តាកែវ៖ ស្ត្រីម្នាក់អាយុ៤១ឆ្នាំ បានស្លាប់បន្ទាប់ពីទទួលការព្យាបាលពីគ្លីនិកឥតច្បាប់មួយកន្លែង នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅស្រុកបាទី ខេត្តតាកែវ។
យោងតាមសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តតាកែវ និងមន្ទីរសុខាភិបាលខេត្តបានឲ្យដឹងថា ស្ត្រីម្នាក់មានឈ្មោះ ណាំ ចន្ធូ អាយុ៤១ឆ្នាំ នៅភូមិទឹកថ្លា ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ បានស្លាប់បន្ទាប់ពីទទួលការព្យាបាលពីគ្លីនិកឥតច្បាប់មួយកន្លែង មានស្លាក់យីហោឈ្មោះ សុងហាក់ ម៉ារីណា ដែលជាគ្លីនិកផ្តល់សេវាសុខាភិបាលឥតច្បាប់។
ក្រោយទទួលបានដំណឹង មន្ទីរសុខាភិបាលខេត្តតាកែវ បានប្រកាសបញ្ឈប់ដំណើរការទីតាំងផ្តល់សេវាសុខាភិបាលឥតច្បាប់មួយនេះ ដោយមិនឲ្យធ្វើអាជីវកម្ម និងសកម្មភាពបន្តទៀតទេ ហើយអាជ្ញាធរមានសមត្ថកិច្ចក៏បានចុះឃាត់ខ្លួនម្ចាស់ទីតាំងដើម្បីសាកសួរ និងចាត់វិធានការតាមផ្លូវច្បាប់ផងដែរ៕