ឥណ្ឌូនេស៊ី៖ លោកបណ្ឌិត កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) បានលើកយកប្រធានបទចម្បងចំនួន៤ មកពិភាក្សាក្នុងវេទិកាអន្តរជាតិថ្នាក់ដឹកនាំជាន់ខ្ពស់របស់សមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក លើកទី ១៧ (ADFIAP International CEO Forum XVII) នាថ្ងៃថ្ងៃទី៦-៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅកោះបាលី នៃប្រទេសឥណ្ឌូនេស៊ី ក្រោមប្រធានបទ “ការកសាងអនាគតប្រកបដោយចីរភាព៖ តួនាទីដ៏សំខាន់របស់គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍នៅក្នុងរបៀបវារៈនៃការអភិវឌ្ឍដែលបញ្ចេញកាបូនតិច”។
ប្រធានបទចម្បងទាំង៤ ដែលត្រូវបានលើកយកមកពិភាក្សាក្នុងវេទិការអន្តរជាតិនេះមានដូចជា៖ ទី១ អន្តរកាលថាមពលប្រកបដោយសីលធម៌ ដែលបានផ្តោតសំខាន់លើតម្រូវការវិនិយោគនិងគំនិតផ្តួចផ្តើមផ្សេងៗបន្ថែមទៀត ក្នុងការផ្លាស់ប្តូរពីការប្រើប្រាស់ឥន្ទនៈហ្វូស៊ីលទៅប្រើប្រាស់ថាមពលកកើតឡើងវិញ។ ទី២ បរិវត្តកម្មឌីជីថល ផ្តោតលើការផ្តល់ឱកាសដល់អ្នកចូលរួមស្វែងយល់អំពីដំណោះស្រាយតាមបែបឌីជីថល។ ទី៣ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដែលមានភាពធន់ ផ្តោតលើសារៈសំខាន់នៃការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព និងធន់នឹងអាកាសធាតុ។ ទី៤ លទ្ធភាពទទួលបានជាសកលនូវសេវាកម្មផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ដែលបានរំលេចពីការព្រួយបារម្ភចំពោះបញ្ហាកង្វះទឹកដោយសារការប្រែប្រួលអាកាសធាតុ និងសង្កត់ធ្ងន់ពីតម្រូវការហិរញ្ញប្បទាន ដើម្បីសម្រេចបានលទ្ធភាពទទួលបានជាសកលនូវសេវាផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យ។
ជាលទ្ធផល, វេទិកាអន្តរជាតិថ្នាក់ដឹកនាំជាន់ខ្ពស់គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍របស់សមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក លើកទី ១៧ បានផ្ដល់ឱកាសដល់ថ្នាក់ដឹកនាំជាន់ខ្ពស់គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍របស់សមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក បានទទួលនូវបទពិសោធន៍ និងឧត្តមានុវត្តថ្មីៗ ក្នុងការលើកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព ពិសេសតួនាទីរបស់គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍នៅក្នុងរបៀបវារៈនៃការអភិវឌ្ឍដែលបញ្ចេញកាបួនតិច។
គួរបញ្ជាក់ថា វេទិកានេះការចូលរួមពីថ្នាក់ដឹកនាំធនាគារអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក និងភាគីពាក់ព័ន្ធ សរុបចំនួនជាង ១៥០រូប ដែលតំណាងគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ចំនួន ៥០ មកពី ២៣ប្រទេស ដើម្បីពិភាក្សាអំពីប្រធានបទសំខាន់ៗ និងបង្កើតឱកាសសម្រាប់កិច្ចសហប្រតិបត្តិការនានាសំដៅជំរុញរបៀបវារៈនៃការអភិវឌ្ឍដែលបញ្ចេញកាបូនតិច (Low-Carbon Development Agenda) ។ វេទិកានេះ ត្រូវបានរៀបចំឡើងដោយគ្រឹះស្ថានហិរញ្ញវត្ថុPT Sarana Multi Infrastruktur (Persero) ក្នុងគោលបំណងជំរុញឱ្យមានការទំនាក់ទំនងកាន់តែប្រសើរឡើងរវាងគ្រឹះស្ថានហិរញ្ញវត្ថុ លើកកម្ពស់កិច្ចសហប្រតិបត្តិការ និងស្វែងរកវិធីសាស្ត្រប្រកបដោយនវានុវត្តន៍ ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ក្រោមប្រធានបទ “ការកសាងអនាគតប្រកបដោយចីរភាព៖ តួនាទីដ៍សំខាន់របស់គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍នៅក្នុងរបៀបវារៈនៃការអភិវឌ្ឍដែលបញ្ចេញកាបូនតិច”។
វេទិកានេះ ផ្តោតសំខាន់ទៅលើតួនាទីដ៍សំខាន់របស់គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ ក្នុងដំណើរឆ្ពោះទៅរកសេដ្ឋកិច្ចដែលបញ្ចេញកាបូនតិច តាមរយះការចែករំលែកបទពិសោធនានា នៅក្នុងការគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងការផ្តល់ហិរញ្ញប្បទានប្រកបដោយចីរភាព ព្រមទាំងការវិនិយោគរយះពេលវែង ក្នុងការលើកកម្ពស់ការអភិវឌ្ឍដ្ឋារចនាសម្ព័ន្ធបៃតង ការវិនិយោគលើថាមពលកកើតឡើងវិញកិច្ចខិតខំប្រឹងប្រែងក្នុងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងការបណ្តុំខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ៕