
ភ្នំពេញ៖គណៈរដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី៩ តុលានេះ បានបើកកិច្ចប្រជុំពេញរបស់ខ្លួនក្រោមអធិបតីភាពរបស់សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីពិភាក្សាលើបញ្ហាសំខាន់ៗមួយចំនួន។ថ្លែងក្នុងកិច្ចប្រជុំពេញអង្គ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចហ៊ុន សែន បានអះអាងថា ក្នុងសម័យកូវីដ-១៩ កម្ពុជាស្ថិតនៅស្ថានភាពល្អប្រសើរ បើសិនប្រៀបធៀបទៅនិងប្រទេសដទៃមួយចំនួនលើវិស័យហិរញ្ញវត្ថុ ហើយមកដល់ពេលនេះកម្ពុជាមិនទាន់ស្នើម្ចាស់បំណុល«ពន្យាការបង់ប្រាក់កម្ចី»ទេ។នេះបើតាមការចុះផ្សាយរបស់លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា។
សម្តេចហ៊ុន សែន បានគូសបញ្ជាក់ថា នៅសម័យ Covid-19កម្ពុជាមិនបានស្នើដល់ម្ចាស់បំណុល ក្នុងកិច្ចពន្យាការបង់ប្រាក់កម្ចី ឬកាតព្វកិច្ចហិរញ្ញវត្ថុអន្តរជាតិនោះទេ។ហើយកម្ពុជានៅតែមានសកម្មភាពដ៏សកម្មក្នុងកិច្ចបញ្ចេញសាច់ប្រាក់គាំទ្រកម្មវិធីវិនិយោគ ដូចជានៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ (កំពង់សោម-សៀមរាប) ជាដើម។
ក្នុងវិស័យហិរញ្ញប្បទាន សម្តេច បានកត់សម្គាល់ឃើញថា ក៏មានសកម្មភាពរស់រវើកដោយមាន ការសង្រ្គោះជនក្រីក្រ និងងាយរងគ្រោះ និងកិច្ចបណ្ដាក់ទុនសាធារណៈ ក្នុងការកសាងផ្លូវថ្នល់ ប្រឡាយទឹក ឬគម្រោងខ្នាតតូចនៅតាមមូលដ្ឋានជាដើមនោះ ទោះបីនៅក្នុងសម្ពាធនៃជំងឺ Covid-19 ។រីឯការចំណាយចរន្តដូចជាប្រាក់បៀវត្សមន្រ្តីរាជការ នៅតែរក្សាបានប្រក្រតីភាព ក្នុងការទទួលបានបៀរវត្សពីរដងក្នុងមួយខែ។
គួរបញ្ជាក់ថា យោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច បានឱ្យដឹងថា ភាពជឿទុកចិត្តនៃថវិកា គិតត្រឹមត្រីមាសទី២ ការអនុវត្តចំណូលសម្រេចបាន ៤៥.៣% ធៀបនឹងច្បាប់ដែលមានទំហំប្រមាណ ១១ ៩៣១ ប៊ីលានរៀល ខណៈចំណាយថវិកាជាតិសម្រេចបាន ៤០.១% ក្នុងទំហំ ៩ ៧២៧ ប៊ីលានរៀល។ ទន្ទឹមនេះ ការទូទាត់តាមប្រព័ន្ធធនាគារសម្រេចបាន ១០០% ក្នុងនោះក្រសួងស្ថាប័ន បានបើកបៀវត្សតាមប្រព័ន្ធធនាគារ ២ដងក្នុង១ខែ បានទាន់ពេលវេលា។
សម្រាប់ក្រសួងសេដ្ឋកិច្ច ការគ្របគ្រង់សាច់ប្រាក់ គឺស្ថិតក្នុងស្ថានភាពល្អប្រសើរ ពោលគឺ មិនមានការកកើតឡើងវិញនៃបំណុលកកស្ទះឡើយ (គិតត្រឹម៦០ថ្ងៃ)៕