កំពង់ស្ពឺ៖ កូនប្រុសបាននាំបក្ខពួកដែលជាចោរមកចូលលួចម៉ូតូមួយគ្រឿងរបស់ឪពុក ម៉ាកហុងដា ពណ៌ខ្មៅ សេរីឆ្នាំ២០០៨ ឡើងតែម ២០១៥ នៅរំលងអាធ្រាត្រម៉ោង ០១:១៥នាទីយប់ នាថៃ្ងទី២៦ ខែតុលា ឆ្នាំ២០២៤ នៅភូមិស្រែកក់ ឃុំរលាំងចក ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ ។
នារំលងអាធ្រាត្រម៉ោង ០១:១៥នាទីយប់ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ មានករណីចោរចូលលួចម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០០៨ ឡើងតែម ២០១៥ ដោយពាក់ផ្លាកលេខ កំពង់ស្ពឺ ១C.៦៩០៨ នៅភូមិស្រែកក់ ឃុំរលាំងចក ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ ។
កូនប្រុសបាននាំបក្ខពួកមកលួចម៉ូតូឪពុករបស់ខ្លួន ដែលមានឈ្មោះ ញៀន តុល ភេទប្រុស អាយុ៤៥ឆ្នាំ ត្រូវជាឪពុករបស់ឈ្មោះ តោ ភក្រ្តា ភេទប្រុស អាយុ២២ឆ្នាំ។ ជនរងគ្រោះ បានរងរបួសចំក្បាលផ្នែកខាងលើចិញ្ចើមដោយកាំបិតកាចែត ព្រោះការពារទ្រព្យសម្បត្តិរបស់ខ្លួន ពេលបក្ខពួកកូនកំពុងធ្វើសកម្មភាព។
យោងតាមចម្លើយសារភាពឈ្មោះ តោ ភក្រ្តា បានបញ្ជាក់ថា ខ្លួននិងបក្សពួក ២នាក់ទៀតបានចូលមកលួចយកម៉ូតូរបស់ឪពុកពិតប្រាកដមែនដោយបក្ខពួកជាអ្នកធ្វើសកម្មភាព និងបានកាប់ទៅលើឪពុកដើម្បីកុំអោយខូចផែនការ ហើយបានយកម៉ូតូចេញផុតពីទីកន្លែងកើតហេតុគេចបាត់បានសម្រេច។ គួរបញ្ជាក់ថា បក្ខពួកទាំងពីរនាក់មានឈ្មោះ ស៊ិន សាម៉េត ហៅ ហួ ភេទប្រុស អាយុ២១ឆ្នាំ (គេចខ្លួន) និងឈ្មោះ ផល ឆើត ហៅ ប៉ៃ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិស្រែកក់ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ភឺ។ បច្ចុប្បន្នសមត្ថកិច្ចបានបន្ដនីតិវិធីសហការស្រាវជ្រាវ ឃាត់អ្នកពាក់ព័ន្ធ និងបានចំណាត់ការកសាងសំណុំរឿងបញ្ជូនបន្ដទៅការិយាល័យខេត្ត៕