ភ្នំពេញ៖ បន្ទាប់បានបង្កើតក្រុមនិស្សិតកម្ពុជានៃសកលវិទ្យាល័យជុឡាឡុងកនក្នុងប្រទេសថៃ កាលពីឆ្នាំ២០១២កន្លងទៅ លោក ខៀវ កាណាល់ ស្ថានិកនៃក្រុមនិស្សិតកម្ពុជានៃសាកលវិទ្យាល័យជុឡាឡុងកន ហើយត្រូវបានជ្រើសរើសជាអនុប្រធានទី១ ទទួលបន្ទុកជាអ្នកសម្របសម្រួលកម្មវិធីវប្បធម៌ នៅឆ្នាំ២០១៣ បន្ទាប់មក លោកចាប់ផ្តើមបង្ហាត់របាំចាប់ពីពេលនោះមករហូតដល់បច្ចុប្បន្នជាគ្រូបង្រៀនរបាំស្ម័គ្រចិត្ត។ លោក កាណាល់ បានប្រាប់ស៊ីស៊ីថាមស៍ថា «យុវជនយុវនិស្សិតខ្មែរក្នុងមួយនាក់ យ៉ាងហោចណាស់គួរចេះហាត់របាំខ្មែរមួយ» ដើម្បីជួយលើកស្ទួយវប្បធម៌ខ្មែរ។
ការបង្ហាញអត្តសញ្ញាណរបស់ជាតិ អាចនិយាយបានថា យើងកំពុងលើកស្ទួយប្រទេសជាតិ ទៅឱ្យអន្តរជាតិបានដឹង និងស្គាល់កម្ពុជា ហើយនៅពេលយើងបានចេញទៅសិក្សា ឬធ្វើបេសកកម្មផ្សេងៗ ដូចជាសម្ដែងក្បាច់របាំនៃសិល្បៈវប្បធម៌របស់យើង គេអាចសម្គាល់បានថា យើងមកពីប្រទេសខ្មែរអញ្ចឹងដែរ។ នេះជាការលើកឡើងរបស់លោក ខៀវ កាណាល់ គ្រូរបាំនៃក្រុមនិស្សិតកម្ពុជានៃសកលវិទ្យាល័យជុទ្បាទ្បុងកនក្នុងប្រទេសថៃ។
លោក ខៀវ កាណាល់ បានចេញទៅសិក្សានៅប្រទេសថៃកាលពីឆ្នាំ២០១១ ហើយបន្តរស់នៅទីនោះដោយបច្ចុប្បន្នលោកស្ថានិកនៃក្រុមនិស្សិតកម្ពុជានៃសកលវិទ្យាល័យជុទ្បាទ្បុងកនក្នុងប្រទេសថៃ ហើយនៅឆ្នាំ២០១៣ លោកគ្រូត្រូវបានគេអញ្ចើញធ្វើជាទីប្រឹក្សាជាន់ខ្ពស់រហូតដល់ឆ្នាំ២០១៩ ទើបលោកគ្រូបានលាលែងពីតំណែងទីប្រឹក្សាថ្នាក់ខ្ពស់វិញ។
ក្នុងនាមជាយុវជនខ្មែរមួយរូប លោក កាណាល់ យល់ឃើញថា យុវជនខ្មែរគួរចូលរួមគាំទ្រសិល្បៈខ្មែរគ្រប់ទម្រង់ទាំងអស់ តាមរយៈការហាត់ ហើយជួនកាលមិនមែនហាត់ដើម្បីធ្វើជាសិល្បករអាជីពនោះទេ តែឱ្យបានយល់ពីរបាំសិល្បៈ ឧបករណ៍តន្រ្តីខ្មែរ ថាតើវាមានផលវិបាកដូចម្ដេចជាបទពិសោធន៍របស់ខ្លួន ហើយគិតថាគួរតែថែរក្សាសិល្បៈរបស់ប្រទេសជាតិដោយសាររបៀបណាផងដែរ។
ម្យ៉ាងទៀត បើសិនមិនមានពេលវេលាគ្រប់គ្រាន់ក្នុងការហាត់ទេ ពួកគាត់អាចចូលរួមជាអ្នកទស្សនា អ្នកគាំទ្រ ព្រោះអ្នកសម្ដែងលើឆាកត្រូវការអ្នកគាំទ្រ អ្នកទស្សនានៅក្រោមឆាក ពុំដូច្នោះទេ តើសិល្បករទាំងឡាយមានទឹកចិត្តឯណាក្នុងការបន្តការសម្ដែង បើគ្មានអ្នកចូលរួមទស្សនានោះ។ កាលណាមានអ្នកសម្ដែង មានអ្នកទស្សនា នោះពួកគាត់មានកម្លាំងចិត្តនៅតែបន្តសម្ដែង នេះក៏ជាការចូលរួមគាំទ្រ លើកទឹកចិត្តទោះបីជាយើងមិនបានចូលរួមហាត់សម្ដែងក៏ដោយ។នេះជាការលើកឡើងបន្ថែមរបស់លោកកាណាល់។
ជាទូទៅការបង្រៀនក្បាច់របាំដែលធ្វើឱ្យលោកគ្រូ កាណាល់ កាន់ស្រលាញ់ចង់សិក្សា និងបន្តការបង្ហាត់បង្រៀនដល់សិស្សនិស្សិតកម្ពុជា ហើយកាន់តែចង់ឱ្យសិស្សចេះ និងព្យាយាមហាត់រៀន សិក្សាស្រាវជ្រាវបន្ថែមទៀត ធ្វើយ៉ាងណាដើម្បីអាចចែករំលែកចំណេះដឹងដែលខ្លួនមាន អាចបង្រៀនដល់និស្សិតជនជាតិខ្មែររបស់យើងដែលបានសិក្សានៅថៃរៀនរយៈពេល០២ឆ្នាំ បន្ទាប់ពីពួកគាត់បញ្ចប់ការសិក្សាទៅស្រុកខ្មែរវិញ ពួកគាត់អាចហាត់បាន និងមានមនសិការស្រលាញ់សិល្បៈខ្មែរកាន់តែខ្លាំងជាងមុនទៅទៀត។
ជាមួយគ្នានេះដែរ លោកតែងតែបានជួបសិស្សនិស្សិតថ្មីៗជារៀងរាល់ជំនាន់ ហើយបានសិក្សាពីវិធីសាស្រ្តផ្សេងៗ ក្នុងការបត់បែនជាមួយស្ថានកាលរបស់សិស្សទាំងនោះ គ្រប់កាលៈទេសៈទាំងសិស្សថ្មី ទាំងសិស្សចាស់ ទាំងសិស្សមិនទាន់ចេះសោះ និងសិស្សចេះខ្លះៗហើយផងដែរ។
ជាក់ស្ដែង កាលពីដំបូងឡើយ លោក កាណាល់ មិននឹកគិតថា ខ្លួនបានក្លាយជាគ្រូរបាំនោះទេ ព្រោះគិតថាមិនមានសមត្ថភាពគ្រប់គ្រាន់ តែដោយសារហេតុតែមានការបង្កើតក្រុមនិស្សិតកម្ពុជាដែលការទទួលបន្ទុកវប្បធម៌ ហើយមានការចែករំលែកអ្នកចេះច្រើនបង្រៀនអ្នកចេះតិច តួយ៉ាងដូចជាយុវជន កាណាល់ ដែលមានសមត្ថភាពខាងរាំរបាំក៏បានចែករំលែកផ្នែករបាំ ដើម្បីបង្ហាញពីវប្បធម៌របស់យើងឱ្យប្រទេសគេបានដឹង និងបានស្គាល់ និយាយរួមដែលខ្លួនបានក្លាយជាគ្រូបង្រៀនរបាំនោះគឺ ដោយសារឱកាស និងតម្រូវការក្នុងការចែករំលែកដល់សិស្សនិស្សិតខ្មែរដែលរៀននៅទីនោះ។
ម្យ៉ាងវិញទៀត អ្វីដែលជាគោលបំណងរបស់ខ្លួនគឺ លោកគ្រូ កាណាល់ ចង់ក្លាយជាសម្ដែងរបាំ និងអ្នកតម្លើងស្នាដៃម្នាក់។ វាជាឱកាស និងភាពចាំបាច់របស់និស្សិតខ្មែរ បានព្យាយាមសិក្សាស្វែងយល់ពីសិល្បៈរបាំខ្មែរ តែដោយសារលោកគ្រូ កាណាល់ ធ្លាប់ហាត់រៀនរបាំ មានយល់ដឹងច្បាស់ច្រើនពីមូលដ្ឋានគ្រឹះនៃការហាត់របាំខ្មែរ ទើបបណ្ដាលឱ្យគាត់មានសមត្ថភាពបង្ហាត់បង្រៀនក្បាច់របាំខ្មែរទៅដល់សិស្សនិស្សិតខ្មែរនៅទីនោះ ហើយពួកគេក៏ហៅលោកថាគ្រូបង្ហាត់តែម្ដងទៅ។ ជាក់ស្ដែងនៅថៃ លោក កាណាល់ ជាគ្រូបង្រៀនរបាំស្ម័គ្រចិត្ត ហើយវគ្គបង្ហាត់បង្រៀននោះទៀតសោត បានប្រើប្រាស់ថវិកាផ្ទាល់ខ្លួនផងដែរ មិនមានអ្នកឧបត្ថម្ភផ្សេងៗឡើយ។
គួរបញ្ជាក់ថា លោក ខៀវ កាណាល់ មានស្រុកកំណើតនៅទីក្រុងភ្នំពេញ បញ្ចប់ថ្នាក់បាក់ឌុបនៅឆ្នាំ ២០០១ ហើយបន្តសិក្សាបរិញ្ញាបត្រផ្នែកច្បាប់ នៅសកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បន្ទាប់មកលោកបានបញ្ចប់ថ្នាក់អនុបណ្ឌិតនីតិសាស្ត្រពីសកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា នៅឆ្នាំ២០០៨ និងបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកការសិក្សាប្រវត្តិអាស៊ីអគ្នេយ៍នៅសកលវិទ្យាល័យជុទ្បាទ្បុងកន ប្រទេសថៃ ក្នុងឆ្នាំ២០១៣។ នៅឆ្នាំ២០០៥ ពេលរៀនអនុបណ្ឌិតនៅសកលវិទ្យាល័យបញ្ញាសាស្ត្រ លោកបានរៀនរបាំប្រពៃណី រៀងរាល់ថ្ងៃសៅរ៍។ បន្ទាប់មក មិត្តភក្តិម្នាក់ណែនាំអោយចូលរៀនរបាំប្រពៃណីជាមួយអង្គការក្រៅរដ្ឋាភិបាលមួយកន្លែង ដែលហាត់រៀងរាល់ថ្ងៃអាទិត្យ។ លោក កាណាល់ ហាត់បានប្រហែលកន្លះឆ្នាំ គ្រូប្តូរអោយលោកមកហាត់របាំបុរាណវិញ ដោយឃើញពីទេពកោសល្យល្អ។
កាណាល់ និយាយពីបទពិសោធន៍របស់ខ្លួនកាលនៅហាត់រាំរបាំនៅស្រុកខ្មែរ តាំងពីតូចហើយមិនដឹងថាត្រូវហាត់នៅឯណាទេ ដល់ពេលធំឡើងក៏បានស្គាល់កន្លែងដែលហាត់រៀន ហើយកាន់តែស្រលាញ់របាំកាន់តែខ្លាំងថែមទៀត។ ក្នុងឆ្នាំ២០០៩ លោកបានចូលហាត់របាំបុរាណបង្រៀនដោយអ្នកគ្រូ ជាម សុភីលីន នៅវិទ្យាស្ថានសិល្បៈខ្មែរនៅព្រែកហូរ។ អ្វីដែលធ្វើឱ្យលោក កាណាល់ សុខចិត្តទៅហាត់រៀងរាល់ថ្ងៃអាទិត្យបន្ថែមទៀត ទោះបីជាត្រូវការធ្វើដំណើរ១ម៉ោងពីផ្ទះទៅសាលារបាំ នេះដោយសារតែពាក្យថា «ក្ដីស្រលាញ់ចំពោះរបាំបុរាណ»។ រហូតដល់ឆ្នាំ២០១១ លោក កាណាល់ បានទទួលអាហារូបករណ៍មករៀនថ្នាក់អនុបណ្ឌិតនៅប្រទេសថៃពីពេលនោះទៅ។
របាំបានធ្វើឱ្យចិត្តអ្នកហាត់ស្ងប់ របាំធ្វើឱ្យមនុស្សចេះអត់ធ្មត់ មានសមាធិខ្ពស់ មានចិត្តនឹងធឹង និងមានចិត្តអំណត់ជាដើម។ កាលណេះ មួយថ្ងៃហាត់ លោកទៅរៀនហាត់ជាមួយគ្រូ និងមួយថ្ងៃទៀតធ្វើជាជំនួយការគ្រូបង្រៀនរបាំ ក៏ចាប់អារម្មណ៍ពីតិចនិកបច្ចេកទេសនៃការបង្ហាត់បង្រៀនសិស្ស ហើយដល់ពេលមានឱកាសបានក្លាយជាគ្រូបង្រៀន ក៏ចាប់ផ្ដើមយកចំណេះដឹងដែលខ្លួនធ្លាប់មាន និងទទួលបានមកបន្តបង្រៀនដល់សិស្សនិស្សិតខ្មែរយើងទៅ។
គ្រូបង្រៀនរបាំរូបនេះ បានប្រាប់អំពីរបាំដែលខ្លួនធ្លាប់បង្ហាត់ដំបូងគឺ របាំប្រជាប្រិយ រាំវង់ រាំក្បាច់ សារ៉ាវាន់...ជាដើម។ នៅឆ្នាំ២០១៣ លោកគ្រូបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតនៅប្រទេសថៃហើយ តែនៅទៅបន្តការបង្រៀនរៀងរាល់ថ្ងៃសៅរ៍ជាប្រចាំ។ ក្នុងពេលនោះដែរ លោកគ្រូបានបង្កើតស្នាដៃមួយ ឈ្មោះថា “កម្ពុជាដែនដីអច្ឆរិយៈ” ដើម្បីចូលរួមសម្តែងក្នុងកម្មវិធីរាត្រីអាស៊ាន ដោយចាប់ផ្តើមមានការទទួលការគាំទ្រពីសំណាក់និស្សិតខ្មែររៀននៅសកលវិទ្យាល័យផ្សេងៗតាមរយៈរបាំ។ ក្រោយមក លោកក៏បានបង្ហាត់របាំប្រពៃណី របាំបុរាណ ដល់និស្សិតខ្មែរមកពីសកលវិទ្យាល័យនានា រហូតដល់ឆ្នាំ២០១៧ ទើបលោកបានបង្កើតស្នាដៃ១ផ្សេងទៀតឈ្មោះថា “ខ្មែរតែមួយ” ស្របតាមកាលៈទេសៈដែលនិស្សិតខ្មែរមកពីសកលវិទ្យាល័យផ្សេងៗ មកជួបជុំគ្នាហាត់របាំជាមួយគ្នា ទទួលទានអាហាររួមគ្នា រួមសុខរួមទុក្ខ និងខំប្រឹងដើម្បីលើកស្ទួយវប្បធម៌ខ្មែរ គឺដើម្បីចែករំលែកចំណេះដឹងដល់យុវនិស្សិតខ្មែរជំនាន់ក្រោយ បង្កើនភាពជិតស្និទ្ធរវាងនិស្សិតខ្មែរ និងកាត់បន្ថយសម្ពាធពីការសិក្សា។
នៅចំណុចចាប់ផ្ដើមដែលខ្លួនបានចូលហាត់រៀនរបាំដំបូង រហូតបានក្លាយជាគ្រូបង្រៀនរបាំម្នាក់ មិនមែនជារឿងងាយស្រួលឡើយ ហើយថែមទាំងមានឧបសគ្គច្រើនទៀតផង លោកគ្រូ កាណាល់ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍អំពីផលវិបាកទាំងអស់នោះមានដូចជា អាយុនៃការចូលហាត់របស់លោកនៅអាយុ ២៣ឆ្នាំ ហេតុនេះរាងកាយឆ្អឹងអត់សូវទន់ដែលជាកត្តាមួយពិបាកក្នុងការហាត់រៀនមិនដូចជាក្មេងៗចូលហាត់រៀននៅថ្នាក់មធ្យមសិក្សាឡើយ ពួកគេនៅក្មេងមានឆ្អឹងខ្ចី ស្រួលពត់ និងបន្ទន់ខ្លួន។ ម្យ៉ាងទៀតគ្រូបង្រៀនរបាំ គាត់ធ្លាប់តែបង្រៀនក្មេងៗ អាយុ៦-៧ឆ្នាំ ហើយបង្រៀនកាណាល់ដូចជាក្មេងទាំងអស់នោះទៀត តែដោយសាររាងកាយរបស់កាណាល់អាចទទួលយកបាន អាចហាត់បានដូចក្មេងៗដែរ តែវាទាមទារឱ្យមានការព្យាយាមហាត់បានច្រើនដងច្រើនសារ ដោយមានវិន័យខ្ពស់ជាចាំបាច់។
ចំណែកឧបសគ្គមួយទៀតដែលលោក កាណាល់ បានប្រឈមដែរនោះគឺ ការគាំទ្រ និងជម្រុញទឹកចិត្តមិនមានទេ នៅពេលដើមដំបូង។ ធម្មតាដោយសារតែលោក កាណាល់ ជានិស្សិតរៀនផ្នែកច្បាប់ ហេតុនេះក្រុមគ្រួសារ មិត្តភក្តិផ្សេងៗ នឹងរំពឹងថា កាណាល់ នឹងក្លាយខ្លួនជាមេធាវី អ្នកច្បាប់ផ្សេងៗ ដោយសារក្ដីបារម្ភរបស់ពួកគាត់ គិតថាខ្លួននឹងដើរទៅតាមនូវតាមអ្វីដែលគាត់គិតទុក។ តែដោយសារការស្គាល់ខ្លួនឯងច្បាស់ យល់ពីអ្វីដែលខ្លួនចង់បាន ស្រលាញ់ចូលចិត្តអី ទើបខ្លួនខិតខំប្រឹងប្រែងធ្វើឱ្យមានលទ្ធផល ដើម្បីបង្ហាញថា ខ្លួនពិតជាធ្វើបានប្រាកដមែន។ រហូតមកដល់ខណៈនេះ លោកគ្រូ កាណាល់ ក៏បានធ្វើឱ្យអ្នកទាំងអស់គ្នាបានឃើញថា អ្វីដែលគាត់ធ្វើនោះគឺ ក្នុងគោលបំណងចង់បង្ហាញ និងលើកស្ទួយពីសិល្បះវប្បធម៌ខ្មែរនៅស្រុកក្រៅ (ស្រុកថៃ) ទើបពួកគាត់ម្នាក់ៗ ចាប់ផ្ដើមគាំទ្រ ជម្រុញឱ្យលោកធ្វើការងារនោះហើយពួកគាត់ក៏ចូលរួមផងដែរ។
លោកគ្រូរបាំរូបនេះ បានបន្តថា ដើម្បីក្លាយជាគ្រូបង្រៀនរបាំម្នាក់ អាចបង្រៀនសិស្សបាន លុះត្រាតែយើងចេះច្បាស់សិន ត្រូវស្រាវជ្រាវសិក្សាឱ្យបានច្រើន ព្យាយាមយករបាំដែលធ្លាប់ហាត់រៀននៅស្រុកខ្មែរក្លាយជាមូលដ្ឋានគ្រឹះសម្រាប់បង្ហាត់បង្រៀននិស្សិតខ្មែរយើងដែលរៀនបន្តនៅស្រុកថៃ ដោយមើលយូធូបបន្ថែមរួចថតជាខ្សែវីដេអូ ផ្ញើរជូនគ្រូ សិស្សច្បង ដើម្បីឱ្យពួកគាត់ជួយផ្ដល់ជាមតិយោបល់ក្នុងការកែកំហុសនៃបច្ចេកទេសការហាត់របាំនោះ។ ដោយសារនិស្សិតខ្មែរទាំងនោះភាគច្រើន មិនដែលហាត់របាំពីមុនមកដូចជា ក្មេងៗដែលធ្លាប់ពត់ខ្លួនហាត់តាំងពីថ្នាក់មធ្យមសិក្សាដូច្នោះដែរ។ ហេតុនេះលោកគ្រូ កាណាល់ បានព្យាយាមក្នុងការស្វែងរកដំណោះស្រាយធ្វើយ៉ាងណាឱ្យពួកគាត់ជានិស្សិតមានសមត្ថភាពអាចបន្ទន់ខ្លួនបាន តែពួកគាត់ក៏ងាយស្រួលណែនាំប្រាប់ពីអ្វីដែលគ្រូបានបង្រៀនផងដែរ និងស្វែងរកបច្ចេកទេស ដឹងពីអត្ថន័យនៃរបាំតាមវគ្គនីមួយៗ។ ចំណែកឯ«វិន័យ»ក៏ជាកត្តាមួយចាំបាច់ខ្វះមិនបានផងដែរ បើយើងជាអ្នកហាត់របាំ ហើយយើងគ្មានវិន័យនោះក៏យើងមិនអាចហាត់របាំបានល្អផងដែរ។
ការបាក់ទឹកចិត្ត តែងតែមាន ដូចជា ពេលហាត់រៀនដំបូងនៅខ្មែរ មិនសូវចាំក្បាច់រាំ ធ្វើមិនបានល្អ គ្រូកាច គាត់ខឹងថាឱ្យ ហើយយើងក៏អន់ចិត្ត ពិបាកចិត្ត ខឹងអត់បាយអត់ទឹកក៏មានដែរ។ តែគ្រប់យ៉ាងនោះមកពីគ្រូចង់ឱ្យសិស្សចេះ ហើយយកទៅបង្ហាញទៅប្រទេសដទៃទៀតនូវសិល្បះវប្បធម៌ខ្មែរ។ មកដល់ពេលខ្លួនបានក្លាយជាគ្រូបង្រៀនផ្នែករបាំទើបបានដឹងថា ពេលសិស្សមិនបានមកហាត់ ពេលខ្លះបាក់ទឹកចិត្ត ពេលខ្លះ ហើយសួរខ្លួនឯងថា គួរផ្អាកបង្រៀនសិន ឬយ៉ាងណាបើពេលខ្លះមិនមានអ្នកគាំទ្រ និងអ្នកមួយចំនួនមិនមកហាត់បែបនោះ មានអារម្មណ៍ថា អត់ចង់បន្តទៀតក៏មាន។
តែទន្ទឹមនឹងនេះដែរ ក៏មានអ្នកមួយចំនួន ពួកគាត់នៅតែមានចិត្តស្រលាញ់សិល្បះខ្មែរហើយនៅតែចង់ហាត់ខ្លាំងដែរ ពួកគាត់បានលើកទឹកចិត្ត លោកគ្រូ កាណាល់ មករហូត ហើយប្រាប់ថា កុំឱ្យលោកគ្រូផ្អាកឈប់បង្រៀនធ្វើអី បើពុំដូច្នោះទេតើបានអ្នកណាបន្តការបង្ហាត់បង្រៀនផ្នែករបាំខ្មែរដល់សិស្សនិស្សិតកម្ពុជានៅថៃទៀត។ កត្តាទាំងអស់នោះហើយបានធ្វើឱ្យខ្លួនមានទឹកចិត្តចង់បន្តការបង្រៀនដល់យុវនិស្សិតខ្មែរយើង ហេតុតែចង់ឱ្យសិល្បះខ្មែរមានវត្តមាននៅលើឆាកអន្តរជាតិ ឱ្យប្រទេសដទៃ ទទួលស្គាល់ និងបានដឹងអំពីនូវអ្វីដែលជារបស់វប្បធម៌សិល្បៈខ្មែរ។ នៅពេលមកនៅស្រុកក្រៅ ទើបដឹងថា គេស្គាល់ប្រទេសយើងតាមរយៈសិល្បះវប្បធម៌របស់យើង ហេតុនេះតម្លៃនៃការហ្វឹកហាត់ក្បាច់សិល្បះ វប្បធម៌នានា ពិតជាមានអត្ថន័យធំធេងមែនទែន។ នៅពេលដែលយើងឡើងលើឆាក មានគេនិយាយថា អ្នកហាត់នោះមកពីប្រទេសកម្ពុជា ហើយខ្លួនមានអារម្មណ៍ថា តាមរយៈវប្បធម៌សិល្បៈរបស់ខ្មែរយើងបានបង្ហាញទៅក្នុងឆាកអន្តរជាតិ មានគេទទួលស្គាល់ច្រើន វាក៏ជាមោទនភាពមួយដ៏ល្អ។
ក្នុងនាមជាគ្រូម្នាក់ លោកគ្រូ កាណាល់ បានរៀបរាប់ពីការហាត់រៀនរបាំប្រពៃណី គ្រូមានកាតព្វកិច្ចត្រូវធ្វើឱ្យសិស្សយល់ច្បាស់អត្ថន័យនៃក្បាច់នីមួយៗ ពីមួយវគ្គទៅមួយវគ្គ ហើយត្រូវព្យាយាមធ្វើយ៉ាងណាឱ្យសិស្សដាក់មនោសញ្ចេតនាបានសាកសមនឹងឈុតឆាកនៃការសម្ដែង។ ចំណែកឯការហាត់រៀនរបាំបុរាណឯណេះវិញ ដំបូងយើងត្រូវឱ្យសិស្សចេះចាំនូវក្បាច់របាំទាំងអស់សិន ទើបបានឱ្យពួកគាត់ចេះបញ្ចូលមនោសញ្ចេតនា ហើយត្រូវឱ្យសិស្សចេះបន្ទន់រាងកាយឱ្យបានទន់ខ្លាំង វាប្រហែលជាឧបសគ្គផងដែរនៃការហាត់របាំបុរាណនេះ។
មកដល់ពេលនេះ យើងមើលឃើញថា មហាជនក៏ដូចជាអ្នកគាំទ្រសិល្បៈចូលចិត្តច្រើនគួរសម ដែលពួកគាត់នៅរង់ចាំមើលការសម្ដែងសិល្បៈខ្មែរមានដូចជា របាំប្រពៃណី របាំបុរាណ ល្ខោនបាសាក់ និងទម្រង់សិល្បៈនានាជាច្រើនទៀត។ លោក កាណាល់ សង្ឃឹមថា សិស្សនិស្សិត យុវជនខ្មែរទាំងអស់នៅតែបន្តការគាំទ្ររហូតដល់កូនចៅជំនាន់ក្រោយៗទៀត សូមរក្សាការបន្តគាំទ្រនូវសិល្បៈវប្បធម៌ខ្មែរទៀត តាមរយៈការចូលហាត់រៀនរបាំ និងកម្មវិធីសិល្បៈផ្សេងៗ ក៏ដូចជាការចូលរួមធ្វើជាអ្នកពាក់ព័ន្ធអាចជាអ្នកផ្សព្វផ្សាយគាំទ្រ អ្នកចូលរួមទស្សនាផ្ទាល់ដូច្នោះដែរ។ ក្នុងនាមជាពលរដ្ឋមួយរូប គួរតែធ្វើឱ្យឃើញពីការស្រលាញ់ចូលចិត្ត និងគាំទ្រថែរក្សា លើកទឹកចិត្តដល់អ្នកសិល្បៈប្រទេសជាតិខ្មែរយើង៕