ភ្នំពេញ៖ កម្ពុជាបាននាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិ ក្នុងទំហំទឹកប្រាក់ប្រមាណ ២១.៥ពាន់លានដុល្លារ កើនឡើង១៦% ក្នុងរយៈពេល១០ខែ ឆ្នាំ២០២៤នេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ ទំនិញសំខាន់ៗ ដែលកម្ពុជាបាននាំចេញភាគច្រើន គឺសម្លៀកបំពាក់ ស្បែកជើង គ្រឿងអេឡិចត្រូនិក ផលិតផលកសិកម្ម និងផលិតផលសំខាន់ៗផ្សេងទៀត។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
បើតាមរបាយការណ៍ ចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាបានកើនឡើងដល់ ៤៥ពាន់លាន់ដុល្លារ មានកំណើន១៦.៥% ក្នុងនោះកម្ពុជាបាននាំចេញក្នុងទំហំទឹកប្រាក់ ២១.៥ពាន់លាន់ដុល្លារ កើនឡើង ១៦% ខណៈការនាំចូលមកវិញមានទំហំប្រាក់ ២៣.៥ពាន់លានដុល្លារ កើនឡើង ១៧%។
របាយការណ៍បញ្ជាក់ថា សហរដ្ឋអាម៉េរិក នៅតែស្ថិតនៅជាប្រទេសនាំមុខ ដែលកម្ពុជានាំចេញទំនិញច្រើនជាងគេ បន្ទាប់មកប្រទេសវៀតណាម ចិន ជប៉ុន ថៃ កាណាដា អាល្លឺម៉ង់ អង់គ្លេស អេស្ប៉ាញ ហូឡង់បារាំង អ៊ីតាលី រួមនឹងប្រទេសមួយចំនួនទៀត៕