ទីក្រុងប្រាក សាធារណរដ្ឋឆែក៖ ក្រុមហ៊ុនចំនួន៤របស់សាធារណរដ្ឋឆែក កំពុងមានចំណាប់អារម្មណ៍នឹងពិនិត្យលទ្ធភាពបណ្ដាក់ទុនវិនិយោគនៅកម្ពុជា លើវិស័យមានជាអាទិ៍ ការផលិតឧបករណ៍វេជ្ជសាស្រ្ត ការសិក្សាស្រាវជ្រាវ និងការផលិតទឹកស្អាតជាដើម។ ចំណាប់អារម្មណ៍នេះ ត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សាការងាររវាងលោក ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយលោក Jiří Kozák អនុរដ្ឋមន្ត្រីការបរទេស នៃក្រសួងការបរទេសនៃសាធារណរដ្ឋឆែក នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤។
ក្រោមការទទួលយ៉ាងកក់ក្ដៅពីក្រសួងការបរទេសនៃសាធារណរដ្ឋឆែក ក្នុងកិច្ចពិភាក្សានាឱកាសនេះ ភាគីទាំងពីរបានបង្ហាញចំណាប់អារម្មណ៍អំពីទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការងារនានាសម្រាប់ពង្រឹងទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ពិសេសតាមរយៈកិច្ចការងារវិនិយោគឯកជន។
តាមរយៈជំនួបនេះក៏មានការលើកឡើងអំពីក្រុមហ៊ុនចំនួន៤របស់ឆែក ដែលកំពុងមានចំណាប់អារម្មណ៍នឹងពិនិត្យលទ្ធភាពបណ្ដាក់ទុនវិនិយោគនៅកម្ពុជា លើវិស័យមានជាអាទិ៍ការផលិតឧបករណ៍វេជ្ជសាស្រ្ត ការសិក្សាស្រាវជ្រាវ និងការផលិតទឹកស្អាតជាដើម៕