សៀមរាប៖ ខេត្តសៀមរាប នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤នេះ បានទទួលអំណោយរថយន្តចំនួន ៤គ្រឿង គឺរថយន្តសង្រ្គោះបន្ទាន់ ២គ្រឿង និង រថយន្តពន្លត់អគ្គិភ័យ ២គ្រឿង ពីខេត្ត Gyeonggi-do នៃសាធារណរដ្ឋកូរ៉េ ដើម្បីធានាឱ្យបានល្អនូវផ្នែកសន្តិសុខ សុវត្ថិភាព និង ការជួយសង្គ្រោះផ្សេងៗដល់ខេត្តសៀមរាប ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរឱ្យមានទំនាក់ទំនងល្អនឹងគ្នា ព្រមទាំងបានធ្វើការសិក្សាស្វែងយល់ អំពីសក្តានុពលរវាងគ្នា។
លោក លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប បានលើកឡើងពីសមទ្ធិផលនៃកិច្ចសហប្រតិបត្តិការរបស់មិត្តកូរ៉េ នៅលើទឹកដីខេត្តសៀមរាប ទៅលើហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ មន្ទីរពេទ្យ និងការផ្តល់នូវរថយន្តសង្គ្រោះ រថយន្តពន្លត់អគ្គិភ័យ ដើមី្បយកមកបម្រើការងារសង្គ្រោះ នៅក្នុងខេត្តសៀមរាប ។ ក្នុងនោះ លោកក៏បានថ្លែងអំណរគុណ ដល់គណៈប្រតិភូខេត្ត Gyeonggi-do ដែលបានលើកឡើងពីតម្រូវការពលករទៅធ្វើការងារនៅប្រទេសកូរ៉េ ក៏ជាការផ្តល់ឱកាសដល់ពលករកម្ពុជា បានទៅបម្រើ ការងារនៅកូរ៉េ ដែលមានប្រាក់ចំណូលខ្ពស់។
លោកបន្តថា ក្នុងកិច្ចទំនាក់ទំនងនេះដែរ នឹងផ្តល់ដល់អ្នកវិនិយោគសំខាន់ៗ មកពីបណ្តា ប្រទេសនានា ចូលមកវិនិយោគនៅកម្ពុជា សំខាន់វិនិយោគនៅខេត្តសៀមរាប។ លោកមានសង្ឃឹមជឿជាក់ថា កិច្ចទំណាក់ទំនងនេះ នឹងធ្វើឲ្យចំណងមិត្តភាពប្រទេសទាំងពីរ និងសម្ព័ន្ធមេត្រីភាពនៃខេត្តទាំងពីរ កាន់តែស្អិតរមួតរឹងមាំ យូអង្វែង និងធ្វើឲ្យអ្នកវិយោគមកពីខេត្ត Gyeonggi-do មកបណ្តាក់ទុនលើវិស័យទេសចរណ៍ វប្បធម៌ កសិកម្ម និង សេវាកម្មផ្សេងៗ នៅខេត្តសៀមរាប ។
លោក KIM Jin Kyung ប្រធានសភាខេត្ត Gyeonggi-do ក៏បានលើកឡើងថា ខេត្តសៀមរាប និង ខេត្ត Gyeonggi-do បានធ្វើកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងល្អនឹងគ្នា ព្រមទាំងបានធ្វើការសិក្សាស្វែងយល់ អំពីសក្តានុពល រវាងខេត្តទាំងពីរ ដោយផ្តោលសំខាន់លើវិស័យទេសចរណ៍ វប្បធម៌ កសិកម្ម អប់រំ សុខាភិបាល ពាណិជ្ជកម្មជាដើម ។ ចំពោះជំនួយជាសម្ភារៈ បរិក្ខា រថយន្តនេះ ជួយដល់ខេត្តសៀមរាបនេះ នឹង ធានាបានល្អនូវផ្នែកសន្តិសុខ សុវត្ថិភាព និង ការ ជួយសង្គ្រោះផ្សេងៗផងដែរ៕