ទីក្រុងគុនមិញ,ចិន៖ ប្រធានក្រុមហ៊ុន Zhengzhou Chen’s Sun មានចាប់អារម្មណ៍វិនិយោគលើវិស័យកសិកម្មនៅកម្ពុជា ពិសេសដំណាំធុរេន និងរោងចក្រកែច្នៃ ដើម្បីនាំចេញមកកាន់ទីផ្សារប្រទេសចិន និងប្រទេសផ្សេងទៀត ខណៈប្រធានក្រុមហ៊ុនរូបនេះមើលឃើញថា កម្ពុជាមានសក្ដានុពលខ្លាំងខាងវិស័យកសិកម្ម ជាពិសេសគឺឧស្សាហកម្មផ្លែឈើ (ដំណាំធុរេន)។ ចំណាប់អារម្មណ៍នេះត្រូវបង្ហាញឡើងក្នុងកិច្ចពិភាក្សាការងាររវាងសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាមួយលោកស្រី Xuemei Chen ប្រធាន និងជាស្ថាបនិកនៃក្រុមហ៊ុន Zhengzhou Chen’s Sun នៅទីក្រុងគុនមិញ ខេត្តយូណាន សាធារណៈរដ្ឋប្រជាមានិតចិន នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤។
នាឱកាសនេះ លោកស្រីប្រធានក្រុមហ៊ុន បានលើកឡើងថាលោកស្រីធ្លាប់មកទស្សនាប្រទេសកម្ពុជា ក្នុងឆ្នាំ២០១៨ និងពិនិត្យឃើញថា កម្ពុជាមានសក្ដានុពលខ្លាំងខាងវិស័យកសិកម្ម ជាពិសេសគឺឧស្សាហកម្មផ្លែឈើ (ដំណាំធុរេន)។ ដូច្នេះ លោកស្រីប្រធានក្រុមហ៊ុនមានចាប់អារម្មណ៍វិនិយោគលើវិស័យកសិកម្មនៅកម្ពុជា ពិសេសដំណាំធុរេន និងរោងចក្រកែច្នៃ ដើម្បីនាំចេញមកកាន់ទីផ្សារប្រទេសចិន និងប្រទេសផ្សេងទៀត ដែលនេះនឹងចូលរួមចំណែកបង្កើតការងារ បង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពប្រជាជន នៅកម្ពុជា។
ជាការឆ្លើយតប សម្ដេច ហ៊ុន ម៉ាណែត បានស្វាគមន៍ចំណាប់អារម្មណ៍របស់ក្រុមហ៊ុនលើការវិនិយោគខាងវិស័យកសិកម្ម ជាពិសេសដំណាំធុរេន នៅកម្ពុជា និងបានគូសបញ្ជាក់ថា ប្រទេសកម្ពុជាមានសក្ដានុពលលើផលិតផលកសិកម្មច្រើនប្រភេទ ដែលវិនិយោគិនអាចនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស ប្រកបដោយភាពប្រកួតប្រជែង។
សម្ដេច ហ៊ុន ម៉ាណែត បានលើកទឹកចិត្តក្រុមហ៊ុនឱ្យបន្តពិភាក្សាលម្អិត និងសហការជាមួយក្រសួង-ស្ថាប័ន នៃរាជរដ្ឋាភិបាលកម្ពុជា និងដៃគូក្នុងស្រុក សំដៅប្រែក្លាយផែនការវិនិយោគរបស់ក្រុមហ៊ុន ឱ្យចេញលទ្ធផលជាក់ស្ដែង ក្នុងពេលដ៏ខ្លីខាងមុខ៕