Cctimesw1140xh150cm copy

«កីឡាករ-កីឡាការិនី»សរុបជាង ៤ពាន់នាក់ នឹងចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ នឹងមានការចូលរួមប្រកួតពី២៥ រាជធានីខេត្ត និងក្រសួងចំនួនបី គឺក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ ដែលមានកីឡាករ កីឡាការិនី សរុបចំនួន ៤០៨៥នាក់ (គ្រូបង្វឹក គ្រូជំនួយចំនួន៧៣៤ នាក់ មន្រ្តីដឹកនាំប្រតិភូ៥២០នាក់) ដោយត្រូវប្រកួតប្រជែងក្នុង ៣៦ ប្រភេទកីឡាជាតិ និង ១៣ ប្រភេទកីឡាជនមានពិការភាព រួមមាន ៣៨៣ វិញ្ញាសា។

ចំពោះប្រភេទកីឡាដែលត្រូវចូលរួមប្រកួតកីឡាជាតិជនពិការលើកទី២ មានចំនួន ១៣ រួមមាន៖ អត្តពលកម្មជនពិការ ហែលទឹកជនពិការ បាល់បោះរទេះជនពិការ បាល់ទះអង្គុយ បូស្យា វាយកូនឃ្លីលើតុជនពិការ អុកជនពិការ លើកទម្ងន់ជនពិការ យូដូជនពិការ វាយសីជនពិការ បាល់ទាត់ជនពិការភ្នែក៥ម្ខាង បាល់បោះជនពិការភ្នែក និងអេឡិចត្រូនិច ជនពិការ និងមានវិញ្ញាសាសរុបចំនួន ៥៥។ គណៈកម្មការរៀបចំការប្រកួត នឹងប្រើប្រាស់ទីតាំងទីលានចំនួន ៥ រួមមាន៖ រាជធានីភ្នំពេញ មាន ១៧ទីលាន, ខេត្តកែប នៅទីរួមខេត្ត និងឆ្នេរដង្កោល, ខេត្តព្រះសីហនុ នៅឆ្នេររាម និងឆ្នេរអូរឈើទាល, ខេត្តកំពង់ឆ្នាំង នៅមុខសាលាខេត្ត និងភ្នំត្រោក, និងនៅខេត្តស្វាយរៀង នៅទន្លេវ៉ៃគោ។

សូមជម្រាបថា នាល្ងាចថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈកម្មាការរៀបចំការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ បានអញ្ជើញចូលរួមក្នុងពិធីបើកព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ នៅពហុកីឡដ្ឋានជាតិ អូឡាំពិក ក្រោមអធិបតីភាព សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងមានការចូលរួមពីសំណាក់ លោកទេសរដ្ឋមន្រ្តីទទួលបន្ទុកជំរុញការអភិវឌ្ឍចលនាកីឡា និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក លោកស្រី ឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ កីឡាករ កីឡាការិនី និងសាធារណៈជន។

ជាមួយគ្នានោះ សម្តេចនាយករដ្ឋមន្ត្រី វាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការដាក់ចេញនូវវិធានការកំណែទម្រង់ស៊ីជម្រៅលើវិស័យអប់រំកាយ និងកីឡា តាមរយៈការបន្តការជួសជុលកែលម្អហេដ្ឋារចនាសម្ព័ន្ធកីឡា ការធ្វើប្រតិភូកម្មការងារ ការផ្តល់គាំទ្រថវិកាដល់សហព័ន្ធកីឡាជាតិ ដើម្បីធ្វើការបណ្តុះបណ្តាលធនធានមនុស្សជំនាញកីឡា និងការកែទម្រង់ការប្រកួតកីឡាជាដើម ព្រមទាំងគូសបញ្ជាក់ថា ការរៀបចំការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ នាពេលនេះ ជាឱកាសថ្មីមួយទៀត ដែលបានបង្ហាញអំពីការរីកចម្រើន និងការអភិវឌ្ឍវិស័យកីឡានៅកម្ពុជា និងជាការត្រៀមខ្លួនរួចរាល់សម្រាប់ការរៀបចំការប្រកួតកីឡាយុវជនអាស៊ីលើកទី៥ និងយុវជន អាស៊ីប៉ារ៉ាហ្គេមលើកទី៦ នៅឆ្នាំ២០២៩៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង