Cctimesw1140xh150cm copy

៩ខែកម្ពុជា«ភ្ជាប់ជើងហោះហើរ»បាន៩ប្រទេសទទួលបានអ្នកដំណើរ៤លាន៥សែននាក់

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្នុងរយៈពេល៩ខែនៃឆ្នាំ២០២៤នេះ កម្ពុជាមានក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកនិងបរទេសចំនួន៣១ ដែលកំពុងតភ្ជាប់ជើងហោះហើរក្នុងតំបន់និងសកលលោក ដោយក្នុងនោះ ពី៨ប្រទេសក្នុងតំបន់អាស៊ាន ចិន កូរ៉េខាងត្បូង ហុងកុង កោះតៃវ៉ាន់ ឥណ្ឌា រដ្ឋកាតា និងអេមីរ៉ាតអារ៉ាប់រួម ហើយបានទទួលអ្នកធ្វើដំណើរតាមផ្លូវអាកាសជាង ៤លាន ៥សែននាក់។

ក្នុងរយៈពេល៩ខែនៃឆ្នាំ២០២៤នេះ កម្ពុជាទទួលអ្នកធ្វើដំណើរតាមផ្លូវអាកាស កើនឡើង២២% ធៀបនឹងអំឡុងពេលដូចគ្នានៅឆ្នាំ២០២៣ ដែលមានចំនួនត្រឹមតែជាង ៣លាន ៧សែននាក់។បន្ថែមពីនេះ ចាប់ពីពេលនេះតទៅ កម្ពុជាបានសម្រេចរៀបចំឱ្យមានការហោះហើរត្រង់ផ្សារភ្ជាប់ពីរាជធានីនិងរដ្ឋធានីនៃបណ្តាប្រទេសអាស៊ានចំនួន៨ គឺបាងកក កូឡាឡាំពួ សិង្ហបូរី ហ្សាការតា ម៉ានីល វៀងចន្ទន៍ រ៉ងហ្គូន និងហាណូយ ដោយនៅខ្វះតែរាជធានីបានដាស៊េរីបេហ្កាវ៉ាន់ ប្រទេសព្រុយណេ។

ដើម្បីបំពេញតម្រូវការកើនឡើង ជំរុញដឹកជញ្ជូនតាមផ្លូវអាកាស ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធវិស័យអាកាស ដោយបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ប្រភេទ 4E ក្រោមទឹកប្រាក់វិនិយោគ ១,១០០ លានដុល្លារសហរដ្ឋអាម៉េរិក ជាគម្រោង Build – Operate – Transfer (BOT) និង គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ នៅរាជធានីភ្នំពេញ ក្រោមទឹកប្រាក់វិនិយោគ ១,៥០០ លានដុល្លារសហរដ្ឋអាម៉េរិក ជាគម្រោងចម្រុះរដ្ឋ និងឯកជន ដែលរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល មានភាគហ៊ុនវិនិយោគ ១០% នៅក្នុងភាគហ៊ុន ១០០% បានសម្រេចនូវការសាងសង់បាន ៨៥% ហើយគ្រោងនឹងដាក់ដំណើរការផ្លូវការនៅឆមាសទី១ ឆ្នាំ២០២៥។

គួរបញ្ជាក់ថា ដើម្បីបន្តរួមចំណែកក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ ២០២៤-២០២៨ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ដាក់ផែនការ ជំរុញឱ្យមានកំណើនអ្នកធ្វើដំណើរនិងការដឹកជញ្ជូនទំនិញតាមផ្លូវអាកាស រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នឹងបន្តអនុវត្តគោលនយោបាយបើកចំហជើងមេឃ ពង្រឹងសុវត្ថិភាពនិងសន្តិសុខអាកាសចរណ៍ បន្តពង្រឹងនិងពង្រីកហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានជាតិ និងអន្តរជាតិ ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិទាំងទ្វេភាគី និងពហុភាគី ព្រមទាំងបន្តកិច្ចប្រឹងប្រែងបង្កើនការហោះហើរត្រង់មកកាន់កម្ពុជា ទាំងក្នុងតំបន់ តំបន់មជ្ឈឹមបូព៌ា និងជាពិសេសអឺរ៉ុប៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង