Cc times  web banner kh

ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជានឹងជួយជំរុញការនាំចេញផលិតផលសំខាន់ៗមួយចំនួនរបស់កម្ពុជាទៅកាន់ចក្រភពអង់គ្លេស

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជា ត្រូវបានបើកសម្ពោធជាផ្លូវការនៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ ពិព័រណ៍នេះ នឹងជួយជំរុញការនាំចេញផលិតផល វាយនភណ្ឌ សំលៀកបំពាក់ និងស្បែកជើងទៅកាន់ចក្រភពអង់គ្លេស។

ថ្លែងក្នុងពិធីបើក លោកជំទាវ ចម និម្មល វាយតម្លៃខ្ពស់ចំពោះបណ្តាញសហគ្រិនស្ត្រីកម្ពុជា (CamWEN) នូវកិច្ចខិតខំប្រឹងប្រែងក្នុងការរៀបចំឡើងនូវព្រឹត្តិការណ៍ពិព័រណ៍នេះ ដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងជំរុញការនាំចេញផលិតផល វាយនភណ្ឌ សំលៀកបំពាក់ និងស្បែកជើងទៅកាន់ចក្រភពអង់គ្លេស មិនត្រឹមតែតាមរយៈការតាំងបង្ហាញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានការបង្កើតបណ្តាញទំនាក់ទំនងជាមួយនឹងអ្នកបញ្ជាទិញសំខាន់ៗរបស់ចក្រភពអង់គ្លេស លើផលិតផលផងដែរ។

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មរូបនេះ បានបញ្ជាក់ថា កម្ពុជា និងចក្រភពអង់គ្លេសមានទំនាក់ទំនងយ៉ាងជិតស្និទ្ធលើគ្រប់វិស័យ ដែលមិត្តភាពដ៏រឹងមាំនេះត្រូវបានថែរក្សាតាមរយៈកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ ដោយកាលពីសប្ដាហ៍មុនក្រសួងពាណិជ្ជកម្ម និងស្ថានទូតអង់គ្លេសប្រចាំកម្ពុជា បានរៀបចំវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នារវាងកម្ពុជា និងចក្រភពអង់គ្លេស ជាលើកទី២ នៅរាជធានីភ្នំពេញ ក្នុងគោលបំណង និងការប្តេជ្ញាចិត្តរួមគ្នាដើម្បីជំរុញកំណើនពាណិជ្ជកម្មទ្វេភាគី និងរួមគ្នាដោះស្រាយបញ្ហាប្រឈមដែលកំពុងកើតមាន និងអាចកើតមាននាពេលអនាគត ជាមួយចក្ខុវិស័យច្បាស់លាស់ក្នុងការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងប្រកបដោយចរីភាពចំពោះវិស័យឯកជន។

ជាចុងក្រោយ លោកជំទាវ បានចែករំលែកនូវគំនិតផ្តួចផ្តើមថ្មីៗ ដែលក្រសួងពាណិជ្ជកម្មបានរៀបចំ ដាក់ចេញដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ចនៅកម្ពុជា ពាក់ព័ន្ធជាមួយកិច្ចសម្រួលពាណិជ្ជកម្ម ការធ្វើពិពិធកម្មទីផ្សារ ការលើកកម្ពស់ភាពជាដៃគូនិងកិច្ចសន្ទនា ការកសាងច្បាប់ និងបទប្បញ្ញតិផ្សេងៗ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង