Cctimesw1140xh150cm copy

ធនាគារADBផ្ដល់ជំនួយឥតសំណង១០លានដុល្លារឆ្លើយតបនឹងអំពើហិង្សាដែលទាក់ទងនឹងយេនឌ័រនៅកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអនុម័តហិរញ្ញប្បទានឥតសំណងចំនួន ១០ លានដុល្លារ ដើម្បីគាំទ្រការឆ្លើយតបនឹងអំពើហិង្សាដែលទាក់ទងនឹងយេនឌ័រ (GBV) នៅកម្ពុជា ក្នុងគោលបំណងជួយកម្ពុជាសម្រេចគោលដៅជា ប្រទេសគ្មានអំពើហិង្សាដែលទាក់ទងនឹងយេនឌ័រ នៅឆ្នាំ២០៣០។ នេះបើតាមសេចក្ដីប្រកាសរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។

បើតាមសេចក្ដីប្រកាស គម្រោងពង្រឹងប្រព័ន្ធសម្រាប់ប្រទេសដើម្បីការបង្ការ និងឆ្លើយតបនឹងអំពើហិង្សាដែលទាក់ទងនឹងយេនឌ័រ ជាគំនិតផ្តួចផ្តើមដោយឡែកដំបូងរបស់មូលនិធិអភិវឌ្ឍន៍អាស៊ី (ADF) ដែលផ្តោតជាពិសេសលើសមភាពយេនឌ័រក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយបង្កើតទំនាក់ទំនងច្បាស់លាស់រវាងប្រព័ន្ធអភិបាលកិច្ច ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ព្រមទាំងគុណភាពនិងលទ្ធភាពទទួលបានសេវាកម្ម ឆ្លើយតបនឹង GBV ។

គម្រោងនេះនឹងពង្រឹងក្របខណ្ឌច្បាប់និងស្ថាប័នតាមរយៈការធ្វើបច្ចុប្បន្នភាពច្បាប់របស់កម្ពុជាស្តីពីអំពើហិង្សាក្នុងគ្រួសារ ធ្វើអោយប្រសើរឡើងនូវការផ្តល់សេវានៅថ្នាក់មូលដ្ឋានដោយពង្រឹងគុណភាពនិងលទ្ធភាពទទួលបានសេវាឆ្លើយតបនិងចាត់ចែងជម្រកសុវត្ថិភាពសម្រាប់ជនរងគ្រោះ ជាពិសេសនៅតំបន់ជនបទ និង ជំរុញការប្រើប្រាស់ដំណោះស្រាយឌីជីថលនៅក្នុងកម្មវិធីមានមូលដ្ឋាននៅសាលារៀននិងនៅសហគមន៍សម្រាប់មនុស្សវ័យជំទង់ ដើម្បីពង្រឹងសេវាការពារ។ វានឹងលើកកម្ពស់ដំណោះស្រាយឌីជីថលសម្រាប់ការទទួលបានព័ត៌មាន ការអប់រំ និងធនធានទំនាក់ទំនង ២៤/៧ (២៤ម៉ោងក្នុង១ថ្ងៃនិង៧ថ្ងៃក្នុង១សប្តាហ៍) អំពី GBV ដែលជាកិច្ចខិតខំប្រឹងប្រែងដើម្បីភ្ជាប់កិច្ចការពារ និងការឆ្លើយតបជាបន្តសំដៅទទួលបានផលជះវិជ្ជមានជាអតិបរមា។

លោកស្រី Jyotsana Varma នាយិកា ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា មានប្រសាសន៍ថាគម្រោងដ៏សំខាន់នេះ នឹងពង្រឹងយន្តការឆ្លើយតបជាប្រព័ន្ធ ពង្រីកលទ្ធភាពទទួលបានជម្រកសុវត្ថិភាព និងធានាថាជនរងគ្រោះទទួលបានការថែទាំដែលពួកគាត់ត្រូវការ គម្រោងក៏នឹងលើកកម្ពស់កម្មវិធីការពារមានមូលដ្ឋាននៅសហគមន៍ដែលផ្ដល់សិទ្ធិអំណាចដល់សហគមន៍មូលដ្ឋាន ដើម្បីដើរតួនាទីសំខាន់ក្នុងការបង្កើនការយល់ដឹង និងបញ្ឈប់អំពើហិង្សា មុនពេលវាកើតឡើង។ ADB បន្តប្តេជ្ញាគាំទ្រកម្ពុជាក្នុងការកសាងសង្គមដែលមានសុវត្ថិភាព និងបរិយាបន្នកាន់តែច្រើនសម្រាប់ទាំងអស់គ្នា។

គម្រោង១០ លានដុល្លារនេះ ត្រូវបានផ្តល់ហិរញ្ញប្បទានជាជំនួយឥតសំណងពីមូលនិធិអភិវឌ្ឍន៍អាស៊ី ដែលគាំទ្រដល់ប្រទេសសមាជិកកំពុងអភិវឌ្ឍ របស់ ADB ដែលត្រូវការជំនួយគាំទ្រនេះបំផុត ។

ធនាគារអភិវឌ្ឍន៍អាស៊ី ប្ដេជ្ញាថានឹងសម្រេចឱ្យបាននូវ វិបុលភាព បរិយាបន្ន ភាពធន់និងនិរន្តរភាពក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ភាពក្រីក្រខ្លាំង។ បង្កើតឡើងនៅឆ្នាំ ១៩៦៦ ធនាគារនេះគ្រប់គ្រងដោយសមាជិកចំនួន ៦៩ ប្រទេស ដែល ក្នុងនោះមាន ៤៩ប្រទេស មកពីតំបន់អាស៊ីនិងប៉ាស៊ីហ្វិក៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង