ភ្នំពេញ៖ ប្រធានវិទ្យាស្ថាន ERIA បានបង្ហាញការប្ដេជ្ញាចិត្តក្នុងការបន្តភាពជាដៃគូដ៏ល្អប្រសើរជាមួយរាជរដ្ឋាភិបាល ដើម្បីចូលរួមចំណែកសម្រេចចក្ខុវិស័យកម្ពុជានៅឆ្នាំ២០៥០ របស់រាជរដ្ឋាភិបាលកម្ពុជា និងបំណងជួយសម្របសម្រួលក្នុងការភ្ជាប់ទំនាក់ទំនងរវាងវិនិយោគគិនបរទេស ជាមួយនឹងប្រទេសកម្ពុជា ដែលមានសក្តានុពលច្រើន។ ការប្ដេជ្ញានេះ ត្រូវបានធ្វើឡើងក្នុងកិច្ចពិភាក្សាការងារជាមួយសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាថ្ងៃទី៨ ខែវិច្ចិកា ឆ្នាំ២០២៤ នៅវិមានសន្ដិភាព។
នាឱកាសនេះ លោក Tetsuya Watanabe ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់កិច្ចការអាស៊ាន និង អាស៊ីបូព៌ា (ERIA) បានវាយតម្លៃខ្ពស់ចំពោះការបន្តវិវឌ្ឍរីកចម្រើន នៅកម្ពុជា ព្រមទាំងបានបង្ហាញនូវជំនឿជឿជាក់ថា ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍកាន់តែខ្លាំងក្លាថែមទៀត។ លោកប្រធានវិទ្យាស្ថាន បានគោរពរាយការណ៍ជូនសម្ដេចបវរធិបតីអំពីបច្ចុប្បន្នភាព និងវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរបស់វិទ្យាស្ថាន ជាមួយក្រសួង-ស្ថាប័នរបស់កម្ពុជា ក្នុងការរៀបចំក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម ព្រមទាំង ការកសាងសមត្ថភាព។
លោកប្រធានវិទ្យាស្ថានបានបង្ហាញការប្ដេជ្ញាចិត្តក្នុងការបន្តភាពជាដៃគូដ៏ល្អប្រសើរជាមួយរាជរដ្ឋាភិបាល ដើម្បីចូលរួមចំណែកសម្រេចចក្ខុវិស័យកម្ពុជានៅឆ្នាំ២០៥០ របស់រាជរដ្ឋាភិបាលកម្ពុជា និងបំណងជួយសម្របសម្រួលក្នុងការភ្ជាប់ទំនាក់ទំនងរវាងវិនិយោគគិនបរទេស ជាមួយនឹងប្រទេសកម្ពុជា ដែលមានសក្តានុពលច្រើន។
ទន្ទឹមនឹងនេះ សម្ដេច ហ៊ុន ម៉ាណែត ក៏បានវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូដ៏ល្អប្រសើរវិទ្យាស្ថាន ERIA និងក្រសួង-ស្ថាប័នរបស់កម្ពុជា និងបានចែករំលែកអំពីគោលនយោបាយ យន្តការ និងគំនិតផ្តួចផ្តើមមួយចំនួនរបស់រាជរដ្ឋាភិបាល ដើម្បីបង្កើត និងធានាបរិយាកាសធុរកិច្ច និងវិនិយោគប្រកបដោយភាពទាក់ទាញ។ សម្ដេចបានស្វាគមន៍បំណងរបស់វិទ្យាស្ថានក្នុងការសម្របសម្រួលនិងភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជនបរទេស ជាមួយប្រទេសកម្ពុជា ព្រមទាំងលើកទឹកចិត្តលោកប្រធានវិទ្យាស្ថាន បន្តកិច្ចសន្ទនា និងភាពជាដៃគូឱ្យកាន់តែជិតស្និទ្ធថែមទៀត ជាមួយក្រសួង-ស្ថាប័នរបស់កម្ពុជា៕