ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានជួបពិភាក្សាការងារជាមួយសភាពាណិជ្ជកម្មហុងកុង (Hong Kong General Chamber of Commerce) ក្នុងបំណងឈ្វេងយល់អំពីបរិយាកាស, សក្តានុពល និងកាលានុវត្តភាពវិនិយោគនៅក្នុងប្រទេសកម្ពុជា។ កិច្ចពិភាក្សានេះត្រូវបានធ្វើឡើងក្រោមការដឹកនាំរបស់លោក នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា ជាមួយលោក Dewan Saiful Alam ប្រធានគណៈកម្មការទទួលបន្ទុកកិច្ចការអាស៊ី, អាហ្វ្រិក និងមជ្ឈិមបូព៌ា នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤។
លោក នុត អ៊ុនវ័ណរ៉ា បានលើកឡើងអំពីបច្ចុប្បន្នភាពថ្មីនៃបរិយាកាសវិនិយោគដែលរាជរដ្ឋាភិបាលបានផ្តោតការយកចិត្តទុកដាក់ខ្ពស់ក្នុងការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធរឹង និងទន់សំដៅបង្កភាពងាយស្រួលសម្រាប់វិនិយោគិនក្នុងការបណ្តាក់ទុនវិនិយោគប្រកបដោយទំនុកចិត្ត និងភាពកក់ក្តៅ។
លោក Dewan បានកត់សម្គាល់ចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកែលម្អបរិស្ថានធុរកិច្ចសំដៅផ្តល់កិច្ចសម្រួល, ការលើកទឹកចិត្ត និងការថែទាំជូនវិនិយោគិន។ មុននឹងបញ្ចប់ លោកបានបង្ហាញនូវការស្វាគមន៍យ៉ាងជ្រាលជ្រៅចំពោះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងការបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែស្អិតល្មួតរវាងសហគមន៍ធុរកិច្ចហុងកុងសំដៅទាក់ទាញវិនិយោគិនបន្ថែមទៀតឱ្យមកចាប់យកឱកាសវិនិយោគនៅកម្ពុជា ហើយដែលសភាពាណិជ្ជកម្មហុងកុងមានក្តីរីករាយក្នុងការគាំទ្រនិងផ្សព្វផ្សាយដល់សមាជិករបស់ខ្លួន៕