ភ្នំពេញ៖ គិតត្រឹមខែកញ្ញា ឆ្នាំ២០២៤នេះ កម្ពុជាសម្រេចបានការនាំចេញកៅស៊ូចំនួន ២៤៨ ៥៣៥តោន កើនឡើងចំនួន ១ ៣១៦តោន ស្មើនឹង ៣,៥១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមការបញ្ជាក់របស់កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
កញ្ញា អ៊ឹម រចនា បានលើកឡើងថា ដំណាំកៅស៊ូ ដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជាជាង ១សតវត្សមកហើយ កំពុងបន្តរួមចំណែកដល់សេដ្ឋកិច្ចជាតិ។ សម្រាប់កម្ពុជា វិស័យកៅស៊ូ ជាប្រភពចំណូលថវិកាជាតិ និងប្រភពការងាររបស់ប្រជាជន។
គិតមកដល់ខែកញ្ញា ឆ្នាំ២០២៤នេះ ការនាំចេញកៅស៊ូរបស់កម្ពុជាមានការកើនឡើងជាង៣ភាគរយ។ ក្រៅពីកំណើននៃការលក់ជ័រកៅស៊ូ តម្លៃជ័រកៅស៊ូក៏បានកើនឡើងគួរឱ្យកត់សម្គាល់ដែរ។ តម្លៃលក់ជ័រកៅស៊ូជាមធ្យមនៅក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៤នេះ ថ្លៃ ១ ៥៨៦ដុល្លារ/តោន កើនឡើង ២១៥ដុល្លារ/តោន ស្មើនឹង ១៥,៧២ភាគរយ បើធៀបនឹងឆ្នាំមុន៕