
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍ជនបទ និង កសិកម្ម (ARDB) បានចេញលិខិតអបអរសាទរដល់ ឯកឧត្តម ប្រាក់ សុខុន ក្នុងឱកាសដែលរដ្ឋសភាបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តជា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
លោកបណ្ឌិត កៅ ថាច អគ្គនាយកធនាគារ ARDB បានលើកឡើងថា ក្នុងឱកាសដ៏វិសេសវិសាលថ្លៃថ្លាដែលរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តជា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្តី្រក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ” នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ តាងនាមថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់នៃធនាគារអភិវឌ្ឍន៍ជនបទ និង កសិកម្ម (ARDB) លោកបណ្ឌិតសម្តែងអំណរសាទរយ៉ាងក្រៃលែង និងសូមគោរពជូនពរជ័យ សិរីមង្គលដ៏មហាប្រសើរ ជូន ឯកឧត្តម ប្រាក់ សុខុន សូមទទួលបានសុខភាពល្អបរិបូរណ៍ កាយពលមាំមួន ប្រាជ្ញាវាងវៃ និងជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឆ្ពោះទៅរកភាពជោគជ័យលើកិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្របតាមស្មារតីរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ជាឧត្តមប្រយោជន៍ដល់សង្គមជាតិ ទទួលបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ ឯករាជ្យជាតិ បូរណភាពទឹកដីលិទ្ធិប្រជាធិបតេយ្យ និងការលើកស្ទួយកិត្យានុភាពជាតិឱ្យល្បីរន្ទឺទាំងក្នុងតំបន់ និងលើឆាកអន្តរជាតិ។
ជាថ្មីម្ដងទៀត ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់នៃធនាគារអភិវឌ្ឍន៍ជនបទ និង កសិកម្ម (ARDB) បួងសួងដល់គុណបុណ្យព្រះរតនត្រ័យ បារមីវត្ថុស័ក្តិសិទ្ធិក្នុងលោកសូមប្រទានពរជ័យគ្រប់ប្រការជូន ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមសមប្រកបដោយពុទ្ធពរនិងពរទាំងប្រាំប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ៕
.jpg?1732249329)