Cctimesw1140xh150cm copy

«ផ្លូវជាតិលេខ៣»ត្រូវផ្អាកចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ ជាបណ្តោះអាសន្ន

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

កំពង់ស្ពឺ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ នៅថ្ងៃទី ៤ ខែវិច្ឆកា បានចេញសេចក្ដីជូនដំណឹងដល់ប្រជាពលរដ្ឋជាម្ចាស់រថយន្តដឹកទំនិញធុនធ្ងន់ទាំងអស់ ស្ដីពីការផ្អាកចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ លើកំណាត់ផ្លូវជាតិលេខ៣ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺជាបណ្តោះអាសន្ន។

យោងតាមមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ដោយយោងលើស្ថានភាពទឹកភ្លៀង ចុងឆ្នាំក្នុងរដូវវស្សាឆ្នាំ២០២៤ នេះចាប់ផ្តើមធ្លាក់ក្នុងកម្រិតមធ្យមទៅច្រើន បង្កឱ្យមានជាជំនន់ទឹកភ្លៀង ដែលត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងអាចបង្កឱ្យមានផលប៉ះពាល់ ដល់អាយុជីវិតមនុស្ស សត្វ និងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់-ស្ពាន។ ជាមួយគ្នានេះ ជំនន់ទឹកភ្លៀងដែលបាននិងកំពុងជន់ឡើង ជាហេតុបណ្តាល ឱ្យលិចលង់នៅតាមកំណាត់ ផ្លូវជាតិលេខ៣ ចន្លោះគ. ជាតិលេខ៣ ចន្លោះគ.ម៤១ ដល់ គ.ម៤៣ (ផ្សារត្រាំខ្ទារ) ស្ថិតក្នុងស្រុកគងពិសី និងចន្លោះ គ.ម៥៣ ដល់ គ.ម៥៥ (ផ្សារប៉ាង្គសី) ស្ថិតក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដែលស្ថានភាពបែបនេះធ្វើឱ្យផ្លូវថ្នល់-ស្ថាន មិនអាចទ្រនឹងទម្ងន់របស់រថយន្តដឹកទំនិញធុនធ្ងន់បាន។

ទន្ទឹមនឹងនេះ ដើម្បីបង្ការគ្រោះថ្នាក់ជាយថាហេតុ និងទប់ស្កាត់ការខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់-ស្ពាន មន្ទីរសាធារណការ និងដឹក ជញ្ជូនខេត្តកំពង់ស្ពឺ បានធ្វើការផ្អាក ចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ ជាបណ្តោះអាសន្នលើ កំណាត់ ផ្លូវជាតិលេខ៣ ចន្លោះគ.ម៤១ ដល់ គ.ម៤៣ (ផ្សារត្រាំខ្នារ) ស្ថិតក្នុងស្រុកគងពិសី និង ចន្លោះ គ.ម៥៣ ដល់ គ.ម៥៥ (ផ្សារប៉ាង្គសី) ស្ថិតក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់មានសេចក្តីជូនដំណឹងសារជាថ្មី។

ជាមួយគ្នានោះ ប្រជាពលរដ្ឋ ជាម្ចាស់រថយន្តដឹកទំនិញធុនធ្ងន់ទាំងអស់ ដែលធ្វើចរាចរណ៍ពីរាជធានី ភ្នំពេញ ឆ្ពោះទៅខេត្តកំពត និងសម្រាប់ទិសដៅពីខេត្តកំពត ឆ្ពោះទៅរាជធានីភ្នំពេញ ត្រូវធ្វើដំណើរវាងតាម ផ្លូវជាតិលេខ២ ឬវាងទៅតាមផ្លូវជាតិលេខ៤១ ជាបណ្តោះអាសន្នសិន៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង