ភ្នំពេញ៖ ក្រសួងទេសចរណ៍ សហការជាមួយស្ថានទូតឥណ្ឌាប្រចាំកម្ពុជា នឹងរៀបចំវេទិកាទេសចរណ៍កម្ពុជា-ឥណ្ឌា ឆ្នាំ២០២៤ ក្រោមប្រធានបទ "សក្ដានុពលនៃទីផ្សារទេសចរណ៍ឥណ្ឌាសម្រាប់វិស័យទេសចរណ៍កម្ពុជា៖ កាលានុវត្តភាព និងការត្រៀមលក្ខណៈសម្បត្តិ” ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នៅខេត្តសៀមរាប។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍។
បើតាមសេចក្ដីជូនដំណឹង វេទិកានេះ រៀបចំឡើងក្នុងគោលបំណងចូលរួមលើកកម្ពស់ និងផ្លាស់ប្តូរវប្បធម៌ ពិសេសពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ទ្វេភាគីកម្ពុជា-ឥណ្ឌា ជំរុញលំហូរទេសចរ និងទាក់ទាញវិនិយោគិនឥណ្ឌាមកវិនិយោគលើវិស័យទេសចរណ៍កម្ពុជា និងដើម្បីចូលរួមជំរុញយុទ្ធនាការ «ឆ្នាំទេសចរណ៍ កម្ពុជា-ឥណ្ឌា លើកទី១ ២០២៤»និង «ទស្សនាសៀមរាប ឆ្នាំ២០២៤» ។
ទន្ទឹមនឹងនេះ វេទិកានេះ ក៏នឹងផ្តល់ឱកាសឱ្យអ្នកជំនាញទេសចរណ៍វិស័យឯកជន ភាគីពាក់ព័ន្ធនៃប្រទេសទាំងពីរ បានជួបជុំពិភាក្សា ចែករំលែកគំនិតថ្មីៗ ផ្លាស់ប្ដូរបទពិសោធន៍ល្អៗ និងរិះរកយុទ្ធសាស្ត្រ ក្នុងការចូលរួមអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព និងភាពទទួលខុសត្រូវ ពិសេសផ្តល់ឱកាសសម្រាប់វិស័យឯកជននៃប្រទេសទាំងពីរបានជួបជុំគ្នា និងពង្រឹងបណ្តាញទំនាក់ទំនងទៅវិញទៅមក។
ក្នុងន័យនេះ សម្រាប់ប្រតិបត្តិករទេសចរណ៍ សមាគមទេសចរណ៍ ផ្នែករដ្ឋ-ឯកជន ស្ថាប័នពាក់ព័ន្ធអ្នកសារពត៌មានជាតិ-អន្តរជាតិ និងសាធារណៈជន ដែលមានចំណាប់អារម្មណ៍ចូលរួមកម្មវិធីនេះ សូមទំនាក់ទំនងចុះឈ្មោះចូលរួមតាមរយៈ លោកស្រី ឃិន បូផា ប្រធានការិយាល័យនៃនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងអាស៊ាន (ទូរសព្ទលេខ៖ ០៩៧ ៩៥៨ ៤១០២)។ នេះបើតាមក្រសួងទេសចរណ៍៕