Cctime 6monthsfree desktop
Cc times  web banner kh (2)

រកឃើញ«ចម្លាក់បដិមាទ្វារបាល»ចំនួន១២ នៅខ្លោងទ្វារខាងជើងរាជវាំងនៃក្រុងអង្គរធំ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

សៀមរាប៖ ចម្លាក់បដិមាទ្វារបាល ចំនួន១២ ធ្វើពីថ្មភក់ ត្រូវបានក្រុមបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា សហការជាមួយក្រុមថែរក្សាអង្គរនៃរដ្ឋាភិបាលចិន ប្រទះឃើញពេលធ្វើកំណាយស្រាវជ្រាវនៅខ្លោងទ្វារជើង ជ្រុងខាងលិចនៃព្រះបរមរាជវាំង នៃក្រុងអង្គរធំ កាលពីថ្មីៗនេះ។ ក្រុមអ្នកជំនាញសន្និដ្ឋានថា ចម្លាក់បដិមាទ្វារបាល ដែលប្រទះឃើញ គឺស្ថិតក្នុងរចនាប័ទ្មឃ្លាំង ដែលស្របពេលជាមួយគ្នានៃការកសាងព្រះបរមរាជវាំង ស្ថិតនៅសតវត្សរ៍ទី១១។

បុរាណវិទ្យា លោក សន ចាន់ថន បានឱ្យដឹងថា ចម្លាក់ទ្វារបាលធ្វើពីថ្មភក់ចំនួន១២ ត្រូវបានក្រុមអ្នកបុរាណវិទ្យា ធ្វើកំណាយស្រាវជ្រាវនៅខ្លោងទ្វារជើងព្រះបរមរាជវាំងនៃក្រុងអង្គរធំ ដើម្បីសិក្សាស្រាវជ្រាវរចនាសម្ពន្ធនៃខ្លោងទ្វារ និងស្វែងរកថ្ម ដែលជ្រុះធ្លាក់ដើម្បីជួសជុលខ្លោងទ្វារនេះឡើងវិញ។

បុរាណវិទ្យារូបនេះ ឱ្យដឹងទៀតថា ចម្លាក់បដិមាទ្វារបាលទី១២ ដែលទើបរកឃើញនេះ ស្ថិតនៅក្នុងដីជម្រៅ១៤០សង់ទីម៉ែត្រ គឺស្រទាប់ដីគ្រឹះសម័យកាលកសាង គឺអាចថា ចម្លាក់នេះ បានធ្លាក់អស់រយៈពេលជាយូរមកហើយ។ ចម្លាក់បដិមាទ្វារបាលទាំង១២ ដែលមួយចំនួនធ្លាក់នៅរាយប៉ាយលើដីក្បែរខ្លោងទ្វារ គឺមានទំហំ និងទម្រង់ខុសៗគ្នាទៅតាមជាន់នីមួយៗ។

លោក ចាន់ថន បញ្ជាក់ថា ចម្លាក់ទ្វារបាលនៅជាន់ទី១ មានកម្ពស់១១០សង់ទីម៉ែត្រ និងជាន់ទី២ មានកម្ពស់១០០សង់ទីម៉ែត្រ មួយចំនួននៅមានរូបរាងនៅលល្អពេញលេញ ខ្លះទៀត ខូចខាតដោយអន្លើ ដោយសារធ្លាក់ពីកម្ពស់ខ្ពស់។ ចំណែក រូបចម្លាក់ទ្វារបាលនីមួយៗមានលម្អគ្រឿងអលង្ការ សក់ ផ្ទៃមុខខុសៗគ្នា។

ក្រោយពីបានរកឃើញចម្លាក់ទ្វារបាលទាំងអស់នេះ ក្រុមការងារបានកំណត់ទីតាំងដើម ចុះបញ្ជី ថតរូប រៀបចំឯកសារ មុនឈានដល់ការលើកមកសម្អាត និងជួសជុល ដើម្បីយកទៅដាក់នៅទីតាំងដើម។ ក្រុមអ្នកជំនាញសន្និដ្ឋានថា ចម្លាក់បដិមាទ្វារបាល ដែលប្រទះឃើញ គឺស្ថិតក្នុងរចនាប័ទ្មឃ្លាំង ដែលស្របពេលជាមួយគ្នានៃការកសាងព្រះបរមរាជវាំង ស្ថិតនៅសតវត្សរ៍ទី១១៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង