ភ្នំពេញ៖ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសម្រេចបញ្ឈប់ការផ្ដល់អាជ្ញាប័ណ្ណផលិតស្រាបៀរ សម្រាប់ការចែកចាយនៅទីផ្សារក្នុងស្រុក ខណៈបច្ចុប្បន្នកម្ពុជាមានក្រុមហ៊ុនផលិតស្រាបៀរសម្រាប់ចែកចាយក្នុងស្រុកចំនួន៧។ សម្ដេចបញ្ជាក់ថា រាជរដ្ឋាភិបាលអនុញ្ញាតផ្ដល់អាជ្ញាប័ណ្ណ ចំពោះតែក្រុមហ៊ុនដែលផលិតស្រាបៀរសម្រាប់ការនាំចេញក្រៅស្រុកប៉ុណ្ណោះ។ ប្រសាសន៍នេះត្រូវបានថ្លែងឡើងក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ដរបស់ក្រសួងរ៉ែ និងថាមពល នៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤។
នាឱកាសនេះ សម្ដេច ហ៊ុន ម៉ាណែត បានលើកឡើងថា បច្ចុប្បន្ននេះមានក្រុមហ៊ុនចំនួន៧ កំពុងផលិតស្រាបៀរដើម្បីចែកចាយក្នុងស្រុក ដូច្នេះមិនតម្រូវឲ្យមានក្រុមហ៊ុនផលិតចែកចាយក្នុងស្រុកបន្ថែមទៀតនោះទេ ប៉ុន្តែបើធ្វើសម្រាប់នាំចេញក្រៅប្រទេស សម្ដេចនឹងអនុញ្ញាតផ្ដល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុននោះ។ សម្ដេចបញ្ជាក់ថា ការឆ្លើយបដិសេធរបស់រាជរដ្ឋាភិបាលកម្ពុជា ជុំវិញសំណើរបស់វិស័យឯកជន គឺដើម្បីជួយតម្រង់ទិស និងផ្ដល់យោបល់ជូនវិស័យឯកជន ខណៈទីផ្សារនេះមិនតម្រូវឲ្យមានបន្ថែមទៀតឡើយ។
ក្រៅពីរោងចក្រផលិតស្រាបៀរដើម្បីចែកចាយក្នុងស្រុកហើយនោះ សម្ដេចបានអះអាងចំពោះរាល់គម្រោងវិនិយោគផ្សេងៗ ដែលមានចំនួនច្រើន ហើយបញ្ហាទីផ្សារមានកំណត់ ក៏រាជរដ្ឋាភិបាលមិនអនុញ្ញាតទៀតនោះដែរ ដើម្បីទុកឱកាសឲ្យអ្នកដែលទទួលបានអាជ្ញាប័ណ្ណពង្រឹង និងពង្រីកសមត្ថភាពរបស់ខ្លួនផ្គត់ផ្គង់ទីផ្សារនៅពេលបច្ចុប្បន្ន។ នេះបើតាមការបញ្ជាក់បន្ថែមរបស់សម្ដេច ហ៊ុន ម៉ាណែត៕