បារាំង៖ សមាគមឧកញ៉ាកម្ពុជា កាលពីរសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអមដំណើរលោក ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ពិភាក្សាការងារជាមួយលោក Philippe Delleur អនុប្រធានជាន់ខ្ពស់ផ្នែកកិច្ចការសាធារណៈនៃក្រុមហ៊ុន Alstom Group ដែលជាក្រុមហ៊ុនវិនិយោគលើវិស័យដឹកជញ្ជូន ពិសេសការដឹកជញ្ជូនតាមផ្លូវដែកដ៏ធំជាងគេនៅក្នុងប្រទេសបារាំង និងក្នុងទ្វីបអឺរ៉ុប។
តាមរយៈជំនួបនេះ ក្រុមហ៊ុនបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅចំពោះដំណើរទស្សនកិច្ចរបស់ប្រតិភូកម្ពុជា ព្រមទាំងបង្ហាញសុទិដ្ឋិនិយមក្នុងការពិនិត្យលទ្ធភាពចូលរួមជំរុញហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកកម្ពុជា ឱ្យស្របតាមបច្ចេកទេសជាសកល ដែលអាចជំរុញភាពទាន់ពេលវេលា និងកាត់បន្ថយការបំពុលបរិស្ថានជាដើម។
ក្នុងកិច្ចពិភាក្សានេះដែរ លោក ស៊ុន ចាន់ថុលអំពីកិច្ចការងារដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងអនុវត្តលើការធ្វើឱ្យប្រសើរឡើង និងសិក្សាសមិទ្ធិលទ្ធភាពលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកនៅកម្ពុជា មានជាអាទិ៍ ការធ្វើឱ្យប្រសើរឡើងផ្លូវដែកភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត, ការធ្វើឱ្យប្រសើរឡើងផ្លូវដែកភាគខាងត្បូង ភ្នំពេញ-ព្រះសីហនុ, គម្រោងសិក្សាសមិទ្ធិលទ្ធភាពរថភ្លើងធុនស្រាលតភ្ជាប់ពីអាកាសយានដ្ឋានសៀមរាប-ក្រុងសៀមរាប, និងគម្រោងសិក្សាសមិទ្ធិលទ្ធភាពប្រភេទរថភ្លើងក្រោមដី, AGT, Monorail និង Metro ជាដើម៕