បាងកក៖ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានចូលរួមសិក្ខាសាលាជំរុញ និងទាក់ទាញវិនិយោគ នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ ដើម្បីផ្សព្វផ្សាយសក្ដានុពលវិនិយោគនៅកម្ពុជា។ សិក្ខាសាលានេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងបាងកក ក្រោមការសហការរវាងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) ប្រចាំកម្ពុជា និងថៃ និងគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ច និងឧស្សាហកម្ម AEM-METI (AMEICC)។
សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយគោលនយោបាយរបស់កម្ពុជាលើកិច្ចការងារវិនិយោគ ពិសេសការចូលរួមរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងកិច្ចការងារទាក់ទាញ សម្របសម្រួល និងថែទាំវិនិយោគ សំដៅជំរុញកម្ពុជាចូលរួមឱ្យបានកាន់តែប្រសើរក្នុងខ្សែច្រវាក់ផ្គត់ផ្គង់របស់ពិភពលោក។ តាមរយៈច្បាប់ស្ដីពីវិនិយោគ កម្ពុជាបានបើកចំហរ និងផ្ដល់ការលើកទឹកចិត្តជាច្រើនជូនវិនិយោគិន លើវិស័យជាអាទិភាពនានា។ ក្នុងឱកាសនៃសិក្ខាសាលានេះ កម្ពុជាបានបង្ហាញនូវជម្រើសជាវិជ្ជមានដែលវិនិយោគិន ពិសេសវិនិយោគិនជប៉ុន គួរសម្រេចចិត្តពង្រីកផលិតកម្មរបស់ខ្លួនតាមរយៈយន្តការប្រទេសបូក ដោយទាញយកសក្ដានុពលដែលកម្ពុជាអាចផ្ដល់ជូនក្នុងខ្សែច្រវ៉ាក់ផលិតកម្មនោះ។
នាឱកាសនេះ លោក ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងអំពីភាពអំណោយផលនៃស្ថិរភាពនយោបាយ, ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច, មានរដ្ឋាភិបាលដែលគាំទ្រធុរកិច្ច, មានទីផ្សារសេរី និងមានភាពទូលំទូលាយតាមរយៈយន្តការកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ពហុភាគី និងកត្តាសំខាន់ៗជាច្រើនទៀត ដែលធ្វើឱ្យកម្ពុជាត្រៀមខ្លួនរួចរាល់ក្នុងការសម្របសម្រួលការវិនិយោគរបស់គ្រប់បណ្ដាវិនិយោគិនដែលជ្រើសរើសការបណ្ដាក់ទុននៅកម្ពុជា។
គួរបញញជាក់ថា កម្មវិធីនេះក៏មានការចូលរួមពីសមាគមធុរកិច្ចជប៉ុនប្រចាំកម្ពុជា (JBAC), សភាពាណិជ្ជកម្មជប៉ុន បាងកក (JCC), ឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំពីក្រសួងស្ថាប័នរបស់កម្ពុជា វិស័យឯកជន ដែលបានចូលរួមដោយផ្ទាល់ និងតាមប្រពន្ធ័វីឌីអូពីចម្ងាយ (Zoom) ចំនួនប្រមាណ ២០០នាក់៕