ភ្នំពេញ៖ ឯកអគ្គរាជទូតអេស្ប៉ាញប្រចាំកម្ពុជា បញ្ជាក់អំពីការតាំងចិត្តក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគី រួមទាំងកិច្ចការងារវិនិយោគរវាងកម្ពុជា និងអេស្ប៉ាញ និងបានស្នើសុំទៅកាន់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ក្នុងការពិនិត្យលទ្ធភាពសម្របសម្រួលរៀបចំវេទិការធុរកិច្ចក្នុងប្រទេសកម្ពុជា ដើម្បីបញ្ជ្រាបព័ត៌មានវិនិយោគ និងវិស័យលើកទឹកចិត្តនានា ជូនដល់ធុរជនអេស្ប៉ាញបន្ថែមទៀត។ ការបញ្ជាក់នេះត្រូវបានធ្វើឡើងក្នុងកិច្ចពិភាក្សាការងារជាមួយលោក ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤។
ក្នុងជំនួបនាឱកាសនេះ លោក Felipe De La Morena Casado ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រអេស្ប៉ាញប្រចាំកម្ពុជា បានបញ្ជាក់អំពីការតាំងចិត្តក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគី ទាក់ទាញ និងជំរុញវិនិយោគ ជាពិសេសបានស្នើសុំទៅកាន់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការពិនិត្យលទ្ធភាពសម្របសម្រួលរៀបចំវេទិការធុរកិច្ចក្នុងប្រទេសកម្ពុជា ដើម្បីបញ្ជ្រាបព័ត៌មានវិនិយោគ និងវិស័យលើកទឹកចិត្តនានា ជូនដល់ធុរជនអេស្ប៉ាញបន្ថែមទៀត។ លោកក៏បានឆ្លៀតឱកាសនេះដើម្បីសាកសួរអំពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោក ស៊ុន ចាន់ថុល ទៅកាន់ប្រទេសអេស្ប៉ាញ កាលពីខែមិថុនាកន្លងទៅផងដែរ។
ជាការឆ្លើយតប លោក ស៊ុន ចាន់ថុល បានលើកឡើងអំពីលទ្ធផលយ៉ាងល្អប្រសើរ និងប្រកបដោយផ្លែផ្កាដែលទទួលបានពីបេសកកម្មគោះទ្វារវិនិយោគនៅប្រទេសអេស្ប៉ាញ ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសហការរៀបចំជាមួយបណ្ដាក្រសួងស្ថាប័ន និងគ្រប់ភាគីពាក់ព័ន្ធ កាលពីខែមិថុនា ឆ្នាំ២០២៤ កន្លងទៅនេះ។ លោកបានបញ្ជាក់ការគាំទ្រយ៉ាងពេញទំហឹងចំពោះក្រុមហ៊ុនអេស្ប៉ាញ ដែលគ្រោងនឹងបណ្ដាក់ទុនវិនិយោគនៅកម្ពុជានាឱកាសនាមួយខាងមុខផងដែរ៕