ភ្នំពេញ៖ ការធ្វើដំណើរតាមផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នឹងបញ្ចុះតម្លៃ២០% រយៈពេល៣ថ្ងៃនៃឱកាសនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក គឺចាប់ពីថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
បើតាមសេចក្ដីប្រកាស ដើម្បីចូលរួមអបអរសាទរនៅក្នុងឱកាសនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤នេះ ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នឹងបញ្ចុះតម្លៃ ២០% សម្រាប់យានយន្តគ្រប់ប្រភេទដែលធ្វើដំណើរតាមផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ រយៈពេល ៣ថ្ងៃ គិតចាប់ពីថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤។
ទន្ទឹមនឹងនេះ ចំពោះយានយន្តដឹកទំនិញធុនធ្ងន់ដែលមានទម្ងន់ផ្ទុកលើសពី១០តោនឡើងទៅ ការបញ្ចុះតម្លៃត្រូវបានរក្សាដដែលទៅតាមម៉ោងកំណត់ដូចខាងក្រោម៖
- ចាប់ពីម៉ោង ៨:០០នាទី ដល់ ម៉ោង ២០:០០នាទី បញ្ចុះតម្លៃ ៤០%
- ចាប់ពីម៉ោង ២០:០០នាទី ដល់ ម៉ោង ៨:០០នាទី បញ្ចុះតម្លៃ ៦០%
ក្រសួងសាធារណការ និងដឹកជញ្ជូន សូមយកឱកាសនេះសំណូមពរដល់សាធារណជន និងអ្នកប្រើប្រាស់ផ្លូវទាំងអស់ សូមបើកបរដោយការប្រុងប្រយ័ត្នខ្ពស់ និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាដើម្បីរក្សាអាយុជីវិត និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យបានជាអតិបរមា៕