Cctimesw1140xh150cm copy

កម្ពុជា-វៀតណាមសម្ពោធ«ជើងហោះហើរត្រង់»ហាណូយ-ភ្នំពេញជាផ្លូវការ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ពិធីសម្ពោធ«ជើងហោះហើរត្រង់»ហាណូយ-ភ្នំពេញជាផ្លូវការ

ភ្នំពេញ៖កម្ពុជា និង វៀតណាម នៅថ្ងៃទី ២៧ តុលាម្សិលមិញ បានប្រកាសសម្ពោធជើងហោះហើរត្រង់រវាងរាជធានីភ្នំពេញ និងរដ្ឋធានីហាណូយជាផ្លូវការ ហើយរំពឹងនេះ នឹងចូលរួមចំណែកសម្រួលការធ្វើដំណើរតាមផ្លូវអាកាសរវាងប្រទេសទាំងពីរ តាមរយៈការផ្តល់នូវជម្រើសកាន់តែប្រសើរឡើងថែមទៀតជូនអ្នកដំណើរតាមផ្លូវអាកាស ជាពិសេសធុរៈជន និងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។

ការហោះហើរដឹកអ្នកដំណើរតាមផ្លូវអាកាសរវាងរាជធានីភ្នំពេញ និង រដ្ឋធានីហាណូយ គីជាលក្ខណៈហោះហើរត្រង់ (Direct Scheduled Flight) រវាងរាជធានី និង រដ្ឋធានីនយោបាយ និងសេដ្ឋកិច្ចនៃប្រទេសទាំងពីរ ដែលជាការបន្ថែមលើជើងហោះហើរជាប្រវត្តិសាស្ត្រ ហាណូយ-វៀងចន្ទន៍-ភ្នំពេញ-ហូជីមិញ បានចាប់ផ្តើមដំណើរការអស់ជាង២០ឆ្នាំកន្លងមក។

លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល មានជឿជាក់ថា ការបើកដំណើរការជើងហោះហើរត្រង់នេះ នឹងចូលរួមចំណែកសម្រួលការធ្វើដំណើរតាមផ្លូវអាកាសរវាងប្រទេសទាំងពីរ តាមរយៈការ ផ្តល់នូវជម្រើសកាន់តែប្រសើរឡើងថែមទៀតជូនអ្នកដំណើរតាមផ្លូវអាកាស ជាពិសេសធុរៈជននិងភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ។សម្រាប់លោក ហាវណ្ណាល់ ការសម្ពោធជើងហោះហើរត្រង់នាថ្ងៃនេះ នឹងក្លាយជានិមិត្តរូបនៃភាពជោគជ័យផ្លែផ្កាដល់ចំណងមិត្តភាពកាន់តែជិតស្និទ្ធនិងកិច្ចសហប្រតិបត្តិការគ្រប់វិស័យ នៃប្រទេសយើងទាំងពីរ។

យោងតាមរបាយការណ៍រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក្នុងរយៈពេល៩ខែនៃឆ្នាំ២០២៤នេះ ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក និងបរទេសចំនួន៣១ កំពុងតភ្ជាប់ជើងហោះហើរក្នុងតំបន់និងសកលលោកដោយក្នុងនោះ ពី៨ប្រទេសក្នុងតំបន់អាស៊ាន ចិន កូរ៉េខាងត្បូង ហុងកុង កោះតៃវ៉ាន់ ឥណ្ឌា រដ្ឋកាតា និង អេមីរ៉ាតអារ៉ាប់រួម និង បានទទួលអ្នកធ្វើដំណើរតាមផ្លូវអាកាសជាង ៤លាន ៥សែននាក់ ពោលគឺមានការកើនឡើង២២% ធៀបនឹងអំឡុងពេលដូចគ្នានៅឆ្នាំ២០២៣ ដែលមានចំនួនត្រឹមតែជាង ៣លាន ៧សែននាក់។ 

របាយការណ៍ដដែល បានអះអាងថា  ចាប់ពីពេលនេះតទៅ កម្ពុជាបានសម្រេចរៀបចំឱ្យមានការហោះហើរត្រង់ផ្សារភ្ជាប់ពីរាជធានី និង រដ្ឋធានីនៃបណ្តាប្រទេសអាស៊ានចំនួន៨ គឺបាងកក កូឡាឡាំពួ សិង្ហបូរី ហ្សាការតា ម៉ានីល វៀងចន្ទន៍ រ៉ងហ្គូន និងហាណូយ ដោយនៅខ្វះតែរាជធានីបានដាស៊េរីបេហ្កាវ៉ាន់ ប្រទេសព្រុយណេ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង