Cctime 6monthsfree desktop
Cc times  web banner kh (2)

សាលាតិចណូ(ITC)ច្រានចោលព័ត៌មានចុះផ្សាយថា«សាលានឹងលក់ឲ្យឈ្មួញក្រោមរូបភាពដោះដូរដី»

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) នៅថ្ងៃទី០៨ វិច្ឆិកានេះ បានចេញសេចក្តីប្រកាសបដិសេធ និងច្រានចោលទាំងស្រុង ចំពោះការចុះផ្សាយព័ត៌មានមិនពិតរបស់ VOD Khmer កាលពីថ្ងៃទី០៧ វិច្ឆិកា ឆ្នាំ២០២៤ នៅលើបណ្តាញសង្គម Facebook, TikTok និង YouTube Channel ថា “វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឬហៅកាត់ថាសាលាតិចណូ ត្រូវគេលក់ឱ្យឈ្មួញហើយក្រោមរូបភាពដោះដូរដី“។

តបទៅនឹងព័ត៌មាននេះ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានប្រកាសបដិសេធ និងច្រានចោលទាំងស្រុង ចំពោះការចុះផ្សាយព័ត៌មានមិនពិតខាងលើ និងចាត់ទុកថា ការចុះផ្សាយព័ត៌មានមិនពិត គ្មានមូលដ្ឋានច្បាស់លាស់ មានចរិតបង្ខូចកិត្តិយសគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងបំពុលបរិយាកាសសង្គម ដែលធ្វើឱ្យសាធារណជនមានការភាន់ច្រឡំ។

ផ្ទុយពីការចោទប្រកាន់ដោយគ្មានមូលដ្ឋាននេះ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាទីតាំងគោលស្ថិតនៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី បាននិងកំពុងតែអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ មន្ទីរពិសោធន៍ និងសាស្ត្រាចារ្យ អ្នកស្រាវជ្រាវពូកែៗ ជាបន្តបន្ទាប់ដើម្បីបណ្តុះបណ្តាលធនធានមនុស្ស និងស្រាវជ្រាវលើជំនាញវិស្វកម្ម វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដែលមានការទទួលស្គាល់កម្រិតជាតិ តំបន់ និងអន្តរជាតិ។

ទន្ទឹមនឹងនេះដែរ ដើម្បីបំពេញតម្រូវការនៃការបណ្តុះបណ្តាល និងស្រាវជ្រាវ ជាពិសេសឆ្លើយតបទៅនឹងគោលនយោបាយនានា របស់រាជរដ្ឋាភិបាលកម្ពុជា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបានពង្រីកសាខារបស់ខ្លួនបន្ថែមទៀតដោយ កំពុងសាងសង់បន្ថែមនូវហេដ្ឋារចនាសម្ព័ន្ធ នៅសាខាវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលស្ថិតតាមបណ្ដោយមហាវិថីឈ្នះឈ្នះ រាជធានីភ្នំពេញ។

ជាថ្មីម្តងទៀត វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានធ្វើការបដិសេធទាំងស្រុងនូវព័ត៌មានមិនពិត ដែលផ្សព្វផ្សាយដោយសារព័ត៌មាន VOD Khmer និងស្នើសុំធ្វើការកែតម្រូវការផ្សព្វផ្សាយព័ត៌មានមិនពិតខាងលើ៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង