ប្រទេសប៉េរ៉ូ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ធនាគារ ARDB និង ជាប្រធានក្រុមប្រឹក្សាភិបាលសមាគម អភិវឌ្ឍន៍ហិរញ្ញវត្ថុក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក( ADFIAP) ក្នុងកម្មវិធីថ្លែងសុន្ទរកថា បើកកិច្ចប្រជុំអន្តរជាតិនៃធនាគារអភិវឌ្ឍន៍សម្រាប់តំបន់ឡាទីនអាមេរិក- ខារាប៊ែន (Latin America-and Caribean) និងអាស៊ីប៉ាស៊ីហ្វិក នៅប្រទេសប៉េរ៉ូ ចាប់ពីថ្ងៃទី១៣ និង ១៤ ខែវិច្ឆិកា ឆ្នាំ២០២៤។
កិច្ចប្រជុំអន្តរជាតិនៃធនាគារអភិវឌ្ឍន៍នេះរៀបចំដោយសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ ALIDE និងសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ ADFIAP និងដោយមានកិច្ចសហការពីធនាគារអភិវឌ្ឍន៍អន្តរអាមេរិក (Inter-American Development Bank - IDB) និងធនាគារអភិវឌ្ឍន៍នៃតំបន់ឡាទីនអាមេរិកនិងតំបន់ខារីប៊ែន ស្របពេលដែលប្រទេសប៉េរូធ្វើជាម្ចាស់ផ្ទះនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក-Asia-Pacific Economic Cooperation (APEC)។
កិច្ចប្រជុំអន្តរជាតិនៃធនាគារអភិវឌ្ឍន៍ក្រោមឆ័ត្រនៃវេទិកា APEC លើកយកប្រធានបទ"កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ការតភ្ជាប់អាមេរិកឡាទីននិងតំបន់ខារីប៉ែន និងតំបន់អាស៊ី-ប៉ាស៊ីហ្វិក តាមរយះគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍" មានគោលបំណងសំខាន់គឺ៖ (១) ដើម្បីជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិរវាងគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍នៅតំបន់អាមេរិកឡាទីន និងតំបន់ខារីប៊ែន និងតំបន់អាស៊ី-ប៉ាស៊ីហ្វិក, កិច្ចសហប្រតិបត្តិការខាងត្បូង-ខាងត្បូង, វេទិកាចែករំលែកបទពិសោធន៍, ការអនុវត្តល្អបំផុត, និងយុទ្ធសាស្ត្រច្នៃប្រឌិតសម្រាប់ការអភិវឌ្ឍប្រកបដោយប្រសិទ្ធភាពខ្ពស់ដល់សេដ្ឋកិច្ច និងសង្គម, (២) ដើម្បីដោះស្រាយបញ្ហាសំខាន់ៗទាក់ទងនឹងរបៀបវារៈនៃការធ្វើសមាហរណកម្មរវាងតំបន់អាមេរិកឡាទីន និងតំបន់អាស៊ីប៉ាស៊ីហ្វិក លើការអភិវឌ្ឍប្រកបដោយចីរភាព, បរិយាបន្នហិរញ្ញវត្ថុ,ទំនើបកម្មបច្ចេកវិទ្យាឌីជីថលនៃសេវាកម្មហិរញ្ញវត្ថុ និងការផ្តល់ហិរញ្ញប្បទានបៃតង និងហេដ្ឋារចនាសម្ព័ន្ធដែលមានភាពធន់នឹងកាសធាតុ, និង(៣) ដើម្បីលើកកម្ពស់ការបង្កើតសម្ព័ន្ធភាពជាយុទ្ធសាស្ត្ររវាងធនាគារអភិវឌ្ឍន៍ប្រទេសនីមួយៗ ជាមួយនឹងអង្គការសម្រាប់ការអភិវឌ្ឍន៍ពហុភាគី ក្រុមហ៊ុនឯកជន និងស្ថាប័នរដ្ឋនៅតំបន់អាមេរិកឡាទីន និងតំបន់អាស៊ី-ប៉ាស៊ីហ្វិក, ដើម្បីពង្រឹងការគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស សម្រាប់គម្រោងដែលរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាព និងសុខុមាលភាពសង្គមសេដ្ឋកិច្ចនៃតំបន់ទាំងពីរ។
ជាមួយគ្នានេះ លោកបណ្ឌិត កៅ ថាច នឹងអញ្ជើធ្វើជាវាគ្មិនក្នុងកិច្ចពិភាក្សាដ៍មានសារៈសំខាន់ តី “ការពង្រឹងការអភិវឌ្ឍប្រកបដោយចិរភាព (Empowerment for Sustainable Development)"ដែលសំដៅដល់យុទ្ធសាស្ត្រក្នុងការរួបរួមគ្នាដើម្បីគាំទ្រការអភិវឌ្ឍប្រកបដោយចីរភាព និងរួមចំណែកដល់កំណើនសេដ្ឋកិច្ច៕