ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចីចំនួន ៨០ លានដុល្លារ ដើម្បីពង្រឹងការអប់រំកម្រិតមធ្យមសិក្សានៅកម្ពុជាដោយផ្តោតលើជំនាញ «សតវត្សទី ២១» ដូចជាការគិតស៊ីជម្រៅនិងដោយភាពច្នៃប្រឌិត ការបង្រៀនដោយបរិយាបន្នសម្រាប់ទាំងសិស្សប្រុសនិងសិស្សស្រី និង ការត្រួសត្រាយផ្លូវសម្រាប់ការអប់រំក្រោយមធ្យមសិក្សា។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤។
បើតាមសេចក្ដីជូនដំណឹង គម្រោងអប់រំថ្នាក់មធ្យមសិក្សាដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែងផ្នែកមូលធនមនុស្សនេះ នឹងបង្កើនចំនួនអគារសិក្សា ដែលធន់នឹងអាកាសធាតុប្រកបដោយបរិយាបន្ន (រួមទាំងថ្នាក់រៀនបន្ថែមចំនួន ៤០០ ដើម្បីដោះស្រាយស្ថានភាពចង្អៀតក្នុងថ្នាក់រៀន និង ពង្រីកលទ្ធភាពទទួលបានការអប់រំមធ្យមសិក្សាទុតិយភូមិប្រកបដោយគុណភាព។
លោកស្រី Jyotsana Varma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា មានប្រសាសន៍ថា «កម្ពុជាត្រូវពន្លឿនការផ្លាស់ប្តូរទៅរកសកម្មភាពសេដ្ឋកិច្ចដែលបន្ថែមតម្លៃខ្ពស់ ជាពិសេសសកម្មភាពដលជំរុញដោយបច្ចេកវិទ្យា ដើម្បីរក្សាសមត្ថភាពប្រកួតប្រជែងជាសកល និងពង្រឹងវឌ្ឍនភាពសេដ្ឋកិច្ចដ៏គួរឱ្យកត់សម្គាល់របស់ខ្លួនកន្លងមកនេះ កម្លាំងពលកម្មប្រកបដោយជំនាញ និង ការអប់រំ គឺជាតម្រូវការមូលដ្ឋានដើម្បីសម្រេចបានគោលដៅនេះ។ ឈរលើសមិទ្ធផលនៃការវិនិយោគជាបន្តបន្ទាប់របស់ ADB ក្នុងវិស័យអប់រំ និងអភិវឌ្ឍន៍ជំនាញ គម្រោងនេះមានគោលបំណងពង្រីកសក្តានុពលនៃចំនួនពលរដ្ឋវយក្មេងរបស់កម្ពុជា ដើម្បីជំរុញកំណើនសេដ្ឋកិច្ចនាពេលអនាគត។»
គម្រោងនេះនឹងធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានការអប់រំ ជាពិសេសសម្រាប់សិស្សានុសិស្សដែលមានពិការភាពក្នុងការសិក្សា តាមរយៈការអភិវឌ្ឍបច្ចេកវិទ្យាជំនួយ និងការគាំទ្រដល់សាលាមធ្យមសិក្សាអប់រំពិសេស។ គម្រោងនេះនឹងលើកកម្ពស់ការអប់រំលើមុខវិជ្ជាវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្មនិងគណិតវិទ្យា (STEM) ដើម្បីរៀបចំក្រុមកំលាំងពលកម្មសម្រាប់ពេលអនាគត ដែលមានជំនាញស្របតាមតម្រូវការឧស្សាហកម្ម។ សម្រាប់គោលដៅដូចគ្នានេះដែរ គម្រោងនឹងអភិវឌ្ឍជំនាញទន់ ដូចជាការទំនាក់ទំនង ការសហការ និងការគិតប្រកបដោយការរិះគន់ និង ការគិតស៊ីជម្រៅនិងដោយភាពច្នៃប្រឌិតសម្រាប់សិស្សានុសិស្ស។ គម្រោងនេះនឹងវិនិយោគលើការកែលម្អការអភិវឌ្ឍវិជ្ជាជីវៈរបស់គ្រូបង្រៀន ដើម្បីជំរុញវិធីសាស្ត្របង្រៀនតាមបែបគម្រោង ដែលរួមបញ្ចូលការងារជាក្រុម ការដោះស្រាយបញ្ហា ជាក់ស្ដែងនិងការចូលរួមជាមួយសហគមន៍។ គម្រោងក៏នឹងពិនិត្យ និងពង្រឹងការប្រឡងបញ្ចប់ការសិក្សាថ្នាក់ ទី១២ដើម្បីពិនិត្យវាយតម្លៃមើលឱ្យកាន់តែច្បាស់នូវកម្មវិធីសិក្សាដែលបានធ្វើទំនើបកម្ម ក៏ដូចជាបង្កើតវគ្គសិក្សាបំប៉នពិសេសក្នុងវិស័យអាទិភាព ដូចជាសេដ្ឋកិច្ចឌីជីថល និងគណិតវិទ្យាអនុវត្ត សំដៅពង្រឹងប្រភពធនធានមនុស្សប្រកបដោយជំនាញ។
គម្រោងនេះគឺជាធាតុផ្សំដ៏សំខាន់នៃការគាំទ្ររបស់ ADB សម្រាប់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស។ វាស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រដ្ឋាភិបាលសម្រាប់កំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ក៏ដូចជា យុទ្ធសាស្ត្រភាពជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជារបស់ADB ឆ្នាំ ២០២៤-២០២៨។
ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាថានឹងសម្រេចឱ្យបាននូវ វិបុលភាព បរិយាបន្ន ភាពធន់និងនិរន្តរភាពក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ភាពក្រីក្រខ្លាំង។ បង្កើតឡើងនៅឆ្នាំ ១៩៦៦ ធនាគារនេះគ្រប់គ្រងដោយសមាជិកចំនួន ៦៩ ប្រទេស ដែល ក្នុងនោះមាន ៤៩ប្រទេស មកពីតំបន់អាស៊ីនិងប៉ាស៊ីហ្វិក៕