ភ្នំពេញ៖ រយៈពេល១០ខែឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មសរុបកម្ពុជា-ចក្រអង់គ្លេស សម្រេចបាន ៦៧៤លានផោន ឬ ៨៥០ លានដុល្លារ កើនឡើង ១៦% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣ ដែលការនាំចេញរបស់កម្ពុជា ទៅកាន់ចក្រភពអង់គ្លេសក្នុងឆ្នាំ២០២៤ មានកំណើន ២១% ក្នុងនោះផងដែរ ផលិតផលសម្លៀកបំពាក់ ស្បែកជើង និងកង់ គឺឈរលើលំដាប់កំពូលទាំងបីនៃមុខទំនិញនាំចេញទាំងអស់។ នេះបើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម។
លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក្នុងពិធីបើកសម្ពោធពិព័រណ៌ពាណិជ្ជកម្មអន្តរជាតិកម្ពុជា នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បានលើកឡើងថា ជាមួយនឹងលក្ខខណ្ឌពាណិជ្ជកម្មដែលមានអំណោយផលផ្ដល់ដោយចក្រភពអង់គ្លេស បានធ្វើឱ្យការនាំចេញផលិតផលធ្វើដំណើរ មានកំណើនខ្ពស់គួឱ្យកត់សម្គាល់ប្រមាណ៧៦,២៣% ធៀបនឹងឆ្នាំមុន។
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានបន្តថា កម្ពុជា និងចក្រភពអង់គ្លេសមានទំនាក់ទំនងយ៉ាងជិតស្និទ្ធលើគ្រប់វិស័យ ដែលមិត្តភាពដ៏រឹងមាំនេះត្រូវថែរក្សាតាមរយៈកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ។ ភាគីទាំងពីរប្ដេជ្ញាចិត្តរួមគ្នាដើម្បីជំរុញកំណើនពាណិជ្ជកម្មទ្វេភាគី និងរួមគ្នាដោះស្រាយបញ្ហាប្រឈមដែលកំពុងកើតមាន និងអាចកើតមាននាពេលអនាគត ជាមួយចក្ខុវិស័យច្បាស់លាស់ក្នុងការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងប្រកបដោយចរីភាពចំពោះវិស័យឯកជន។
គួរបញ្ជាក់ថា ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជា ត្រូវបានបើកសម្ពោធជាផ្លូវការនៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ ពិព័រណ៍នេះ នឹងជួយជំរុញការនាំចេញផលិតផល វាយនភណ្ឌ សំលៀកបំពាក់ និងស្បែកជើងទៅកាន់ចក្រភពអង់គ្លេស មិនត្រឹមតែតាមរយៈការតាំងបង្ហាញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានការបង្កើតបណ្តាញទំនាក់ទំនងជាមួយនឹងអ្នកបញ្ជាទិញសំខាន់ៗរបស់ចក្រភពអង់គ្លេស លើផលិតផលផងដែរ។ ព្រឹត្តិការណ៍ពិព័រណ៍នេះ បានរៀបចំឱ្យមានស្តង់ចំនួន៧៥ ហើយនឹងមានការផ្ដល់ជូននូវព័ត៌មានទីផ្សារ និងរៀបចំជាវេទិកាជជែកកិច្ចពិភាក្សាផងដែរ។
សូមរំលឹកថា រយៈពេល១០ខែ ឆ្នាំ២០២៤ ការនាំចេញសរុបរបស់កម្ពុជាឈានដល់ ៤៥.៥ ប៊ីលានដុល្លារ ដែលក្នុងនោះការនាំចេញវាយនភណ្ឌមានប្រមាណ ៤០៦លានដុល្លារ កើនឡើង ១៤.៤៧%) ការនាំចេញសម្លៀកបំពាក់ឈានដល់ ៨ប៊ីលានដុល្លា ការកើនឡើង ២៣.៦៦%) និងការនាំចេញស្បែកជើង ១.៣ ប៊ីលានដុល្លារ (កើនឡើង ២២.៣៣%)៕