
ប្រភពរូបភាព៖ Fresh News
ភ្នំពេញ៖ អតីតអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងគុនមិញ ខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី៨ តុលានេះ ត្រូវបានចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញសម្រេចផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ៧ឆ្នាំ និងពិន័យជាប្រាក់ចំនួន ១០លានរៀល ពីបទបំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត និង យកលុយលើសការកំណត់។
លោក គ្រុយ លឹមហេង អតីតអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងគុនមិញ ខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន។លោកត្រូវបានលោក លិ សុខា ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ នៅ បានបើកសវនាការប្រកាសសាលក្រមសម្រេចផ្តន្ទាទោស ដាក់ពន្ធនាគាររយៈពេល ៧ឆ្នាំ និងពិន័យជាប្រាក់ចំនួន ១០លានរៀលចូលថវិការដ្ឋ។
លោកត្រូវបានតុលាការបានចេញឃុំដីកាបង្គាប់ឲ្យឃុំខ្លួនរូបលោក ក្រោមបទចោទប្រកាន់ចំនួន៤ រួមមាន៖ បទបំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត, បទរំលោភអំណាច, បទវីតិក្រម (យកលុយលើសការកំណត់) និងបទមិនប្រកាសទ្រព្យសម្បត្តិ និងបំណុល (ចាប់តាំងពីឆ្នាំ២០១៥ ដល់២០១៩)៕