Cctimesw1140xh150cm copy

កម្ពុជាស្នើឱ្យក្រុមហ៊ុនដឹកជញ្ជូនលំដាប់មួយរបស់បារាំងបោះទុនវិនិយោគលើវិស័យដឹកជញ្ជូននៅកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោក ស៊ុន ចាន់ថុល (ស្ដាំដៃ) ពិភាក្សាជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនភស្តុភារកម្ម CMA CGM (រូបភាព៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា)

ទីក្រុងម៉ាកសី, ប្រទេសបារាំង៖ ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានជំរុញទឹកចិត្តឱ្យក្រុមហ៊ុន CMA CGM ដែលជាក្រុមហ៊ុនដឹកជញ្ជូន និងភស្ដុភារកម្មរបស់បារាំង ពិនិត្យលទ្ធភាពក្នុងការចូលរួមសកម្មភាពនានាបន្ថែមទៀត ព្រមទាំងបណ្ដាក់ទុនវិនិយោគលើវិស័យដឹកជញ្ជូន និងភស្ដុភារកម្មនៅកម្ពុជា។ ការជំរុញនេះត្រូវបានលើកឡើងនាឱកាសបំពេញទស្សនកិច្ចនៅទីស្នាក់ការកណ្តាលក្រុមហ៊ុន CMA CGM នៅទីក្រុងម៉ាកសី (Marseille) ប្រទេសបារាំង នាទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤។

នាឱកាសនេះ ក្រុមហ៊ុនក៏បានលើកឡើងអំពីប្រព័ន្ធបច្ចេកវិទ្យាក្នុងដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន ព្រមទាំងភ្ជាប់នឹងបច្ចុប្បន្នភាពនៃវិស័យដឹកជញ្ជូន និងភស្ដុរភារកម្មផងដែរ។ ក្រុមហ៊ុនក៏បានបង្ហាញចំណាប់អារម្មណ៍លើវឌ្ឍនភាព និងការផ្លាស់ប្ដូរមុខមាត់របស់កម្ពុជាលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ពិសេសថ្មីៗនេះបានបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោសម្រាប់គម្រោងដឹកជញ្ជូនផ្លូវទឹក។

តបតាមបទបង្ហាញនេះ លោក ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញអំពីវឌ្ឍនភាព និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើន រាប់បញ្ចូលទាំងវិស័យដឹកជញ្ជូនផ្លូវទឹក និងកំពង់ផែជាដើម។ លោកបានជំរុញទឹកចិត្តឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពក្នុងការចូលរួមសកម្មភាពនានាបន្ថែមទៀត ព្រមទាំងបណ្ដាក់ទុនវិនិយោគលើវិស័យដឹកជញ្ជូន និងភស្ដុភារកម្មនៅកម្ពុជា។

គួរបញ្ជាក់ថា លោក ស៊ុន ចាន់ថុល កំពុងបំពេញទស្សនកិច្ចទាក់ទាញ និងជំរុញវិនិយោគក្នុងសហភាពអឺរ៉ុបចាប់ពីថ្ងៃទី៣-១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ សំដៅយ៉ាងណាគោះទ្វារវិនិយោគិនថ្មីៗ និងថែទាំវិនិយោគិនដែលមានស្រាប់នៅកម្ពុជាឱ្យពិនិត្យលទ្ធភាពពង្រីកការបណ្ដាក់ទុន បង្កើតការងារជូនប្រជាពលរដ្ឋកម្ពុជាបន្ថែមទៀត៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង