Cc times  web banner kh

រដ្ឋាភិបាលអនុម័តគម្រោងអភិវឌ្ឍន៍ប្រភពថាមពលថ្មីតម្លៃជាង៥,៧ពាន់លានដុល្លារសម្រាប់ឆ្នាំ២០២៤-២០២៩

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ទើបអនុម័តគម្រោងអភិវឌ្ឍន៍ប្រភពថាមពលថ្មីចំនួន ២៣គម្រោង មានអានុភាពសរុប ៥,៩៥០មេហ្កាវ៉ាត់ ក្នុងតម្លៃ ៥ ៧៩០លានដុល្លារ សម្រាប់ឆ្នាំ២០២៤-២០២៩ ក្នុងគោលបំណងដោះស្រាយបញ្ហាប្រឈមខ្វះប្រភពអគ្គិសនី ដោយសារការផ្លាស់ប្តូរសភាពការណ៍ នៃការអភិវឌ្ឍគម្រោងប្រភពអគ្គិសនី ដែលបានគ្រោងទុក។ នេះជាប្រសាសន៍របស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងសន្និបាតបូកសរុបលទ្ធផលការងារក្រសួងរ៉ែ និងថាមពល ឆ្នាំ២០២៣-២០២៤ និងទិសដៅការងារឆ្នាំ២០២៥ នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤។

សម្ដេច ហ៊ុន ម៉ាណែត បានលើកឡើងថា ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាពេលកន្លងទៅ រាជរដ្ឋាភិបាលបានអនុម័តគម្រោងអភិវឌ្ឍន៍ប្រភពថាមពលចំនួន ២៣គម្រោង សរុប៥៩៥០មេហ្កាវ៉ាត់។ ឥឡូវប្រភពថាមពលស្អាតយើងមាន ៦២ភាគរយ គោលដៅរបស់យើង គឺបង្កើនឱ្យបាន ៧០ភាគរយ នៅឆ្នាំ២០៣០ ហើយនៅអាស៊ាន កម្ពុជាជាប់លេខ២ ឡាវលេខ១ ដោយសារឡាវ មានប្រភពថាមពលអគ្គិសនីពីវារីអគ្គិសនីច្រើន។ ឆ្នាំ២០២៣ កម្ពុជាមានទាំងថាមពលពីពន្លឺព្រះអាទិត្យ វារីអគ្គិសនី មានជីវម៉ាស ដើម្បីធ្វើយ៉ាងណាធានាចីរភាព និងស្ថិរភាព ក៏ដូចជាតម្លៃ។

នាយករដ្ឋមន្រ្តីកម្ពុជារូបនេះ បានបញ្ជាក់ថា សម្រាប់គម្រោងវិនិយោគថាមពលអគ្គិសនី គឺរាជរដ្ឋាភិបាលបានចរចាជាមួយភាគីវិនិយោគ ក្នុងតម្លៃមួយទាប ដើម្បីអាចយកទៅផ្គត់ផ្គង់ជូនប្រជាពលរដ្ឋ ក្នុងតម្លៃអាចទទួលយកបាន។

គួរបញ្ជាក់ថា ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ បានអនុម័តគម្រោងវិនិយោគវិស័យអគ្គិសនីចំនួន ២៣គម្រោង រួមមាន៖ គម្រោងថាមពលពន្លឺព្រះអាទិត្យ ចំនួន ១២គម្រោង គម្រោងថាមពលខ្យល់ ចំនួន ៦គម្រោង គម្រោងជីវម៉ាស (Biomass) ផ្តុំជាមួយថាមពលពន្លឺព្រះអាទិត្យ ចំនួន ១គម្រោង គម្រោងផលិតអគ្គិសនីដើរដោយឧស្ម័ន (LNG) ចំនួន ១គម្រោង គម្រោងវារីអគ្គិសនី ចំនួន ១គម្រោង និងគម្រោងស្ថានីយស្តុកថាមពល ចំនួន ២គម្រោង។

ក្នុងគម្រោងអភិវឌ្ឍន៍សរុបចំនួន ២៣ខាងលើ មានគម្រោងអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនី ចំនួន ២១គម្រោង ដែលមានអានុភាពសរុប ៣ ៩៥០មេហ្គាវ៉ាត់ និងមានគម្រោងអភិវឌ្ឍស្ថានីយស្តុកថាមពលចំនួន២គម្រោង ដែលមានអានុភាព ២ ០០០មេហ្គាវ៉ាត់៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង