Cctimesw1140xh150cm copy

អង្ករក្រអូបប្រណិតកម្ពុជាម៉ាក«ម្លិះអង្គរ»ឈ្នះពានរង្វាន់អង្ករល្អប្រណិតផ្តាច់គេលើពិភពលោកជាលើកទី៦

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ សហព័ន្ធស្រូវអង្ករកម្ពុជា)

ទីក្រុងម៉ានីឡា៖ អង្ករក្រអូបប្រណិតកម្ពុជាម៉ាក«ម្លិះអង្គរ» បានឈ្នះពានរង្វាន់អង្ករល្អប្រណិតផ្តាច់គេលើពិភពលោកជាលើកទី៦ ក្នុងការប្រកួតអង្ករល្អផ្តាច់គេលើពិភពលោក (World Best Rice) នៅក្នុងកម្មវិធី សន្និសីទស្រូវអង្ករពិភពលោកឆ្នាំ២០២៤ នាទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន កាលពីថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ ដែលរៀបចំឡើងដោយ វិទ្យាស្ថានគ្រាប់ធុញ្ញជាតិអន្តរជាតិ International Commodity Institute (ICI) និង The Rice Trader (TRT) របស់សហរដ្ឋអាម៉េរិក។ នេះបើតាមសេចក្ដីប្រកាសរបស់សហព័ន្ធស្រូវអង្ករកម្ពុជា។

នាឱកាសនេះ សហព័ន្ធស្រូវអង្ករកម្ពុជា បានអបអរសាទរដល់ប្រជាកសិករកម្ពុជាដែលបានខិតខំធ្វើការងារបានយ៉ាងល្អក្នុងការដាំដុះ ហើយក៏បានថ្លែងអំណរគុណដល់រោងម៉ាស៊ីនកិនស្រូវដែលបានខិតខំសម្រិតសម្រាំងនិង កិនកែច្នៃអង្ករបានយ៉ាងល្អរហូតទទួលបានជ័យជំនះជូនប្រទេសជាតិ។ អង្ករម៉ាក "ម្លិះអង្គរ" ជាអង្ករដែលមានគុណភាព និងទុកចិត្តបានសម្រាប់ អង្ករក្រអូបប្រណិតកម្ពុជា។

គួរបញ្ជាក់ថា ក្នុងរយៈពេល១០ខែ នៃឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញអង្ករចំនួន ៥០៧ ០២៩ តោន គិតជាទឹកប្រាក់បានចំនួន ៣៧៦.៦៣លានដុល្លារសហរដ្ឋអាម៉េរិក។ ការនាំចេញអង្ករនេះត្រូវបានធ្វើឡើងដោយក្រុមហ៊ុននាំចេញចំនួន ៥៥ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦៦ ។ ប្រភេទអង្ករដែលកម្ពុជាបាននាំចេញមានដូចជា អង្ករប្រអូបគ្រប់ប្រភេទ ៧៣.២១% អង្ករសគ្រាប់វែង ២១.៧១% អង្ករចំហ៊ុយ ៣.០៤% អង្ករសរីរាង្គ ១.៧៤% និងអង្ករផ្សេងៗទៀត ០.៣០%៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង