ជាមួយនឹងកិត្តិនាមជាធនាគារឈានមុខគេ ដែលមានវត្តមានជាង ៣ទសវត្សរ៍ ក្នុងទីផ្សារហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជា ធនាគារ កាណាឌីយ៉ា ត្រូវបានឈ្នះពានរង្វាន់ជាថ្មីម្តងទៀត ពីស្ថាប័ន Euromoney ជាធនាគារឆ្នើមបំផុត សម្រាប់សាជីវកម្មនៅកម្ពុជា ឆ្នាំ២០២៤។ ការឈ្នះពានរង្វាន់ដ៏មានកិត្យានុភាព ២ឆ្នាំ ជាប់ៗគ្នានេះ បានសបញ្ជាក់អំពីតួនាទីរបស់ធនាគារ ក្នុងនាមជាដៃគូហិរញ្ញវត្ថុ ដែលផ្តល់ទំនុកចិត្តខ្ពស់សម្រាប់អាជីវកម្មនានា។
សូមបញ្ជាក់ថា Euromoney គឺជាការស្ថាប័នបោះពុម្ភផ្សាយព័ត៌មានផ្នែកហិរញ្ញវត្ថុ ដែលទទួលស្គាល់លំដាប់ពិភពលោក ទៅលើការវិភាគរបាយការណ៍ហិរញ្ញវត្ថុដ៏ទូលំទូលាយ និងការស្រាវជ្រាវទីផ្សារទៅលើធនាគារអន្តរជាតិ និងហិរញ្ញវត្ថុ ដែលជារៀងរាល់ឆ្នាំស្ថាប័នបានផ្តល់ពានរង្វាន់សម្រាប់កំណត់បទដ្ឋាននៃឧត្តមភាព ទៅកាន់ស្ថាប័នហិរញ្ញវត្ថុនានា ដែលត្រូវបានទទួលស្គាល់ ទៅលើលទ្ធផលប្រតិបត្តិការដ៏ឆ្នើមជាងគេ នវានុវត្តភាព និងភាពជាអ្នកដឹកនាំឆ្នើមនៅក្នុងទីផ្សារក្នុងប្រទេស។
កេរ្តិ៍ដំណែលនៃភាពរីកចម្រើន និងឧត្តមភាព
ជាមួយនឹងវត្តមាននៅក្នុងទីផ្សាររយៈពេល ៣៣ ឆ្នាំ ធនាគារ កាណាឌីយ៉ា បានរីកចម្រើនក្លាយជាធនាគារពាណិជ្ជមួយ ក្នុងចំណោមធនាគារពាណិជ្ជកំពូលទាំងបីនៅក្នុងប្រទេសកម្ពុជា ដោយគ្រប់គ្រងទ្រព្យសម្បត្តិសរុបជាង ៧,៩ ពាន់លានដុល្លារ នៅចុងឆ្នាំ២០២៣។ ប្រាក់ចំណេញសុទ្ធរបស់ធនាគារមានចំនួន ១០៣ លានដុល្លារ បង្ហាញពីភាពរឹងមាំផ្នែកហិរញ្ញវត្ថុ និងការប្តេជ្ញាចិត្តរបស់ខ្លួនទៅកាន់ភាពឧត្តុង្គឧត្តម។ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ធនាគារ កាណាឌីយ៉ា បានកសាងទំនាក់ទំនងយ៉ាងល្អជាមួយសាជីវកម្មចម្រុះជាតិសាសន៍ និងក្រុមហ៊ុនក្នុងស្រុកនានា តាមរយៈការផ្តល់ជូននូវផលិតផលជាច្រើន ដែលរចនាឡើងទៅតាមតម្រូវផ្សេងៗរបស់អាជីវកម្មជាច្រើន ដូចជា ហេដ្ឋារចនាសម្ព័ន្ធ (ផ្លូវថ្នល់ និងស្ពានជាដើម) សំណង់ កម្មន្ដសាលកម្ម (ផលិតកម្ម) ពាណិជ្ជកម្មនាំចេញ-នាំចូល សេវាកម្ម និងកសិកម្ម។
ដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតសម្រាប់អតិថិជនសាជីវកម្ម
ចំណុចស្នូលនៃភាពជោគជ័យរបស់ធនាគារ កាណាឌីយ៉ា គឺជាវិធីសាស្រ្តផ្តោតទៅលើអតិថិជនជាគោល ជាមួយនឹងការផ្តល់ជូននូវដំណោះស្រាយដែលអាចបត់បែនបាន ដើម្បីបំពេញទៅតាមតម្រូវការចាំបាច់របស់អាជីវកម្ម។ ការផ្តល់ជូនផលិតផលរបស់ធនាគារតាមរយៈ គម្រោងហិរញ្ញប្បទានផ្សេងៗដូចជា កញ្ចប់ខ្សែច្រវាក់ផ្គត់ផ្គង់ (Supply Chain Package) ដែលមានបំណងក្នុងការគាំទ្រសាជីវកម្មពហុជាតិសាសន៍ (MNCs) ក្រុមហ៊ុនក្នុងស្រុកនានា រួមបញ្ចូលដៃគូសហការ និងតំណាងចែកចាយរបស់ពួកគេផងដែរ។ តាមរយៈភាពជាដៃគូជាមួយស្ថាប័នធំៗដូចជា ធនាគារនាំចេញ-នាំចូល (EXIM) នៃប្រទេសថៃ និងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) ធនាគារ កាណាឌីយ៉ា បានផ្តល់ហិរញ្ញប្បទានដ៏សមស្រប ទៅតាមប្រភេទអតិថិជនសាជីវកម្មនីមួយៗ។ ក្នុងចំណោមកម្មវិធីថ្មីៗរបស់ធនាគារ កាណាឌីយ៉ា គម្រោងធានាឥណទានសម្រាប់ការនាំចេញស្រូវ-អង្ករ (REGS) ដែលត្រូវបានបង្កើតឡើងដោយសហការជាមួយសហព័ន្ធស្រូវអង្ករកម្ពុជា និងអាជីវកម្មធានាឥណទានកម្ពុជា (CGCC) ដែលផ្តល់ការរគាំទ្រផ្នែកហិរញ្ញប្បទានលើលក្ខខណ្ឌងាយៗ ដែលអនុញ្ញាតឱ្យរោងម៉ាស៊ីនកិនស្រូវ និងអ្នកនាំចេញស្រូវ-អង្ករ ពង្រីកអាជីវកម្មរបស់ខ្លួន។ បន្ថែមពីនេះទៅទៀត ស្របតាមគំនិតផ្តួចផ្តើមលើហិរញ្ញវត្ថុប្រកបដោយចីរភាពនៅកម្ពុជា ធនាគារ កាណាឌីយ៉ា ក៏បានបោះជំហានទៅមុខក្នុងការផ្តល់ហិរញ្ញប្បទានបៃតង (ឥណទានបៃតង) គាំទ្រគម្រោងនានាទាក់ទងនឹងថាមពលកកើតឡើងវិញ ទេសចរណ៍ធម្មជាតិ (អេកូទេសចរណ៍) និងការគ្រប់គ្រងកាកសំណល់ ជាដើម។
តាមរយៈភាពបត់បែននៃសេវាកម្មប្រតិបត្តិការធនាគារ អតិថិជនសាជីវកម្មអាចប្រើប្រាស់សេវាកម្មធនាគារដ៏ទូលំទូលាយ សម្រាប់ប្រតិបត្តិការអាជីវកម្មរបស់ពួកគេ។ ធនាគារតែងតែស្វែងរកវិធីសាស្រ្តថ្មីៗ ដើម្បីជាជំនួយទៅដល់អតិថិជនក្នុងការពង្រីកអាជីវកម្ម និងលទ្ធភាពទទួលបានដើមទុនបន្ថែម តាមរយៈការផ្តល់សេវាប្រឹក្សា ដើម្បីគាំទ្រដល់អតិថិជនសាជីវកម្មក្នុងស្រុក ក្នុងការចូលទៅកាន់ទីផ្សារមូលធនតាមរយៈ ការលក់មូលបត្រកម្មសិទ្ធិលើកដំបូងនៅក្នុងទីផ្សារកំណើន (IPO) ជាដើម។
ធនាគារ កាណាឌីយ៉ា នៅតែបន្តពង្រឹងសេវាកម្មធនាគាររបស់ខ្លួន ដោយដាក់ចេញនូវនវានុវត្តភាពនៃសេវាកម្មបែបឌីជីថល ដ៏គួរឲ្យកត់សម្គាល់ជាបន្តបន្ទាប់។ សេវាធនាគារតាមប្រព័ន្ធអ៉ីនធឺណែតសម្រាប់ក្រុមហ៊ុន របស់ធនាគារ កាណាឌីយ៉ា ដែលមានរចនាប័ទ្មថ្មី ផ្តល់ជូននូវភាពរហ័ស សុវត្ថិភាព និងភាពងាយស្រួលប្រើប្រាស់ ដែលអនុញ្ញាតឱ្យអាជីវកម្មអាចធ្វើប្រតិបត្តិការធនាគារផ្សេងៗ តាមអញឡាញ (Online)។ លើសពីនេះទៀត កម្មវិធី Merchant App អាចឲ្យអតិថិជនសាជីវកម្មទទួលការទូទាត់ដោយគ្មានសាច់ប្រាក់ និងគ្រប់គ្រងប្រតិបត្តិការហិរញ្ញវត្ថុរបស់ពួកគេប្រកបដោយប្រសិទ្ធភាពខ្ពស់។
ការប្តេជ្ញាចិត្តចំពោះការអភិវឌ្ឍនៃប្រទេសកម្ពុជា
ធនាគារ កាណាឌីយ៉ា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសកម្ពុជា។ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ កិច្ចសហការរបស់ធនាគារ ជាមួយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ដែលធនាគារបានជួយសម្រួលដល់ដំណោះស្រាយការទូទាត់ប្រាក់ តាមប្រព័ន្ធឌីជីថលយ៉ាងរលូន សម្រាប់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលជាផ្លូវល្បឿនលឿនដំបូងគេ របស់ប្រទេសកម្ពុជា ដែលត្រូវបានដាក់ឲ្យដំណើរនៅក្នុងឆ្នាំ២០២២។
ការទទួលស្គាល់ពីឧត្តមភាព
លោក Raymond Sia នាយកប្រតិបត្តិ និងប្រធានក្រុមប្រឹក្សាប្រតិបត្តិនៃធនាគារ កាណាឌីយ៉ា បានថ្លែងថា «យើងខ្ញុំមានកិត្តិយសជាខ្លាំង ដែលត្រូវបានទទួលស្គាល់ពីស្ថាប័ន Euromoney ជាថ្មីម្តងទៀត ដែលជាស្ថាប័នបោះពុម្ពផ្សាយព័ត៌មានផ្នែកហិរញ្ញវត្ថុឈានមុខគេ នៅលើពិភពលោក ជាធនាគារឆ្នើមបំផុតសម្រាប់សាជីវកម្ម។ ពានរង្វាន់នេះ ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់យ៉ាងសស្រាក់សស្រាន្តរបស់ក្រុមការងាររបស់យើងខ្ញុំកន្លងមក ក្នុងការកសាងទំនាក់ទំនងដ៏រឹងមាំ និងផ្តល់នូវផលិតផល ក៏ដូចជាសេវាកម្មប្រកបដោយភាពច្នៃប្រឌិដ្ឋដល់វិស័យសាជីវកម្មនៅក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានេះដែរ យើងខ្ញុំក៏មានមោទនភាពផងដែរ ដែលត្រូវបានទទួលពានរង្វាន់ជាបន្តបន្ទាប់ ពីស្ថាប័នបោះពុម្ពផ្សាយព័ត៌មានផ្នែកហិរញ្ញវត្ថុល្បីឈ្មោះផ្សេងៗទៀត ក្នុងរយៈពេល ១០ ខែចុងក្រោយនេះ ទៅលើផ្នែកសំខាន់ៗគោលចំនួន ៣ ធំៗ របស់យើងខ្ញុំ ដែលមានដូចជា ផ្នែកសាជីវកម្ម ផ្នែកសហគ្រាសធុនតូច និងមធ្យម និងផ្នែកសេវាកម្មហិរញ្ញវត្ថុបុគ្គល របស់ធនាគារ កាណាឌីយ៉ា។ តាមរយៈការអភិវឌ្ឍទៅលើផលិតផល និងសេវាកម្ម ការពង្រឹងសេវាកម្មធនាគារតាមប្រព័ន្ធឌីជីថល ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសំខាន់ៗ ដែលរួមចំណែកដល់ការអភិវឌ្ឍជាតិ និងការវិនិយោគលើការពង្រឹងសមត្ថភាពបន្ថែមសម្រាប់បុគ្គលិក យើងខ្ញុំជឿជាក់យ៉ាងមុតមាំចំពោះការបន្តគ្រប់គ្រង ផលប័ត្រអាជីវកម្មរបស់អតិថិជនសាជីវកម្ម»។
អ្នកនាង Pakaravee Anantathananid អគ្គនាយិការង និងជានាយិកាគ្រប់គ្រងអាជីវកម្ម បានចែករំលែកផងដែរថា «ផលប័ត្រអាជីវកម្មធំរបស់យើងខ្ញុំ គឺឈានមុខគេ និងធំជាងគេមួយនៅក្នុងប្រទេសកម្ពុជា ដែលបង្កើតឡើងដោយផ្អែកទៅលើទំនុកចិត្តរបស់អតិថិជនសាជីវកម្ម ចំពោះសេវាកម្មធនាគារ។ យើងខ្ញុំផ្តល់ជូននូវសេវាកម្មធនាគារសម្រាប់សាជីវកម្ម ដែលមានភាពបត់បែន និងរចនាឡើងដើម្បីបំពេញនូវតម្រូវការរបស់អាជីវកម្មនីមួយៗ ចាប់ពីសេវាកម្មផ្តល់ប្រាក់កម្ចី និងហិរញ្ញប្បទានពាណិជ្ជកម្ម រហូតដល់សេវាកម្មប្រត្តិបត្តិការធនាគារ និងការគ្រប់គ្រងសាច់ប្រាក់។ យើងនៅតែបន្តប្តេជ្ញាចិត្តក្នុងការគាំទ្រដល់កំណើននៃអតិថិជនសាជីវកម្មរបស់យើងខ្ញុំ នៅទូទាំងប្រទេសកម្ពុជា ដោយផ្តោតសំខាន់ទៅលើការបង្កើនទំនាក់ទំនងកាន់តែជិតស្និទ្ធ ពង្រឹងជំនាញ និងវិជ្ជាជីវៈរបស់ក្រុមការងារឲ្យកាន់តែមានប្រសិទ្ធភាព និងការបន្តអភិវឌ្ឍផលិតផល និងសេវាកម្មរបស់យើងខ្ញុំ តាមរយៈដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយនវានុវត្តភាព គម្រោងបរិវត្តកម្មបែបឌីជីថល និងយុទ្ធសាស្រ្តនៃភាពជាដៃគូជាដើម»៕