ភ្នំពេញ៖ Little Caesars® Pizza ដែលជាហាងភីហ្សាធំជាងគេទី៣ នៅលើពិភពលោក កំពុងត្រៀមខ្លួនបើកសម្ពោធជាផ្លូវការនូវហាងដំបូងបង្អស់នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ នៅកោះពេជ្រ។ ការបើកភោជនីយដ្ឋានភីហ្សានេះ គឺជាការសម្ពោធហាងនៃប្រទេសទី ២៩ នៃប្រតិបត្តិការរបស់ម៉ាកយីហោ Little Caesars® Pizza នៅទូទាំងពិភពលោក ដែលនឹងនាំមកនូវឱកាសវិនិយោគជាច្រើន ក៏ដូចជាការបង្កើតឱកាសការងារ និង ការរួមចំណែកដល់វិស័យឧស្សាហកម្មម្ហូបអាហារ និងភេសជ្ជៈនៅកម្ពុជាផងដែរ។ ម៉ាកយីហោ Little Caesars® Pizza ត្រូវបានទិញសិទ្ធិផ្តាច់មុខដោយអ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមហ៊ុន Worldbridge Group។
អ្នកឧកញ៉ា សៀ ឬទ្ធី បានមានប្រសាសន៍ថា លោករីករាយណាស់ដែលបានចាប់ដៃគូសហការជាមួយម៉ាកយីហោល្បីទូទាំងពិភពលោកដូចជា Little Caesars® Pizza ដើម្បីនាំយកមកនូវបទពិសោថ្មីៗដល់ប្រជាជនកម្ពុជា។ ចក្ខុវិស័យរបស់លោកគឺមិនត្រឹមតែការនាំយក ភីហ្សាដែលមានតម្លៃសមរម្យ និងគុណភាពខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចង់រួមចំណែកដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា តាមរយៈការបង្កើតឱកាសការងារ និងឱកាសទិញសិទ្ធិផ្តាច់មុខ (Franchise) បន្ថែមទៀត»។ កិច្ចសហការនេះគឺជាការចាប់ផ្តើមក្នុងការពង្រីកម៉ាកយីហោ Little Caesars® Pizza មកកាន់ប្រទេសកម្ពុជា មិនតែប៉ុណ្ណោះសាខាហាងទីពីរក៏បានគ្រោងត្រៀម បើកដំណើរការនៅដើមឆ្នាំ២០២៥ រួចជាស្រេច។
ការទិញសិទ្ធិផ្តាច់មុខរបស់ Little Caesars® Pizza មកកាន់ប្រទេសកម្ពុជា ត្រូវបានរំពឹងទុកថា នឹងបង្កើតឱ្យមានឱកាសការងារ និងលើកកម្ពស់សេដ្ឋកិច្ចក្នុងស្រុកបន្ថែមទៀត។ ការបើកសម្ពោធទីតាំងទីមួយនៅកោះពេជ្រនេះ នឹងផ្តល់ឱកាសការងារដល់ប្រជាជនកម្ពុជា តាំងពីផ្នែករៀបចំម្ហូបអាហារ រហូតដល់ផ្នែកគ្រប់គ្រង។ នៅឆ្នាំ ២០២៥ ខាងមុខនេះ ហាងភីហ្សាសាខាទីពីរនឹងបើកដំណើរការនៅក្នុងទីក្រុងភ្នំពេញដូចគ្នា ដែលនឹងបង្ហាញពីការចាប់ផ្តើមនៃយុទ្ធសាស្រ្តលូតលាស់របស់ Little Caesars® Pizza នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
លោក Paula Vissing នាយកផ្នែកលក់រាយសកល (Global Retail) នៃ Little Caesars បានមានប្រសាសន៍ថា ប្រទេសកម្ពុជា គឺជាទីផ្សារដែលមានភាពរស់រវើក និងរីកចម្រើនយ៉ាងឆាប់រហ័សស។ ជាមួយនឹងកំណើននៃប្រជាជន និងតម្រូវការនៃសេវាកម្មអាហារឆាប់រហ័សកាន់តែច្រើនឡើង យើងមានសេចក្តីរំភើបក្នុងការនាំយក ភីហ្សាដែលមានតំលៃសមរម្យ និងមានភាពងាយស្រួលក្នុងការទទួលទានរបស់ Little Caesars® Pizza មកកាន់ទីក្រុងភ្នំពេញ ស្របពេលដែលយើងកំពុងពង្រីកខ្លួនមកកាន់សាខាប្រទេសទី ២៩ ។
គួរបញ្ជាក់ថា ហាងភីហ្សា Little Caesars មានប្រជាប្រិយភាពដោយសារ ភីហ្សា HOT-N-READY® និងភាពល្បីល្បាញលើនំបុ័ង Crazy Bread® របស់ខ្លួនដោយប្រើប្រាស់គ្រឿងផ្សំដែលមានគុណភាពខ្ពស់ ដូចជាកាលាយបញ្ចូលគ្នារវាងឈីស និងទឹកជ្រលក់ដែលផលិតចេញពីផ្លែប៉េងប៉ោះកាលីហ្វ័រញ៉ា។ ជាក្រុមហ៊ុនមួយដែលមានកំណើនខ្ពស់ និងមានបទពិសោធជាង ៦០ ឆ្នាំ នៅក្នុងវិស័យផលិតនំភីហ្សាដែលមានតម្លៃជាទឹកប្រាក់ជាង ១៤៥ ពាន់លានដុល្លារអាម៉េរិកទូទាំងពិភពលោក។ ក្រុមហ៊ុន Little Caesars តែងតែស្វែងរកបេក្ខភាពអ្នកនាំសិទ្ធិផ្តាច់មុខមកចូលរួមពីគ្រប់ទីផ្សារនៅបណ្តារប្រទេសជុំវិញពិភពលោក៕