សៀមរាប៖ ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា មមាញឹកដឹកជញ្ជូនថ្មភក់ថ្មីចំនួនប្រមាណជាង៦០ដុំ ដើម្បីយកទៅជួសជុលបណ្ណាល័យខាងត្បូង នៅរួតទី២នៃប្រាសាទអង្គរវត្ត។ ថ្មភក់១ដុំៗ មានទម្ងន់ចាប់ពីជាង៩០គីឡូក្រាមរហូតទៅដល់ជាង២តោននេះ និងមានប្រវែងជាង៣ម៉ែត្រផង គឺប្រើឧបករណ៍កៅឡាក់លើកដាក់លើរន្ទារឡូរី ហើយអូសឆ្លងកាត់ថែវទី១និងទី២ នៅទិសខាងកើតនៃប្រាសាទអង្គរវត្ត។ បន្ទាប់មកលើកដាក់រទេះអូសចម្ងាយជាង១០០ម៉ែត្រថែមទៀត ទើបដល់ការដ្ឋានជួសជុលស្ថិតនៅខាងលិចរួតបាកាន្ត។
លោក ឃាម មុនី ស្ថាបត្យករ និងគ្រប់គ្រងការដ្ឋានជួសជុលបណ្ណាល័យខាងត្បូង រួតទី២ប្រាសាទអង្ករវត្តឱ្យដឹងថា ការងារជួសជុលរចនាសម្ពន្ធបណ្ណាល័យ និងស្ពានហាលបណ្ណាល័យ ត្រូវការថ្មភក់ថ្មីចំនួន៦៥ដុំ ដើម្បីបំពេញបន្ថែមនៅតាមទីតាំងចាំបាច់មួយចំនួនដែលថ្មចាស់បានបាត់ និងខូចខាត ស្របតាមអនុសាសន៍របស់គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ។
អ្នកជំនាញរូបនេះ បញ្ជាក់ថា ទីតាំងដែលត្រូវជំនួសថ្មថ្មីទាំងនោះ មានសសរស្ពានហាលនៃបណ្ណាល័យ ថ្មកម្រាលស្ពានហាល ថ្មជើងទម្របង្កាន់ដៃនាគ ថ្មបង្កាន់ដៃនាគ ថ្មកម្រាលបណ្ណាល័យ ថ្មសម្រាប់តភ្ជាប់និងសសរ ថ្មសសរពេជ្រ ថ្មទម្រសសរពេជ្រជាដើម។
ដើម្បីអាចដឹកជញ្ជូនថ្មដែលមានទម្ងន់ធ្ងន់ទាំងនោះ ទៅដល់ទីតាំងការដ្ឋានជួសជុលបាន គឺក្រុមការងារបានខិតខំយកចិត្តទុកដាក់ ត្រូវចំណាយពេលប្រមាណជាង២ខែ រៀបចំធ្វើរន្ទារឡូរីនៅរួតទី១ និងទី២ ប្រវែងជាង៦០ម៉ែត្រ ព្រមទាំងដំឡើងកៅឡាក់សម្រាប់លើកថ្មផង ព្រោះការលើកដាក់ថ្មពីរួតទី១ ឡើងមករួតទី២ មានកម្ពស់ប្រមាណ១២ម៉ែត្រ។ ចំណែកថ្មទាំង៥៦ដុំ ត្រូវយកមកជួសជុល បានដឹកជញ្ជូនតាមរថយន្តមកដាក់នៅច្រកចូលខាងកើតរួតទី១ដើម្បីឱ្យក្រុមការងារលើកម្តងមួយដុំៗ តាមបច្ចេកទេស ដែលបានរៀបចំ។
សូមបញ្ចាក់ថា ការងារដឹកជញ្ជូនថ្មសម្រាប់ជួសជុលបណ្ណាល័យខាងត្បូង នៅរួតទី២នៃប្រាសាទអង្គរវត្ត ចាប់ផ្ដើមតាំងពីដើមខែតុលា គ្រោងនឹងបញ្ចប់នៅចុងខែតុលានេះ៕