ពឺ ខេត្តកណ្តាល ហូរធ្លាក់ទៅទន្លេបាទីក្នុងភូមិសាស្ត្រខេត្តតាកែវ និង បន្តហូរធ្លាក់ទៅទន្លេបាសាក់។ ការងារសំខាន់ៗមានដូចជា ទី១)ស្តារស្ទឹងតូចប្រវែង ៥១គីឡូម៉ែត្រ និង ទី២)សាងសង់សំណង់សិល្បការ្យចំនួន ៦៨កន្លែង ក្នុងនោះមានសំណង់ស្ទាក់ទឹកធំ ១កន្លែង កម្ពស់ ៨ម៉ែត្រ ទទឹងខាង ៥១ម៉ែត្រ និងបណ្តោយ ៣០០ម៉ែត្រ មានទ្វារទឹកចំនួន៥ ដែលទ្វារទឹកនីមួយៗមានទទឹង ៨,៥ម៉ែត្រ និងកម្ពស់ ៧,៥ម៉ែត្រ។ គិតមកដល់ពេលនេះវឌ្ឍនភាពការងារសម្រេចបានប្រមាណ ៩៧%។

លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានគូសបញ្ជាក់ថា គម្រោងនេះមិនត្រឹមតែជួយរំដោះទឹក និងពង្វាងទឹកជំនន់ស្ទឹងព្រែកត្នោតតាមស្ទឹងតូចប៉ុណ្ណោះទេ ប៉ុន្តែគឺជាប្រភពទឹកដែលបម្រើឱ្យអន្តរវិស័យ ជាពិសេសបម្រើឱ្យការងារស្រោចស្រពផ្ទៃដីបង្កបង្កើនផលរបស់បងប្អូនប្រជាពលរដ្ឋ និងជាតំបន់អេកូទេសចរណ៍ដ៏មានសក្តានុពល ហើយខ្នងទំនប់នឹងប្រើជាផ្លូវគមនាគមន៍ដ៏សំខាន់សម្រាប់ការងារដឹកជញ្ជូន និងសម្រាប់ការធ្វើដំណើរប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា គម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកជំនន់ស្ទឹងព្រែកត្នោតចេញពីរាជធានីភ្នំពេញ និងតំបន់ជុំវិញ មានការងារសំខាន់ៗដូចជា៖ ស្តារស្ទឹង និងប្រឡាយចំនួន ១០ខ្សែ ប្រវែងប្រមាណ ២៦០គីឡូម៉ែត្រ ព្រមទាំងសំណង់សិល្បការ្យសរុបចំនួន ៣៦៦កន្លែង ក្នុងនោះមានការសាងសង់ស្ថានីយបូមទឹកចំនួន ៤កន្លែងបំពាក់ដោយម៉ូទ័របូមទឹកចំនួន ២៧គ្រឿង និងសំណង់ស្ទាក់ទឹក(ទ្វារទឹក) ចំនួន ១កន្លែង៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង